Breaking៖ តេឡេស្កូប James Webb ឆ្លុះបរិយាកាសភពថ្មី១ទៀត និងរកឃើញចំណុចពិសេសៗ!

1,414

(បរទេស)៖ តេឡេស្កូបអវកាស James Webb ដែលកំពុងគ្រប់គ្រងដោយអង្គការ NASA ESA និង CSA ទើបតែបង្ហាញចេញនូវទិន្នន័យបានមកពីការឆ្លុះមើលបរិយាកាសភព exoplanet ថ្មីមួយទៀត ដែលមានចម្ងាយប្រមាណ ៤០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយពួកគេក៏បានប្រទះឃើញ សមាសធាតុផ្សំដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន និងពពកស៊ីលីកាត (ពពកខ្សាច់ក្តៅ – Silicate Cloud) ក្នុងបរិយាកាសដ៏ក្តៅគគុក នៃភពនោះផងដែរ។

ភព exoplanet ខាងលើនេះមានឈ្មោះថា VHS 1256 b ដោយវាមិនមែនកំពុងគោចរ ជុំវិញផ្កាយនោះឡើយ តែគឺផ្កាយរហូតដល់ទៅឯណោះ ដោយមួយជុំ (ស្មើនឹងមួយឆ្នាំរបស់ភពនេះ) ស្មើនឹង ១០,០០០ឆ្នាំ នៃពេលវេលាលើភពផែនដី។ យ៉ាងណាក៏ដោយ មួយថ្ងៃនៅលើភព VHS 1256 b ស្មើនឹង ២២ម៉ោង នៃពេលវេលាលើផែនដី ខណៈបរិយាកាសរបស់វា គឺមានភាពចំរុះដោយមានការរុញច្រានធាតុក្តៅឡើងមកលើ និងធាតុត្រជាក់ចុះទៅក្រោម

ភព VHS 1256 b យោងតាមទិន្នន័យពី James Webb (រូបភាពពី NASA ESA CSA)

ចរន្តបរិយាកាសកាសខាងលើ ពិតជាមានភាពសកម្មដ៏ប្លែកអស្ចារ្យរបស់ភព exoplanet ដែលគេកម្រជួបប្រទះមួយនេះ។ ក្រុមការងារសិក្សាដឹកនាំដោយអ្នកវិទ្យាសាស្ត្រ Brittany Miles មកពីសាកលវិទ្យាល័យរដ្ឋ Arizona សហរដ្ឋអាមេរិកបានលើកឡើងថា ពួកគេប្រទះឃើញយ៉ាងច្បាស់នូវវត្តមាន ទឹក, មេតាន និងកាបូនម៉ូណូអុកស៊ីត នៅក្នុងទិន្នន័យរបស់ James Webb ហើយក៏បានរកឃើញភស្តុតាង នៃវត្តមានរបស់កាបូឌីអុកស៊ីត ក្នុងបរិយាកាសរបស់ភព VHS 1256 b នោះផងដែរ។

ភព VHS 1256 b យោងតាមទិន្នន័យពី James Webb (រូបភាពពី NASA ESA CSA)

យោងតាមទិន្នន័យខាងលើនេះ ក្រុមអ្នកវិទ្យាសាស្ត្រពិតជាភ្ញាក់ផ្អើល ព្រោះពួកគេមិនដែលប្រទះឃើញម៉ូលេគុលនានា ដ៏ច្រើនក្នុងពេលដែលតែមួយបែបនេះ នៅក្នុងភពផ្សេងស្ថិតនៅក្រៅពីប្រព័ន្ធព្រះអាទិត្យយើងឡើយ។ ទោះបីជាភព VHS 1256 b ស្ថិតនៅឆ្ងាយពីផ្កាយភ្លោះរបស់វាខ្លាំង (ស្មើ ៤ដង នៃគន្លាតរវាងភព Pluto និងព្រះអាទិត្យ) ក៏ដោយ ក៏បរិយាកាសផ្នែកខ្លះរបស់ភពនេះ អាចកើនឡើងកម្តៅដល់ទៅ ៨៣០អង្សាសេ ជាពិសេសនៅតំបន់ដែលមានពពកស៊ីលីកាត (ពពកខ្សាច់ក្តៅល្អិតៗ) ច្រើន ហើយប្រការនេះមានន័យថា VHS 1256 b អាចបង្កើនកម្តៅខ្លួន​ឯង។

Breaking៖ តេឡេស្កូប James Webb ឆ្លុះបរិយាកាសភពថ្មី១ទៀត និងរកឃើញចំណុចពិសេសៗ!
ភព VHS 1256 b យោងតាមទិន្នន័យពី James Webb (រូបភាពពី NASA ESA CSA)

បើតាមការបញ្ជាក់បន្ថែមពីក្រុមអ្នកវិទ្យាសាស្ត្រ ពពកគ្រាប់ខ្សាច់ល្អិតៗនៅក្នុងបរិយាកាសរបស់ VHS 1256 b គឺពិតជាមានកម្តៅក្តៅខ្លាំងណាស់ ខណៈអាយុរបស់ភពនេះគឺ ១៥០លានឆ្នាំ ហើយបើគិតពីអាយុកាលនៃចក្រវាល ភពនេះស្ថិតនៅវ័យក្មេងនៅឡើយ។ វានឹងអាចប្រែប្រួល និងចុះថយកម្តៅនៅពេលរាប់ពាន់លានឆ្នាំខាងមុខទៀត។ ការស្រូបយកទិន្នន័យពីភព exoplanet មួយនេះ ត្រូវបានធ្វើឡើងដោយឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាជិត (NIRSpec) និងមធ្យម (MIRI)។ ក្រុមការងារគ្រប់គ្រង James Webb នឹងត្រូវការពេលជាច្រើនខែទៀត ឬឈានចូលដល់ឆ្នាំ ដើម្បីប្រមូលផ្តុំទិន្នន័យផ្លូវការ សម្រាប់ជាប្រយោជន៍ដល់ការសិក្សាយល់ដឹងអំពីភព VHS 1256 b

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣)

480×240 Banner