តើគេដាំដំណាំលើព្រះចន្ទដោយវិធីណា? ក្រុមអ្នកវិទ្យាសាស្ត្ររកឃើញ «វិធីសាស្ត្រថ្មី» (យល់ដឹង)

3,563

(អឺរ៉ុប)៖ បច្ចេកទេសថ្មីសម្រាប់កែច្នៃដីលើផ្ទៃព្រះចន្ទ នឹងអាចជួយជំរុញការលូតលាស់របស់រុក្ខជាតិនៅលើព្រះចន្ទផ្ទាល់បាន ដែលជាក្តីសង្ឃឹមសម្រាប់បេសកកម្មស្រាវជ្រាវ ដ៏យូរអង្វែងនៅលើព្រះចន្ទ។ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) និងក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មមួយ នៅប្រទេសន័រវេស «Solsys Mining» បានរួមគ្នាសិក្សាពីវិធីកែច្នៃដីព្រះចន្ទ ឬជាភាសាបច្ចេកទេសហៅថា រ៉េហ្គោលីស (regolith) ដើម្បីបង្កើតជីសម្រាប់រុក្ខជាតិ ដែលកំពុងលូតលាស់នៅលើផ្ទៃព្រះចន្ទ។

ការពិសោធន៍ពីមុនដោយប្រើសំណាកដីពីព្រះចន្ទ ដែលត្រូវបានយកមកផែនដីបានបង្ហាញថា រុក្ខជាតិអាចដុះលូតលាស់លើដីព្រះចន្ទបាន។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រ regolith ចំពោះដីព្រះចន្ទ គឺខ្វះបរិមាណជាក់លាក់នៃសមាសធាតុអាសូត ហើយវាបានកើនកំហាប់យ៉ាងខ្លាំង នៅពេលត្រូវសំណើម ដែលធ្វើឱ្យរុក្ខជាតិពិបាកក្នុងការចាក់ឬស និងរីកលូតលាស់។

វិធីសាស្ត្រ regolith (រូបភាពពី ESA)

យោងតាមសេចក្តីថ្លែងការណ៍មួយពី ESA បានឱ្យដឹងថា តាមរយៈការប្រើប្រាស់ បច្ចេកទេសកសិកម្មថ្មីមួយដំណាក់កាលទៀតឈ្មោះ ហាយដ្រូផូនិក (hydroponic) ក្រុមអ្នកស្រាវជ្រាវអាចដាំដំណាំដោយប្រើ «ទឹកសម្បូរសារធាតុចិញ្ចឹម» ជំនួសឱ្យដីមានជីជាតិ ដោយការទាញយកសារធាតុរ៉ែសំខាន់ៗចេញពីវិធីសាស្ត្រ regolith នោះមកប្រើប្រាស់វិញ។

លោកស្រី Malgorzata Holynska បុគ្គលិក និងជាវិស្វកររបស់ ESA បានពន្យល់ថា «ការងារនេះគឺចាំបាច់ណាស់ សម្រាប់ការស្រាវជ្រាវរយៈពេលវែង នៅលើព្រះចន្ទក្នុងថ្ងៃអនាគត។ ការសម្រេចបាននូវវត្តមាន ប្រកបដោយនិរន្តរភាព នៅលើព្រះចន្ទទៅបាន នឹងត្រូវពឹងផ្អែកទៅលើការប្រើប្រាស់ ធនធានដែលមានស្រាប់នៅទីនោះផ្ទាល់ និងការទទួលបានសារធាតុចិញ្ចឹម ដែលមាននៅក្នុងវិធីសាស្ត្រ regolith លើព្រះចន្ទ ជាមួយនឹងសក្តានុពលក្នុងការជួយដាំដុះរុក្ខជាតិ ប្រកបដោយប្រសិទ្ធភាព…»។

វិធីសាស្ត្រ hydroponic (រូបភាពពី ESA)

ការធ្វើកសិកម្មតាមវិធី hydroponic ពាក់ព័ន្ធនឹងការចិញ្ចឹមរុក្ខជាតិតាមឬសដោយផ្ទាល់ ជាមួយនឹងទឹកដែលសម្បូរសារធាតុចិញ្ចឹម ដោយមិនចាំបាច់ប្រើដីឡើយ។ ដោយមានជំនួយពីវិទ្យាស្ថានភូគព្ភសាស្ត្រ នៃប្រទេសន័រវេស និងស្ថាប័នពាក់ព័ន្ធរបស់ ESA ក្រុមអ្នកស្រាវជ្រាវបានបង្កើតវិធីសាស្រ្ត សម្រាប់បំបែកយកតែសារធាតុរ៉ែ ដែលមានប្រយោជន៍នៅក្នុងវិធីសាស្ត្រ regolith ប៉ុណ្ណោះ។

តើគេដាំដំណាំលើព្រះចន្ទដោយវិធីណា? ក្រុមអ្នកវិទ្យាសាស្ត្រទើបរកឃើញ «វិធីសាស្ត្រថ្មី» (យល់ដឹង)
រូបតំណាង (រូបភាពពីបរទេស)

តាមទ្រឹស្តីនេះ វិធីសាស្ត្រ regolith នឹងត្រូវឆ្លងកាត់ឧបករណ៍តម្រៀបគ្នា ដើម្បីទាញយក និងកែច្នៃសារធាតុរ៉ែដ៏មានប្រយោជន៍ ហើយបន្ទាប់មកពួកវានឹងត្រូវដាក់លាយក្នុងទឹក ហើយបញ្ចូលទៅក្នុងផ្ទះកញ្ចក់ ស្របតាមរបៀប hydroponic នោះទើបរុក្ខជាតិអាចដុះ ជាលក្ខណៈបញ្ឈរនៅលើផ្ទៃព្រះចន្ទ ដែលខ្សោយទំនាញនោះបាន។ ក្រុមហ៊ុន Solsys Mining បានទទួលជោគជ័យរួចទៅហើយ ក្នុងការដាំសណ្តែកដោយប្រើវិធីសាស្ត្រ regolith នៅក្នុងលំនៅឋានកែច្នៃឲ្យដូចបរិស្ថានលើព្រះចន្ទ ដែលប្រការនេះពិតជាកំពុងបង្កើន ក្តីសង្ឃឹមក្នុងការរក្សាវត្តមានមនុស្ស រយៈពេលយូរនៅលើព្រះចន្ទនាថ្ងៃអនាគត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣)

480×240 Banner