នេះជាលទ្ធផលមិនល្អឡើយចំពោះការស្វែងរក ភពអេលៀន (Alien) ជុំវិញផ្កាយ Red Dwarf (លទ្ធផលសិក្សាថ្មី) (មានវីដេអូ)
(បរទេស)៖ ដូចលោកអ្នកបានដឹងរួចហើយថា ការស្រាវជ្រាវរកភពនៅប្រព័ន្ធផ្កាយផ្សេង ដែលអាចមានលទ្ធភាពទ្រទ្រង់ជីវិតនោះ គឺបាននិងកំពុងផ្តោតសំខាន់ទៅលើ ជំពូកផ្កាយស្រដៀងនឹងព្រះអាទិត្យយើងផង និងជំពូកផ្កាយក្រហមទំហំតូច (red dwarf) ផង ហើយកន្លងមកនេះ ជំពូកផ្កាយដែលគេស្គាល់ជាទូទៅថា red dwarf នេះត្រូវបានផ្តល់ក្តីសង្ឃឹមខ្លាំងជាងគេ។
ប៉ុន្តែសម្រាប់លទ្ធផលសិក្សាថ្មីនេះ បែរជាធ្វើឲ្យការរុករកភព ដែលអាចមានលទ្ធភាពស្វាគមន៍ជីវិត ឬកំពុងលាក់ជីវិត អេលៀន (Alien) កាន់តែស្រពិចស្រពិល ឬពិបាកថែមមួយកម្រិតទៀត ព្រោះពពួកផ្កាយ red dwarf ភាគច្រើនដែលយើងធ្លាប់គិតថាស្ងប់ស្ងាត់នោះ តាមការពិតជាប្រភេទផ្កាយកញ្ជ្រោលរោលរាលខ្លាំងជាងព្រះអាទិត្យរបស់យើងទៅវិញ។ ពពួកផ្កាយ Red dwarfs ត្រូវបានក្រុមតារាវិទូហៅជាផ្លូវការថា «M dwarf» ដែលពិតជាសំបូរខ្លាំងណាស់ នៅក្នុងកាឡាក់ស៊ី Milky Way របស់យើង។

ការសិក្សាថ្មីបានរកឃើញថា ពពួកផ្កាយជំពូក M dwarf នេះ តែងតែរក្សាភាពស្ងប់ស្ងាត់ នៅក្នុងរយៈពេលយូរ រួចទើបវាជះចេញនូវ អណ្តាតភ្លើង (flare) ម្តង ហើយខ្លាំងជាង flare ដែលព្រះអាទិត្យជះចេញឆ្ងាយខ្លាំងណាស់។ ក្រុមតារាវិទូបានហៅព្រឹត្តិការណ៍នោះថា ការជះចេញនូវអណ្តាតភ្លើងដ៏មហិមា (superflare) ពីពពួកផ្កាយ M dwarf ឬ red dwarf ហើយសម្រាប់ផ្កាយដែលមានវ័យក្មេងទៀតនោះ ការជះចេញនូវអណ្តាតភ្លើង នឹងកាន់តែខ្លាំងមហិមាជាងផ្កាយមានវ័យចាស់ទុំ។

យើងធ្លាប់បានដឹងឮបញ្ហានេះរួចមកហើយ អំពីផ្កាយ Proxima Centauri ដែលមានចម្ងាយ ៤.២ឆ្នាំពន្លឺពីផែនដីនោះ ព្រោះវាក៏ជាប្រភេទ M dwarf ដែរ។ ក្រុមតារាវិទូកាលពីប៉ុន្មានឆ្នាំមុននេះ បានសន្មត់ថា ភព Proxima B របស់ផ្កាយនេះ មិនអាចឲ្យជីវិតកកើតឡើងបានឡើយ ព្រោះតែផ្កាយ Proxima Centauri តែងតែជះចេញនូវ flare យ៉ាងខ្លាំងក្លាបំផុត ដែលល្មមឲ្យជីវិតគ្រប់យ៉ាងនៅលើភពនោះ រលាយសាបសូន្យ បើទោះបីជាភពនោះត្រូវបានគេដឹងថា ស្ថិតក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (habitable zone) ក៏ដោយ។ Flare គឺជារលកកម្តៅ និងផ្ទុកទៅដោយធាតុវិទ្យុសកម្មកម្រិតខ្ពស់ពីផ្កាយ ដែលទាំងអស់នេះជាសត្រូវធំបំផុតនៃជីវិតលើភពមួយ។

តើ «superflare» មានឥទ្ធិពលដល់កម្រិតណា? បើតាមលទ្ធផលសិក្សាថ្មីនៅក្នុងឆ្នាំ២០២៣ នេះ ក្រុមតារាវិទូបានអះអាងថា superflare ដែលជះចេញពីពពួកផ្កាយ red dwarf គឺខ្លាំងជាង flare ដែលព្រះអាទិត្យយើងជះចេញ ចាប់ពីទំហំ ១០០ដង រហូតដល់ទៅ ១,០០០ដង ឯណោះ។ កម្រិតដ៏សាហាវនេះ អាចលាងជម្រះបរិយាកាសភព ដែលគោចរនៅក្បែរផ្កាយនោះ ឲ្យរលាយស្អាតសល់តែសំបកភព ហើយប្រសិនបើភពដែលមានទឹកលើផ្ទៃស្រទាប់លើវាវិញ ក៏អាចត្រូវដុតឲ្យទៅជាចំហាយ រួចរសាត់ទៅកាន់ទីអវកាសអស់ផងដែរ ទោះបីជាភពនោះ ស្ថិតនៅតំបន់អំណោយផលដល់ការកកើតជីវិត (habitable zone) ក៏ដោយ។

ងាកមកកាន់ប្រព័ន្ធផ្កាយ TRAPPIST-1 ដ៏ល្បីល្បាញ ដែលមានភពទំហំប្រហាក់ប្រហែលផែនដីចំនួន ៧ គោចរជុំវិញវាវិញនោះ យ៉ាងហោចណាស់ភពចំនួន ៣ (Trappist-1 d, e និង f) ត្រូវបានគេដឹងថា ស្ថិតនៅក្នុង Habitable Zone។ ប៉ុន្តែ TRAPPIST-1 គឺជាផ្កាយស្ថិតក្នុងជំពូក red dwarf, ដូច្នេះប្រសិនបើវាជះចេញនូវ អណ្តាតភ្លើងធំមហិមា (superflare) ដូចដែលផ្កាយ Proxima Centauri ត្រូវបានគេអង្កេតឃើញកាលពីឆ្នាំ ២០១៩ នោះ លទ្ធភាពនៃភពទាំង ៣ ខាងលើនេះ ដែលអាចកើតមានជីវិត ក៏កាន់តែតិចតួចស្តួចស្តើងទៅតាមនោះដែរ។

គួរបញ្ជាក់ថា លទ្ធផលសិក្សាថ្មីខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រុមតារាវិទូមកពី ប្រទេសបារាំង, ព័រទុយហ្គាល់ និងស្វីស ដោយពួកគេបានធ្វើការប្រមូលផ្តុំ ទិន្នន័យសំខាន់ៗពីការអង្កេតផ្កាយ red dwarf ចំនួន ១៧៧ដួង គិតចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០២០ ដោយប្រើប្រាស់ឧបករណ៍អង្កេត HARPS ដែលជាឧបករណ៍ដ៏មានអានុភាពមួយត្រូវបានបំពាក់ជាមួយនឹង តេឡេស្កូប La Silla មានមុខកាត់ ៣.៦ម៉ែត្រ របស់អង្គការអឺរ៉ុប ESO។ ជាលទ្ធផល, ៧៥% នៃផ្កាយ ៥៧ដួង (បានទទួលការអង្កេតលម្អិត) ក្នុងចំណោមផ្កាយសរុប ១៧៧ដួង (ជាបេក្ខភាព) នៃការអង្កេតនោះបានបង្ហាញថា ការជះ superflare អាចកើតឡើងនៅចន្លោះពេលចាប់ពី ១ឆ្នាំ ទៅ ២០ឆ្នាំ ហើយសូម្បីតែផ្កាយដែលធ្លាប់ស្ងប់ស្ងាត់បំផុតនោះ ក៏អាចកើតមានការកញ្ជ្រោលបែបនេះដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣)