តើប្រទេសណាឆ្លងចូលឆ្នាំ២០២៥មុនគេបង្អស់ និងប្រទេសណាឆ្លងក្រោយគេបង្អស់់? (យល់ដឹង)
(បរទេស)៖ អត្ថបទថ្មីនេះគឺមិនសូវខុសពីឆ្នាំមុនទេ តែយើងមានបន្ថែមនូវចំណុចថ្មីមួយទៀត នោះគឺប្រទេសដែលឆ្លងឆ្នាំក្រោយគេបំផុត។ ជាការពិតណាស់ល្វែងម៉ោងលើផែនដី គឺមនុស្សជាអ្នកបង្កើតឡើងប៉ុណ្ណោះ ប្រការនេះហើយទើបយើងអាចកំណត់ពេលវេលា ទៅតាមតំបន់និមួយៗបាន ព្រោះតែភពផែនដីមានរាងមូលនោះអី។
ការបង្កើតល្វែងម៉ោងដំបូងបំផុត ត្រូវបានធ្វើឡើងតាមគំនិតរបស់វិស្វករជនជាតិកាណាដា មួយរូបគឺលោក Sanford Fleming កាលពីឆ្នាំ១៨៧៨ ដោយបែងចែកពិភពលោកជា ២៤ល្វែងម៉ោង ខណៈមួយល្វែងៗមានរយៈបណ្តោយគម្លាត ១៥ដឺក្រេពីគ្នា។
- តើប្រទេសណាលើផែនដីនេះ ឈានជើងចូលឆ្នាំ២០២៥ មុនគេ?
យោងតាមល្វែងម៉ោងលើផែនដី កោះធំ គ្រីស្មាក់ ឬ គិរីទីមេទី (Christmas or Kiritimati) នៃប្រទេសគិរីបាទី (Kiribati) បានឆ្លងចូលឆ្នាំ២០២៥ មុនគេបាត់ទៅហើយនៅវេលាម៉ោង ១២៖០០នាទីអធ្រាត្រឈានចូលថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៥ (ម៉ោងនៅប្រទេសគិរីបាទី) ត្រូវនឹងម៉ោង ៥៖០០នាទីល្ងាចថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០២៤ (ម៉ោងនៅប្រទេសកម្ពុជា)។
គួរបញ្ជាក់ថា គិរីបាទីជាប្រទេសដីកោះដែលមានប្រជាជនសរុបជាង ១៣៥,៤០០នាក់ (គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤) រស់នៅលើផ្ទៃដីសរុប ៨១១.២គីឡូម៉ែត្រក្រលា (ស្មើនឹងកោះសរុបចំនួន ៣៣ បូកបញ្ចូលគ្នា)។ ប្រទេសស្ថិតនៅតំបន់ភាគកណ្តាលមហាសាគរប៉ាស៊ីហ្វិក (central pacific region) មួយនេះបានក្លាយជាសមាជិក អង្គការសហប្រជាជាតិ (UN) កាលពីឆ្នាំ១៩៩៩។
- តើប្រទេសណាលើផែនដីនេះ ឈានជើងចូលឆ្នាំ២០២៥ ក្រោយគេ?
សម្រាប់តំបន់ដែលឆ្លងចូលឆ្នាំ២០២៥ ក្រោយគេបំផុតនោះ គឺកោះ Baker Island និង Howland Island ដែលគ្មានមនុស្សរស់នៅនោះទេ ស្ថិតនៅក្នុងមហាសាគរប៉ាស៊ីហ្វិក។ កោះទាំង ២ ជាដែនដីគ្រប់គ្រងដោយសហរដ្ឋអាមេរិក ហើយក្នុងនោះកោះ Baker មានចម្ងាយតែជាង ១,២៩០km ប៉ុណ្ណោះពីកោះធំនៃប្រទេសគិរីបាទី។
ការឆ្លងឆ្នាំក្រោយគេរបស់ Baker Island និង Howland Island នោះមានន័យថា នៅពេលដែនកោះទាំង ២ នោះឆ្លងចូលម៉ោង ១២៖០០នាទីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ នោះនៅកម្ពុជាយើងត្រូវនឹង ៧៖០០នាទីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥។
ហេតុអ្វីចម្ងាយតែ ១,២៩០km ពីគ្នាសោះ តែមួយឆ្លងឆ្នាំមុន និងមួយទៀតឆ្លងឆ្នាំតាមក្រោយ ដល់ទៅ ២៦ម៉ោង? ចម្លើយគឺវិលទៅរកចំណុចខាងដើមវិញ នោះគឺដោយសារតែល្វែងម៉ោង (មានចំណុចខ្លះមិនត្រង់បន្ទាត់ល្អឡើយ) និងផែនដីមានរាងមូល។ ដែនដីទាំង ២ នេះត្រូវបានខ័ណ្ឌចែកដោយខ្សែបន្ទាត់ផ្តាច់និស្ស័យរវាងថ្ងៃម្សិលមិញ និងថ្ងៃនេះ បើទោះបីជាពេលទទួលពន្លឺព្រះអាទិត្យ គឺស្ទើរតែស្របគ្នាជាក់ស្តែងក៏ដោយ…។ រឿងនេះពិតជា… អយុត្តិធម៌ណាស់!!!៕
រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Time and Date (ថ្ងៃអង្គារ ទី៣១ ខែធ្នូ ឆ្នាំ២០២៤)