គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវបង្កើនការត្រួតពិនិត្យ ការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក ក្នុងបរិវេណគ្រឹះស្ថានរបស់ខ្លួន

106

(ភ្នំពេញ)៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ បង្កើនការត្រួតពិនិត្យការហាមឃាត់ការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូនិក នៅក្នុងបរិវេណគ្រឹះស្ថានរបស់ខ្លួន ស្របតាមអនុសាសន៍ដែលបានលើកឡើងនៅក្នុងស្រាវជ្រាវ ស្តីពីការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល អេចឆិ៍ ធី ភី នៅតាមគ្រឹះស្ថានសិក្សា ដែលធ្វើឡើងដោយក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីនេះ។

លោកជំទាវ គឹម សេដ្ឋានី បានលើកឡើងដូចនេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្តីពីការអង្គេត និងផលប៉ះពាល់នៃការប្រេីប្រាស់បារីអេឡិចត្រូនិច នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៣ នៅមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ដោយមានការចូលរួមពីគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបផងដែរ។

ការស្រាវជ្រាវនេះក៏បានសំណូមពរបន្ថែមដល់ក្រសួង /ស្ថាប័នមានសមត្ថកិច្ច គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ពិសេសការផ្សព្វផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម ជាអាទិ៍ ហ្វេសប៊ុក (Facebook) តិកតុក (Tik Tok) អ៊ីនស្តាក្រាម(Instagram)។ល។ ដែលជាប្រភពចម្បងនៃចែកចាយបារីអេឡិចត្រូនិកដល់កុមារនិងយុវជនវ័យក្មេង។ ជាងនេះទៀតក្រសួង ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុក គប្បីពិនិត្យលទ្ធភាពគ្រប់គ្រង ហាមឃាត់ការនាំចូលបារីអេឡិចត្រូនិក និងផលិតផលអេចឈ៍ ធី ភី គ្រប់ប្រភេទ ក្នុងគោលបំណងបង្ការធនធានយុវជន និងកុមារ ពីការបំផ្លាញសុខភាពនិងអនាគតដោយផលិតផលនេះ។

ការស្រាវជ្រាវរកឃើញថា សិស្សច្រើនលើសលុបបានដឹងនិងស្គាល់ពីបារីអេឡិចត្រូនិក និងច្រើនជាង ៥០%បានស្គាល់តាមរយៈបណ្ដាញព័ត៌មានសង្គម ដូចជាហ្វេសប៊ុក និងទិកតុក ជាដើម។ ទន្ទឹមនឹងនេះ មានគ្រូនិងសិស្សជាង៦០% បានបញ្ជាក់ថា មិនបានយល់ដឹងពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក ឡើយ។ ពួកគាត់យល់ថាអ្នកដែលបាននិងកំពុងប្រើបារីអេឡិចត្រូនិកនោះគឺដោយសារតែជឿតាមការឃោសនា របស់អ្នកលក់ថាជាម៉ាស៊ីនផ្ដាច់បារីនិងមានសុវត្ថិភាព។

ការស្រាវជ្រាវនេះបានបង្ហាញថា ហាមឃាត់ការប្រើប្រាស់និងការចែកចាយបារីអេឡិចត្រូនិកនិងផលិតផលអេចឈ៍ ធី ភី(HTPs) នៅគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនកន្លងមក គឺមានប្រសិទ្ធភាពល្អ ប៉ុន្តែទន្ទឹមគ្នានេះការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់អវិជ្ជមានទៅលើសុខភាពនិងសុខុមាលភាពធនធានមនុស្សកម្ពុជា ដែលបង្កដោយការសេពបារីអេឡិចត្រូនិក និងផលិតផល អេចឈ៍ ធី ភី ហាក់នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងគោលដៅគោលនយោបាយលើកកម្ពស់សុខភាពសិក្សានៅឡើយ។

គួរបញ្ជាក់ផងដែរថា ការប្រើប្រាស់ ការធ្វើអាជីវកម្ម និងការនាំចូលបារីអេឡិចត្រូនិក នៅព្រះរាជាណាចក្រកម្ពុជា ត្រូវបានហាមឃាត់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ លុះដល់ឆ្នាំ២០២១ កម្ពុជាយើងបានហាមឃាត់បន្ថែមទៀតលើការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ផលិតផលអេចឈ៍ ធី ភី (HTPs) បន្ថែមទៀត៕

480×240 Banner