បរិមាណទឹកកកជុំវិញទ្វីបអង់តាកទិក ថយចុះមកនៅ «កម្រិតទាបបំផុត» មិនធ្លាប់មាន…

174

(បរទស)៖ ទិន្នន័យកាលពីអំលុងខែកុម្ភៈ ឆ្នាំ២០២៣ បានបង្ហាញថា បរិមាណទឹកកកលើផ្ទៃសមុទ្រ នៅព័ទ្ធជុំវិញទ្វីបអង់តាកទិក (Antarctica) នៅប៉ូលខាងត្បូងផែនដី បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន គិតចាប់តាំងពីការចាប់ផ្តើម ធ្វើកំណត់ត្រាដោយផ្កាយរណបក្នុងឆ្នាំ១៩៧៩ ។ ប៉ុន្តែទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹកកកមានកម្រិតទាបក៏ដោយ ក៏និន្នាការរយៈពេលវែងសម្រាប់ទឹកកកលើផ្ទៃសមុទ្រ នៅតំបន់ប៉ូលខាងត្បូង គឺមានលក្ខណៈរាបស្មើ (មិនឡើង និងមិនចុះ) នោះឡើយ។ ដោយឡែកសម្រាប់នៅតំបន់សមុទ្រទឹកកក អាក់ទិក (Arctic) នៃប៉ូលខាងជើងផែនដីវិញ បរិមាណទឹកកកបានធ្លាក់ចុះខ្លាំង ដែលប្រការនេះក៏កំពុងជំរុញឱ្យបរិមាណទឹកកក លើផ្ទៃសមុទ្រនៅពិភពលោក ធ្លាក់ចុះទៅតាមនោះដែរ។

ទឹកកកលើផ្ទៃសមុទ្រ (ដែលតែងតែកកើត និងរលាយតាមរដូវ) នៅជុំវិញទ្វីបអង់តាកទិក បានឈានដល់កម្រិតទាបបំផុតនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៣ មកនៅត្រឹម ១.៧៩ លានគីឡូម៉ែត្រក្រលា។ តួលេខនេះគឺស្មើនឹងការថយចុះក្នុងទំហំ ១៣០,០០០ គីឡូម៉ែត្រក្រលា នៅក្រោមកម្រិតទាបបំផុតពីមុន ដែលបានកើតមានឡើងកាលថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ ហើយភាពខុសគ្នានេះ គឺមានទំហំស្មើនឹងផ្ទៃក្រលារដ្ឋ ញូយ៉ក (New York) សហរដ្ឋអាមេរិកទាំងមូលឯណោះ។ វា​ជា​លើក​ទី​ ហើយ​ដែលក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​សង្កេត​ឃើញ​បរិមាណផ្ទាំង​ទឹកកក ​រួម​តូច​មកនៅក្រោម​ទំហំ ​២​លាន​គីឡូម៉ែត្រ​ក្រលា នៅទ្វីបអង់តាកទិកបែបនេះ។

ផែនទីថ្មីសម្រាប់ឆ្នាំ ២០២៣ (រូបភាពពី NASA)

ផែនទីថ្មីចុងក្រោយនេះពិតជាបង្ហាញ វិសាលភាពទឹកកកនៅថ្ងៃដែលគេកត់បាន កំណត់ត្រាទាបបំផុតរបស់វា។ ដើម្បីកំណត់វិសាលភាពនេះ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការអង្កេតតាមរយៈផ្កាយរណប ទៅលើវត្តមានទឹកកកក្នុងផ្ទៃសមុទ្រ ដោយក្តោបលើតំបន់ព័ទ្ធជុំវិញ ទ្វីបអង់តាកទិកទាំងមូលតែម្តង ហើយបន្ទាប់មកទើបធ្វើការគណនា ការបាត់បង់ទៅលើតំបន់នីមួយៗ ដែលគ្របដណ្តប់ដោយទឹកកកយ៉ាងតិច ១៥%។ តំបន់ដែលត្រូវបានគូសសញ្ញាពណ៌លឿង គឺបង្ហាញពីទំហំទឹកកកលើផ្ទៃសមុទ្រជាមធ្យម សម្រាប់អំលុងរៀងរាល់ខែកុម្ភៈ គិតចាប់ពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០១០ ។ គំនូសពណ៌លឿងនេះហើយ គឺជាកម្រិតស្ថិតនៅកណ្តាល (មធ្យម) ដើម្បីកំណត់ថា «បើទឹកកកកើនខ្លាំងបំផុត គឺនឹងលើសកម្រិតពណ៌លឿងនេះ តែបើធ្លាក់ចុះខ្លាំងវិញ គឺនឹងថយមកនៅក្រោមកម្រិតពណ៌លឿងវិញ»

ចំពេលស្ថានភាពមានការប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ និន្នាការនៃទឹកកកសមុទ្រ នៅតំបន់អង់តាកទិកនៅមុនឆ្នាំ ២០១៦ ជាទូទៅត្រូវបានមើលឃើញកំណើនបន្តិច សម្រាប់ពេលវេលាគ្រប់ខែទាំងអស់។ តែចាប់តាំងពីក្រោយឆ្នាំ ២០១៦ នោះមក បរិមាណទឹកកកក៏បានឈានដល់កម្រិតទាបបំផុតថ្មីៗជាលំដាប់ ដូចជានៅឆ្នាំ ២០១៧, ២០២២ ហើយចុងក្រោយគឺឆ្នាំ ២០២៣ នេះតែម្តង។

បរិមាណទឹកកកជុំវិញទ្វីបអង់តាកទិក ថយចុះមកនៅ «កម្រិតទាបបំផុត» មិនធ្លាប់មាន…
តំបន់ពណ៌សជាទ្វីបអង់តាកទិក នៃប៉ូលខាងត្បូងផែនដី (រូបភាពពី NASA)

ជុំវិញលទ្ធផលអង្កេតខាងលើនេះ លោក Walt Meier អ្នកវិទ្យាសាស្ត្រសិក្សាអំពី ទឹកកកលើផ្ទៃសមុទ្រនៅមជ្ឈមណ្ឌលទិន្នន័យព្រិល និងទឹកកកជាតិ (NSIDC) នៃសហរដ្ឋអាមេរិកបានពន្យល់ថា «មានការពិភាក្សាខ្លះអំពីទឹកកកសមុទ្រជុំវិញទ្វីបអង់តាក់ទិក ដែលកំពុងឆ្លងកាត់ការផ្លាស់ប្តូរបរិមាណ ចាប់តាំងពីឆ្នាំ ២០១៦ ឆ្ពោះទៅរកកម្រិតទាបជាងកម្រិតជាទូទៅ ហើយនេះប្រហែលជាបណ្តាលមកពី ការឡើងកំដៅភពផែនដី…»

ទោះជាបែបនេះក្តី អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ជាចុងក្រោយថា «…ប៉ុន្តែវាពិបាកណាស់ក្នុងការនិយាយថា ចំណុចនេះ (ការថយចុះចំនួនទឹកកក) ត្រូវបានជំរុញដោយការឡើងកំដៅផែនដី ឬគ្រាន់តែជាការប្រែប្រួល ក្នុងរយៈពេលច្រើនឆ្នាំ ជាបណ្តោះអាសន្ននោះ…»៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃសៅរ៍ ទី១៨ ខែមីនា ឆ្នាំ២០២៣)

480×240 Banner