អាចម៍ផ្កាយមុខកាត់ជាង «៦០ម៉ែត្រ» នឹងចល័តមកកៀកផែនដី (កៀកជាងព្រះចន្ទ) (មានវីដេអូ)
(បរទេស)៖ អាចម៍ផ្កាយមួយដុំដែលទើបត្រូវបានរកឃើញ និងមានមុខកាត់ប្រមាណ ៦៤ម៉ែត្រនោះ នឹងចល័តមកកៀកភពផែនដីបំផុត នៅពេលទាបភ្លឺថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ ឆាប់ៗខាងមុខនេះ។ អាចម៍ផ្កាយដែលមានឈ្មោះសម្គាល់ថា 2023 DZ2 នេះត្រូវបានរកឃើញដោយមន្ទីរអង្កេតតារា ឡា ផាល់ម៉ា (La Palma) ស្ថិតនៅលើប្រជុំកោះ ខែនណារី (Canary Islands) នៃប្រទេសអេស្ប៉ាញ។
សម្រាប់ពេលវេលាជាក់លាក់ដែល 2023 DZ2 នឹងគោចរមកកៀកផែនដីបំផុតនោះ គឺនៅម៉ោង ១៩៖៥២នាទី (ម៉ោងសកល) ថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ ត្រូវនឹងម៉ោង ២៖៥២នាទីទាបភ្លឺថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣ (ម៉ោងនៅទីក្រុងភ្នំពេញ) ដោយវានឹងមានគម្លាតស្មើតែពាក់កណ្តាលប៉ុណ្ណោះ នៃគម្លាតរវាងផែនដី និងព្រះចន្ទ (ព្រះចន្ទមានចម្ងាយជាមធ្យម ៣៨០,០០០គីឡូម៉ែត្រពីផែនដី)។

យ៉ាងណាក៏ដោយ 2023 DZ2 ត្រូវបានក្រុមអ្នកអង្កេតនៃមន្ទីរ La Palma អះអាងថា មិនអាចគំរាមកំហែងដល់ភពផែនដីនោះឡើយ ប៉ុន្តែសម្រាប់ឆ្នាំ២០២៦ ខាងមុខនេះ នឹងជាឱកាសផ្សេងមួយទៀត។ ងាកទៅមើលអានុភាពរបស់អាចម៍ផ្កាយខ្នាតតូចនេះវិញ យើងអាចធ្វើការប្រៀបធៀបជាមួយ អាចម៍ផ្កាយ Chelyabinks ដែលបានវាយប្រហារប្រទេសរុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០១៣ និងបានបង្កឲ្យមនុស្ស ១,៥០០នាក់រងរបួស ព្រមទាំងអគារខូចខាតជាច្រើនខ្នងទៀតនោះបាន ព្រោះ Chelyabinks នោះមានមុខកាត់តែ ២០ម៉ែត្រប៉ុណ្ណោះ។

គួរបញ្ជាក់ថា 2023 DZ2 ត្រូវបានកត់បញ្ចូលទៅក្នុង បញ្ជីវត្ថុអវកាសកៀកៗផែនដី NEO (Near Earth Object) ហើយវាតែងតែគោចរជុំវិញព្រះអាទិត្យ មួយជុំប្រើប្រាស់ពេល ៣.១៧ឆ្នាំ នៃពេលវេលាលើផែនដី។ ដោយឡែកនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ខាងមុខ អាចម៍ផ្កាយនេះអាចមានឱកាស ១/៤៣០ ក្នុងការបុកភពផែនដី។ សម្រាប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ វានឹងហោះមកកៀកផែនដីក្នុងល្បឿនជិត ៨គីឡូម៉ែត្រក្នុង១វិនាទី ហើយតេឡេស្កូបមានទំហំមុខកាត់ធំៗ អាចចាប់យកទិដ្ឋភាពអាចម៍ផ្កាយនេះបាន ព្រោះវានឹងចល័តមកកៀកផែនដី ស្មើនឹងតែ ០.៥ដង នៃគម្លាតរវាងផែនដី និងព្រះចន្ទប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Earth Sky (ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣)