វដ្តព្រះអាទិត្យ «១១ឆ្នាំ» ឈានចូលមកដល់នៅឆ្នាំ២០២៣នេះ ទើបនាំឲ្យមានការជះអណ្តាតភ្លើង និងព្យុះខ្លាំងក្លា (យល់ដឹងឡើងវិញ)

663

(បរទេស)៖ រយៈពេលជាច្រើនសប្តាហ៍មកនេះ ព្រះអាទិត្យបានឈានចូលវដ្តរបស់ខ្លួន ដែលមានរយៈពេលជាង ១១ឆ្នាំម្តង (Sun Cycle) ឬយើងអាចហៅថា ជាពេលព្រះអាទិត្យភ្ញាក់ពីដំណេក។ ដំណើរនៃការប្រែប្រួលវិលជុំនេះ តែងតែបង្កឲ្យព្រះអាទិត្យ បញ្ចេញនូវព្រឹត្តិការណ៍ខុសធម្មតាដូចជា ការជះចេញនូវអណ្តាតភ្លើង (flare) ច្រើន និងធំធេងជាងឆ្នាំធម្មតា ហើយស្ថានការណ៍បែបនេះ នឹងបញ្ចប់នៅក្នុងរយៈពេល ២-៣ ឆ្នាំទៀតទៅតាមធម្មជាតិ។

កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ (ម៉ោងនៅអាមេរិក) ព្រះអាទិត្យបានជះចេញនូវអណ្តាតភ្លើង ដែលមានកម្ពស់ស្មើនឹងផែនដីចំនួន ១៤ ដាក់បន្តុបលើគ្នា (ឬស្មើនឹងកម្ពស់ ១៤០,០០០គីឡូម៉ែត្រ) ហើយតំបន់ខ្មៅដែលកើតមានស្របពេលជាមួយគ្នានៅស្រទាប់ Corona នោះ មានវិសាលភាពអាចផ្ទុកភពផែនដីចាប់ពី ២០ – ៣០ ឯណោះ។ ទោះបីជាស្ថានភាពបែបនេះ មានភាពកញ្ជ្រោលខ្លាំងពិតមែន តែក៏ស្ថិតនៅក្នុងការព្យាករណ៍រួចទៅហើយដែរ ពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA ដែលមានឧបករណ៍តេឡេស្កូប តាមដានសកម្មភាពព្រះអាទិត្យជាប្រចាំ។

វដ្តព្រះអាទិត្យ «១១ឆ្នាំ» ឈានចូលមកដល់នៅឆ្នាំ២០២៣នេះ ទើបនាំឲ្យមានការជះអណ្តាតភ្លើង (flare) ខ្លាំងក្លា (យល់ដឹង)
សកម្មភាពជះចេញនូវ flare ពីព្រះអាទិត្យ (រូបភាពពី NASA)

គិតចាប់ពីខែកុម្ភៈ រហូតដល់ខែមីនា ឆ្នាំ២០២៣ នេះ តេឡេស្កូប Solar Dynamics Observatory របស់ NASA បានផ្តិតយកទិដ្ឋភាពជាបន្តបន្ទាប់ នៃសកម្មភាពកញ្ជ្រោលរបស់ព្រះអាទិត្យ បូករួមទាំងព្រឹត្តិការណ៍ជះចេញនូវអណ្តាតភ្លើង ពីស្រទាប់ខូរ៉ូណា (Coronal Mass Ejection ឬ CME) កាលពីថ្ងៃទី២០ ខែមីនា នោះផងដែរ។ យ៉ាងណាក៏ដោយ វាមិនមែនមានន័យថា មនុស្សលោក និងភពផែនដីមិនទទួលរងគ្រោះនោះឡើយ។

តួយ៉ាងការជះចេញនូវ flareព្យុះព្រះអាទិត្យ (Solar Storm) តែងតែមានឥទ្ធិពលធ្ងន់ ឬស្រាលមកលើផែនដី និងភពនានាក្នុងប្រព័ន្ធទាំងមូល ដោយអាស្រ័យលើទំហំរបស់ព្រឹត្តិការណ៍នោះ។ សម្រាប់ភពផែនដី Solar Storm ដែលផ្ទុកទៅដោយរលកធាតុវិទ្យុសកម្មដ៏កំណាច អាចបង្កបញ្ហាដល់ផ្កាយរណបនានា (បើធ្ងន់ធ្ងរខ្លាំង គឺអាចបំផ្លាញផ្កាយរណបបាន) និងធ្វើឲ្យដាច់ចរន្តអគ្គិសនីលើភពផែនដីផងដែរ ខណៈប្រព័ន្ធវិទ្យុទាក់ទងនានា នឹងត្រូវកាត់ផ្តាច់ជាបណ្តោះអាសន្ន នៅតំបន់ដែលព្យុះព្រះអាទិត្យបោកចំ។

តំបន់ខ្មៅលើព្រះអាទិត្យដែលអាចផ្ទុកផែនដីបានដល់ទៅ ៣០ (រូបភាពពី NASA)

គួរបញ្ជាក់ថា វដ្តថ្មីរបស់ព្រះអាទិត្យកំពុងចាប់ផ្តើមនៅក្នុងឆ្នាំ ២០២៣ នេះ ហើយចលនាកញ្ជ្រោលខុសធម្មតានៃព្រះអាទិត្យ នឹងបញ្ចប់នៅឆ្នាំ ២០២៥ ឬ ២០២៦ ខាងមុខ។ ងាកចេញពីព្រឹត្តិការណ៍ដ៏គួរឲ្យភ័យខ្លាចទាំងនោះ ទិដ្ឋភាពដ៏ស្រស់ស្អាតមួយចំនួនក៏តែងតែកើតឡើងដែរ នោះគឺការបង្ហាញវត្តមានរបស់ពន្លឺសំរាំងប៉ូល (Aurora) នៅប៉ូលខាងជើង និងប៉ូលខាងត្បូងផែនដី ដែលកើតចេញពីភាគល្អិតផ្ទុកថាមពលមកពីព្រះអាទិត្យ ធ្វើប្រតិកម្មជាមួយភាគល្អិត នៅក្នុងស្រទាប់បរិយាកាសផ្នែកខាងលើរបស់ផែនដី។

ពន្លឺ Aurora (រូបភាពពីបរទេស)

ជាការពិត ពន្លឺព្រះអាទិត្យត្រូវការពេល ៨នាទីប៉ុណ្ណោះ ដើម្បីធ្វើដំណើរមកកាន់ផែនដី តែភាគល្អិតវិញគឺត្រូវការពេលយ៉ាងតិច ៣ថ្ងៃ ទើបអាចចល័តមកដល់, ដូច្នេះក្រោយកើតមានព្រឹត្តិការណ៍ CME លើព្រះអាទិត្យរួច ៣ថ្ងៃក្រោយមកទៀត ទើបយើងអាចឃើញពន្លឺ Aurora លើប៉ូលផែនដី។ ដូច្នេះព្រឹត្តិការណ៍ CME កាលពីថ្ងៃទី២០ ខែមីនា នោះនឹងបង្កឲ្យមាន Aurora លើផែនដី នៅថ្ងៃទី ២៣ ឬ ២៤ ខែមីនា ឆាប់ៗខាងមុខនេះ (ម៉ោងនៅអាមេរិក)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣)

480×240 Banner