Breaking៖ រកឃើញ «បាក់តេរីថ្មី» ដ៏គួរឲ្យភ្ញាក់ផ្អើលក្នុងសមុទ្រ និងមានប្រយោជន៍ដល់ ការរុករកជីវិតនៅទីឋានដទៃ
(បរទេស)៖ នៅក្នុងសមុទ្រដ៏ជ្រៅរបស់ភពផែនដី ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញ បាក់តេរី (bacteria) ប្រភេទថ្មី ស្ថិតនៅក្នុងចរន្តទឹក (plume) នៃបំភាយទឹកក្តៅបញ្ចេញដោយតំបន់ពោពេញរន្ធនៅបាតសមុទ្រ (submarine hot springs) ហើយប្រការនេះត្រូវបានគេទាញទៅរកការវិភាគអំពីជីវិតប្រភេទនេះ ដែលអាចកើតមាននៅក្នុងសមុទ្រក្រោមទឹកកកនៃព្រះចន្ទយូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ (Jupiter) និង អ៊ែនសេឡាដឹស (Enceladus) របស់ភពសៅរ៍ (Saturn) ថែមទៀតផង។
បាតេរីថ្មីខាងលើនេះ ត្រូវបានដាក់ឈ្មោះឲ្យថា Sulfurimonas pluma។ វាជាអំបូរជាមួយពពួកអតិសុខុមប្រាណមួយប្រភេទទៀត ដែលគេឃើញមានតែនៅក្នុង រន្ធភ្នំភ្លើងបាតសមុទ្រ (volcanic vents) ប៉ុណ្ណោះ ព្រោះតែពួកវាមិនអាចស៊ូទ្រាំទៅនឹងបរិស្ថានក្នុងទឹកនៅកន្លែងផ្សេងៗទៀត ដែលមានកំហាប់អុកស៊ីហ្សែនខ្លាំងនោះឡើយ។ ហេតុដូច្នេះទើបក្រុមអ្នកវិទ្យាសាស្ត្រ មានការភ្ញាក់ផ្អើលចំពោះការរកឃើញបាក់តេរីថ្មីនេះ ដែលមានទំហំតូចជាងអំបូរដើមរបស់ពួកវាទៅទៀត តែអាចរស់នៅក្នុងចរន្តទឹកក្តៅមានកំហាប់អុកស៊ីស៊ែនខ្ពស់ និងស្ថិតនៅចម្ងាយតែប៉ុន្មានរយម៉ែត្រពីគ្នាប៉ុណ្ណោះ។

ជុំវិញការរកឃើញខាងលើនេះ អ្នកវិទ្យាសាស្ត្រ Massimiliano Molari មកពីវិទ្យាស្ថាន Max Planck ប្រទេសអាល្លឺម៉ង់បានប្រាប់សារព័ត៌មាន SPACE ថា «វាជាក្តីរំភើបរីករាយ ដែលយើងរកឃើញអតិសុខុមប្រាណទាំងនេះ… ពួកវាមិនត្រឹមតែមានចំនួនច្រើនប៉ុណ្ណោះទេ ហើយថែមទាំងមានសកម្មភាពខ្លាំង នៅក្នុងបំភាយទឹកក្តៅ (ចេញពីរន្ធបាតសមុទ្រ) ទៀតផង។ បាក់តេរីប្រភេទនេះ មិនធ្លាប់ត្រូវបានរកឃើញពីមុនមកឡើយ នៅក្នុងបរិស្ថានបែបនេះ»។

ក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ទៀតថា «ការផ្លាស់ប្តូរហ្សែនមួយក្នុងចំណោមហ្សែនទាំងនោះ បានធ្វើឱ្យបាក់តេរីមានសមត្ថភាពទទួលបានថាមពលពីប្រភពជាច្រើន ដែលជាមូលហេតុនាំឲ្យវា ត្រូវបានគេឃើញយ៉ាងពេញលេញ នៅជិតរន្ធ (ភ្នំភ្លើង) ដែលសំបូរទៅដោយអ៊ីដ្រូសែននៅបាតសមុទ្រ ក៏ដូចជាពពុះនៃបំភាយទឹកក្តៅ ដែលសំបូរទៅដោយអុកស៊ីហ្សែន នៅចម្ងាយរាប់ពាន់គីឡូម៉ែត្រពីនោះ»។

គួរបញ្ជាក់ថា លទ្ធផលខាងលើនេះកំពុងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ កាន់តែភាពជឿជាក់ខ្លាំងឡើង ទៅលើការសិក្សាស្វែងរកជីវិតនៅទីឋានដ៏ទៃក្រៅពីភពផែនដី តួយ៉ាងដូចជានៅក្នុងសមុទ្រក្រោមទឹកកកនៃព្រះចន្ទ Europa និង Enceladus ដែលអាចមានបរិស្ថានស្រដៀងនឹង តំបន់ភ្នំភ្លើងបាតសមុទ្ររបស់ភពផែនដីដូច្នេះដែរ។ អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់លោក Chris German បានលើកឡើងថា «ផែនដីនេះមានពោពេញដោយអតិសុខុមប្រាណដ៏សំបូរបែបនៅក្នុងមហាសមុទ្រនានា…។ ការរកឃើញនេះ ជាការទម្លុះរនាំងដ៏ធំមួយ សម្រាប់ការសន្មត់របស់យើងដែលថា ទីឋានដទៃទៀតក្នុងប្រព័ន្ធព្រះអាទិត្យ ក៏អាចមានវត្តមានពួកវាដែរ…»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី១៩ ខែមីនា ឆ្នាំ២០២៣)