គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បន្តផ្សព្វផ្សាយ ការហាមឃាត់ ការប្រើប្រាស់ ការឧបត្ថម្ភ ការចែកចាយ និងការផ្សព្វផ្សាយបារី និងបារីអេឡិចត្រូនិក (វេប)

212

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានបន្តផ្សព្វផ្សាយសេចក្ដីណែនាំស្តីពី ការហាមឃាត់ ការប្រើប្រាស់ ការឧបត្ថម្ភ ការចែកចាយ និងការផ្សព្វផ្សាយបារី និងបារីអេឡិចត្រូនិក (វេប) ទៅដល់អគ្គលេខាធិការ និងប្រធានគណៈកម្មការជំនាញនៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ សហព័ន្ធកីឡាទាំងអស់ និងសាធារណជនទូទៅ។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី«ដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រកួត កីឡាគ្មានផ្សែងថ្នាំជក់» នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ដែកបានធ្វើឡើងក្រោមវត្តមាន លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអនុប្រធានគណៈកម្មការពិធីបើក និងបិទគណៈកម្មការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ បានបញ្ជាក់នូវចំណុចសំខាន់ៗ៣ ត្រូវទទួលអនុវត្តរួមមាន៖

  • ហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា
  • ហាមឃាត់ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក (វេប) គ្រប់ទម្រង់នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិ ទីលានប្រកួតកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា
  • មិនទទួលការឧបត្ថម្ភនានារបស់ក្រុមហ៊ុនថ្នាំជក់ និងក្រុមហ៊ុនបារីអេឡិចត្រូនិក (វេប) ទោះក្នុងទម្រង់ឬគោលបំណងណាក៏ដោយ កីឡាគ្មានថ្នាំនឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនរួមមាន៖ ការពារកីឡាករ គ្រូបង្វឹក ទស្សនិកជន អ្នករៀបចំ និងអ្នកស្ម័គ្រចិត្ត ពីការស្រូបផ្សែងបារីពីគេប្រកបដោយគ្រោះថ្នាក់ ធានាបាននូវស្តង់ដារសុខភាពខ្ពស់សម្រាប់អ្នកទាំងអស់ដែលពាក់ព័ន្ធនឹងការប្រកួតកីឡានេះ លើកទឹកចិត្តនិងគាំទ្រអ្នកជក់បារីឱ្យផ្តាច់បារី បង្ការអ្នកមិនជក់បារី ជាពិសេសយុវវ័យពីការចាប់ផ្តើមជក់បារី រួមចំណែកបង្កើតវប្បធម៌គ្មានថ្នាំជក់ កាត់បន្ថយចំណាយលើការសម្អាត និងហានីភ័យនៃអគ្គីភ័យ។

នាឱកាសនោះដែរ លោក ហោ សារុន ក៏បានបន្តអំពាវនាវដល់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ និងអនុគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេម សហព័ន្ធកីឡា និងកីឡាជនពិការភាព កម្លាំងរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ និងយុវជនស្ម័គ្រចិត្ត ចូលរួមអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ លិខិតបទដ្ឋានគតិយុត្តនានា និងសេចក្ដីណែនាំស្តីពីការអនុវត្តគោលការណ៍ «កីឡាគ្មានថ្នាំជក់» នៅការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាឱ្យបានជោគជ័យ និងមានប្រសិទ្ធភាព។

លោក ហោ សារុន បានបន្ថែមទៀតថា សម្រាប់ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ និងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោកបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.អ បានយកចិត្តទុកដាក់គិតគូរប្រកបដោយយុទ្ធសាស្ត្រដើម្បីទប់ទល់ និងកាត់បន្ថយផលប៉ះពាល់ពីផលិតផលថ្នាំជក់មកលើអត្តពលិក ក្រុមយុវជនស្ម័គ្រចិត្ត និងសមត្ថកិច្ចពាក់ព័ន្ធនានា កម្ពុជាក៏មានគំនិតផ្តួចផ្តើមដាក់ឱ្យអនុវត្តគោលការណ៍ស្ដីពី «កីឡាគ្មានថ្នាំជក់» នៅក្នុងប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នេះផងដែរ។

សូមបញ្ជាក់ដែរថា ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍លើកទី២២ ជាព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអគ្នេយ៍គ្មានថ្នាំជក់លើកដំបូង ដែលប្រារព្ធឡើងនៅឆ្នាំ២០០៣ ហើយការប្រកួតកីឡាអាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ទៀតក៏បានអនុវត្តតាមគោលការណ៍កីឡាគ្មានថ្នាំជក់ផងដែរ ដោយប្រទេសជាម្ចាស់ផ្ទះបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍កីឡាគ្មានថ្នាំជក់នេះ។ ព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗ ដូចជាព្រឹត្តិការណ៍កីឡា FIFA ជាដើម សុទ្ធតែមានគោលការណ៍ហាមឃាត់យ៉ាងតឹងរ៉ឹងចំពោះការប្រើប្រាស់ ការផ្សាយពាណិជ្ជកម្ម និងការឧបត្ថម្ភ ក្នុងការប្រកួតទាំងមូល។

គួរបញ្ជាក់ថា នៅកម្ពុជាប្រជាពលរដ្ឋ ១៥ ០០០ស្លាប់ជារៀងរាល់ឆ្នាំ ដោយសារជំងឺដែលបង្កដោយថ្នាំជក់។ ជំងឺនាំមុខទាំង៥ មាន៖ (1) ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (2) ជំងឺស្ទះសរសៃឈាមបេះដូង (3) ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម (4) ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ (5) និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់៕

480×240 Banner