តើកត្តាអ្វីជំរុញឲ្យមានពន្លឺប៉ូល (Aurora) ក្នុងព្រឹត្តិការណ៍ Equinox ថ្ងៃទី២១ ខែមីនា? (យល់ដឹង)

588

(បរទេស)៖ ខណៈពេលដែលប្រទេសកម្ពុជាយើង កំពុងត្រៀមទស្សនាព្រឹត្តិការណ៍ សមរាត្រី ឬ Equinox ដែលជាពេលព្រះអាទិត្យរះចំពីលើ កំពូលប្រាសាទអង្គរវត្ត នាពេលព្រឹកថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ (ជាពេលល្អបំផុត) ខាងមុខនេះ នៅបរទេសឯណោះវិញគេកំពុងចាប់អារម្មណ៍ទៅលើ ឱកាសដែលពន្លឺសំរាំងប៉ូល (អូរ៉ូរ៉ា ឬ Aurora) នឹងបង្ហាញវត្តមានពីលើតំបន់ប៉ូលផែនដី និងប្រកបដោយភាពចំរុះពណ៌ជាងពេលធម្មតាទៅទៀត។

ព្រឹត្តិការណ៍ Equinox តែងតែកើតមានឡើងពីរលើកក្នុងមួយឆ្នាំ នោះគឺនៅអំលុងចុងខែមីនាម្តង និងចុងខែកញ្ញាម្តង។ នៅក្នុងឱកាសទាំង ២ នេះ ការបង្ហាញវត្តមាននៃពន្លឺ Aurora នឹងឈានដល់កម្រិតកំពូល (peak) ដែលមានន័យថា វិសាលភាពនៃពន្លឺសំរាំងប៉ូលនេះ នឹងមានកាន់តែច្រើនលើផ្ទៃមេឃ បូករួមទាំងភាពចម្រុះពណ៌ក៏ខ្លាំងជាងពេលធម្មតាផងដែរ។

តើកត្តាអ្វីជំរុញឲ្យមានពន្លឺប៉ូល (Aurora) ក្នុងព្រឹត្តិការណ៍ Equinox ថ្ងៃទី២១ ខែមីនា? (យល់ដឹង)
ដំណាក់កាលនៃកើតមានព្រឹត្តិការណ៍ Solstices និង Equinoxs របស់ផែនដី (រូបភាពពីបរទេស)

ព្រឹត្តិការណ៍បែបនេះតែងតែកើតឡើង នៅពេលដែលអ័ក្សរង្វិលខ្ញាល់របស់ផែនដី ឈានដល់ដំណាក់កាលត្រូវប្រែប្រួល (ទ្រេត) នៅក្នុងដំណើរគោចររបស់ភពនេះជុំវិញព្រះអាទិត្យ ដែលមានរយៈពេល ៣៦៥ថ្ងៃ ១២ខែ ក្នុងមួយជុំ ដែលស្មើនឹងមួយឆ្នាំនោះ។ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការសិក្សាជាយូរមកហើយ អំពីដំណើរប្រែប្រួលនេះ ក្នុងន័យយល់ដឹងឲ្យបានស៊ីជម្រៅថា តើអ្វីទៅដែលបានជំរុញឲ្យព្យុះព្រះអាទិត្យកើតឡើង នៅអំលុងពេលនៃព្រឹត្តិការណ៍ Equinox លើផែនដីនោះ។

ដើម្បីបកស្រាយចំពោះចម្ងល់នេះ គឺយើងត្រូវមើលទៅការតម្រឹម (alighment) នៃដែនម៉ាញេទិចភពផែនដី។ ទោះបីជាប៉ូលម៉ាញេទិចផែនដី (magnetic poles) មិនស៊ីសង្វាក់គ្នាទៅនឹង ប៉ូលភូមិសាស្ត្រទាំង ២ (ប៉ូលខាងជើង និងខាងត្បូងផែនដី) ក៏ដោយ ក៏ប៉ូលម៉ាញេទិចទាំងនេះ នៅតែរេរាដោយផ្សាភ្ជាប់យ៉ាងស្មោះស្ម័គ្រជានិច្ចទៅនឹងព្រះអាទិត្យ។ ឱកាស ២ដងក្នុងមួយឆ្នាំ (ព្រឹត្តការណ៍ Equinoxes ទាំង លើក) ជាពេលផែនដីគោចរដល់ចំណុចត្រូវជួបការទ្រេតនៃអ័ក្សរង្វិលខ្ញាល់របស់ខ្លួន ហើយអំលុងនៃការទ្រេតនោះហើយ ដែលក្លាយជាឱកាសសម្រាប់ឲ្យ ភាគល្អិតផ្ទុកបន្ទុកអគ្គិសនី (charged particles) ពីព្រះអាទិត្យ (ជះមកតាមរយៈខ្យល់ព្រះអាទិត្យ (Solar Wind) ព្យុះព្រះអាទិត្យ (Solar Storm)) ចូលមកធ្វើប្រតិកម្មជាមួយភាគល្អិត នៅក្នុងស្រទាប់បរិយាកាសផ្នែកខាងលើរបស់ផែនដី រួចក៏បង្កើតចេញជាពន្លឺ Aurora ប្រមូលផ្តុំនៅលើតំបន់ប៉ូលនោះ។

ដំណើរនៃការកកើត Aurora (រូបភាពពីបរទេស)

ក្រុមអ្នកវិទ្យាសាស្ត្រផ្សេងទៀត ក៏បានធ្វើការពន្យល់បន្ថែមអំពីប្រធានបទនេះផងដែរ តែពួកគេមិនសូវគាំទ្រចំពោះការលើកឡើងខាងលើនេះទេ ហើយបានធ្វើការពន្យល់បែបនេះវិញថា ការសម្លឹងមើលតាមរយៈបន្ទាត់វាស់វែង azimuthal component ដោយការសម្លឹងមើលទិសត្រង់ប៉ូលរបស់ផែនដី ដែលនឹងនាំឲ្យយើងអង្កេតឃើញដំណើរឡើងលើ និងចុះក្រោម។ នៅពេលផែនដីឈានដល់ដំណាក់កាល ត្រូវកើតមានព្រឹត្តិការណ៍ Equinox នោះ azimuthal component នៃដែនម៉ាញេទិចផែនដីនោះក៏តម្រង់ភ្ជាប់ (lines up) ទៅកាន់ព្រះអាទិត្យតែម្តង។ ទោះជាបែបនេះក្តី វាមិនមែនជាការបើកដៃឲ្យខ្យល់ព្រះអាទិត្យ ចូលមកកាន់ផែនដីតែម្តងឡើយ តែវាជាឱកាសដែលដែនម៉ាញេទិចទាំងពីរនេះ បញ្ឈប់ការមានទិសដៅផ្ទុយគ្នាប៉ុណ្ណោះ។

ដំណើរនៃការកកើត Aurora (រូបភាពពីបរទស)

សរុបសេចក្តីមក ព្រឹត្តិការណ៍ Equinox ទាំង លើកក្នុងមួយឆ្នាំនេះ នៅតែក្លាយជាឱកាស សម្រាប់ឲ្យបាតុភូតពន្លឺ Aurora កកើតឡើងក្នុងចំនួនច្រើន និងសកម្មភាពកញ្ជ្រោលខ្លាំងជាងពេលធម្មតា ព្រោះវាជាពេលដែលដែនម៉ាញេទិចផែនដី និងព្រះអាទិត្យបញ្ចប់ភាពផ្ទុយគ្នា ហើយកំលុងនៃការបញ្ចប់នោះ វាបានកើតមានចន្លោះដែលអាចឲ្យខ្យល់ព្រះអាទិត្យ ចូលមកកាន់ស្រទាប់បរិយាកាសផ្នែកខាងលើរបស់ផែនដី។ ទោះបីជាបែបនេះក្តី ក្រុមអ្នកវិទ្យាសាស្ត្រនៅតែអះអាងថា យើងមិនទាន់ដឹងអ្វីច្រើនឡើយ អំពីកត្តាដែលជំរុញឲ្យកើតមាន Aurora នោះឡើយ ហើយយើងក៏មិនទាន់អាចសន្មត់យ៉ាងច្បាស់លាស់តែម្តងថា Solar Wind និង ដែនម៉ាញេទិចផែនដី ពិតជាអ្វីដែលតែងតែជំរុញឲ្យមាន Aurora ទាំងនោះដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣)

480×240 Banner