ពួក Alien អាចបញ្ជូននាវាអវកាសមកក្បែរប្រព័ន្ធព្រះអាទិត្យ ហើយបញ្ជាឧបករណ៍តូចៗ ឲ្យអង្កេតតាមភពនានា, នេះបើតាមអ្នកវិទ្យាសាស្ត្រល្បីមួយរូប

2,777

(អាមេរិក)៖ តើអាចមាននាវាអវកាសដ៏ធំធេងរបស់ពួក Alien ណាមួយ កំពុងក្រឡឹងនៅជុំវិញព្រះអាទិត្យយើង ហើយបញ្ជូនឧបករណ៍តូចៗ ដើម្បីតាមដានភពនានាបូករួមទាំងផែនដីដែរឬទេ? ចំពោះសំនួរនេះ អ្នកវិទ្យាសាស្ត្រមួយរូបនៃសាកលវិទ្យាល័យ Harvard ដ៏ល្បីល្បាញ និងមន្ត្រីមួយរូបទៀតមកពីមន្ទីរការពារជាតិអាមេរិក បញ្ចកោណ (Pentagon) របស់សហរដ្ឋអាមេរិកបានឆ្លើយតបដូចគ្នាថា «វាអាចទៅរួច»

នៅក្នុងឯកសារព្រាងមួយ (មិនទាន់ផ្លូវការ) អ្នកជំនាញទាំងពីររូបខាងលើបាននិយាយថា «វាអាចទៅរួចដែលយានអវកាសក្រៅភព មួយស្ថិតនៅទីអវកាសក្បែរៗយើង (ក្នុងន័យនេះគឺសំដៅលើ តំបន់អន្តរអវកាសក្បែរប្រព័ន្ធព្រះអាទិត្យ) ហើយធ្វើការរុករកតំបន់នេះ ដោយប្រើប្រាស់គ្រឿងយន្តអវកាសតូចៗ (ទំហំប៉ុនគ្រាប់ពីងប៉ុង) ប៉ុណ្ណោះ តែអាចប្រមូល និងបញ្ជូនព័ត៌មាននានាអំពីប្រព័ន្ធយើង ហើយបញ្ជូនត្រឡប់ទៅយានអវកាសពួកគេវិញ ស្រដៀងនឹងវិធីដែលមនុស្ស បញ្ជូនគ្រឿងយន្តចេញពីផែនដី ដើម្បីទៅស្រាវជ្រាវភពនានាដែរ»

លោក Sean Kirkpatrick (ឆ្វេង) និងលោក Alie Loeb (ស្តាំ)

លោក អេវី លឺប (Avi Loeb) តារាវិទូនៅសកលវិទ្យាល័យ Harvard និងលោក សន ខឺកផាទ្រីក (Sean M. Kirkpatrick) នាយកការិយាល័យដោះស្រាយភាពមិនប្រក្រតី លើដែនទាំងអស់របស់មន្ទីរបញ្ចកោណ (AARO) ដែលត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ២០២២ ដោយក្រសួងការពារជាតិអាមេរិក ដើម្បីស្វែងរក និងសិក្សា «វត្ថុស្ថិតក្នុងចាប់អារម្មណ៍ (objects of interest)» បានចេញផ្សាយសេចក្តីព្រាងមួយ ដែលមានពាក់ព័ន្ធបាតុភូតលើអាកាស ដែលមិនស្គាល់អត្តសញ្ញាណ (Unidentified Aerial Phenomena ឬ UAP ដែលពាក់ព័ន្ធនឹងវត្ថុហោះមិនត្រូវបានកំណត់អត្តសញ្ញាណ ឬប្រភព (UFO) ផងដែរ) កាលពីនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ នេះមិនមែនជាឯកសារផ្លូវការ របស់មន្ទីរបញ្ចកោណទេ ប៉ុន្តែត្រូវបានរៀបចំឡើងក្នុងភាពជាដៃគូ ជាមួយក្រសួងការពារជាតិអាមេរិក, ហើយវាក៏មិនទាន់ត្រូវបានត្រួតពិនិត្យនោះដែរ។

លោក Avi Loeb ត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាអ្នកដែលបានចូលរួមយ៉ាងសកម្ម ក្នុងការស្រាវជ្រាវពាក់ព័ន្ធនឹងវត្តមានរបស់ អ៊ូម័រម័រ (Oumuamua) ជាវត្ថុអវកាសចល័តមកពីតំបន់អន្តរអវកាស (Interstellar Space) ចូលមកក្នុងប្រព័ន្ធព្រះអាទិត្យយើង។ ក្រុមតារាវិទូអន្តរជាតិបានរកឃើញវត្ថុអវកាស ដែលមានរាងស្រដៀងនឹងបារីមួយដើមនោះ កាលពីឆ្នាំ ២០១៧ ដោយពីដំបូងឡើយគេបានសន្និដ្ឋានថា វាជាផ្កាយដុះកន្ទុយ (Comet)។ ទោះជាយ៉ាងណា រូបរាងទ្រវែង (ប្រវែងជាង ២០០ម៉ែត្រ) ដែលមានឧស្ម័នព័ទ្ធជុំវិញ និងការពិតដែលថា Oumuamua បានបង្កើនល្បឿនពេលហោះចេញទៅឆ្ងាយពីព្រះអាទិត្យនោះ បានចោទជាសំណួរចំពោះភាពជាផ្កាយដុះកន្ទុយ។ ដោយហេតុនោះហើយ ទើបកាលណោះលោក Avi Loeb បានលើកឡើងនូវការសន្និដ្ឋានថ្មីមួយទៀតថា «Oumuamua អាចជាយានអវកាសមកពីភពផ្សេង»

ការសន្និដ្ឋានអំពី Oumuamua (រូបភាពពីបរទេស)

រយៈពេល ៦ខែមុនពេល Oumuamua ធ្វើការហោះកៀកផែនដីក្នុងគម្លាត (២៤លានគីឡូម៉ែត្រ) នោះ ដុំថ្មអវកាសតូចមួយ (មុខកាត់ប្រហែល ១ម៉ែត្រ) បានធ្លាក់បុកបរិយាកាសផែនដី។ ដុំថ្មអវកាសដែលត្រូវបានដាក់ឈ្មោះថា IM2 នោះមិនពាក់ព័ន្ធនឹង Oumuamua ឡើយ តែវាត្រូវបានលោក Loeb អូសទាញមកធ្វើការពិចារណា។ ភាពចៃដន្យនោះបានបំផុសគំនិតឲ្យលោក Loeb គិតទៅដល់លទ្ធភាពដែល យានអវកាសធំមួយ (motherspaceship) បានបញ្ចេញនូវឧបករណ៍អង្កេតនានា (probes) ដែលមានទំហំតូចៗ (ប៉ុនគ្រាប់ពីងប៉ុង) ចូលមកកាន់ប្រព័ន្ធព្រះអាទិត្យយើង នៅពេលដែលយានធំនោះ ហោះមកក្បែរៗប្រព័ន្ធផ្កាយយើង ហើយសកម្មភាពបែបនេះ ក៏មិនសូវខុសពីយាននានា ដែលអង្គការ NASA បានបញ្ជូនទៅសិក្សាភពនានា នាពេលកន្លងមកនោះដែរ។

នៅក្នុងឯកសារព្រាងនោះ លោក Loeb និងលោក Kirkpatrick បានពិនិត្យមើលបាតុភូត UAP ដែលបញ្ចេញសកម្មភាពមិនប្រក្រតី (លើសពីច្បាប់រូបវិទ្យា ដែលមនុស្សលោកយើងយល់ដឹង)។ អ្នករៀបចំឯកសារព្រាងទាំង ២រូប បានអះអាងបែបនេះថា ឧបករណ៍អង្កេតប៉ុនគ្រាប់ពីងប៉ុង ទំនងជាត្រូវបានបញ្ជូនមកកាន់ផែនដី ហើយដោយសារតែវាតូចពេកបែបនេះ ទើបពួកវាមិនមានចំណាំងផ្លាត ជាមួយនឹងពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ដើម្បីឲ្យតេឡេស្កូបលើដីចាប់បានវត្តមាន។ ពួកគេបានរៀបរាប់ទៀតថា «ដោយបំពាក់ជាមួយនឹងបច្ចេកវិទ្យាឆ័ត្រយោងដ៏ត្រឹមត្រូវ និងការទម្លាក់ខ្លួនសន្សឹមៗ ចូលមកកាន់បរិយាកាសផែនដី ដើម្បីបញ្ចៀសបាននូវការឆាបឆេះនោះហើយ ទើបឧបករណ៍អង្កេតការ (របស់ពួគ Alien) ទាំងនោះអាចចុះចតនៅទីណាក៏បាន ទៅតាមគោលដៅរបស់ពួកគេ»

ការសន្និដ្ឋានអំពី Probe តូចៗចុះមកផែនដី (រូបភាពពីបរទេស)

លោក Loeb បានលើកឡើងបន្ថែមថា «ពួក Alien ទំនងជាចង់រុករកភពថ្ម ដែលមានស្រោបដោយបរិយាកាស នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។ ប្រសិនបើមើលពីចម្ងាយ ភពសុក្រ ផែនដី និងភពអង្គារ ប្រាកដជាគួរឱ្យទាក់ទាញ តែភពផែនដីនឹងផ្តល់ការចាប់អារម្មណ៍ខ្លាំងបំផុត នៅពេលដែលពួក Alien ទាំងនោះបានរកឃើញសញ្ញានៃវត្តមានទឹករាវ។ តែយ៉ាងណា អរិយធម៌ Alien ក៏មិនប្រាកដថា មានវត្តមាននៅក្នុងនាវាអវកាសដ៏ធំនោះដែរ ហើយក៏មិនទាន់ប្រាកដថា យានអវកាសនោះអាចធ្វើការទាក់ទង ជាមួយឧបករណ៍ស៊ើបអង្កេតរបស់វាបាននោះដែរ»

លោក Loeb បានសង្កត់ធ្ងន់បែបនេះវិញថា «អរិយធម៌របស់ពួក Alien ប្រហែលជាគ្មានទៀតទេ។ ផ្កាយភាគច្រើននៅក្នុងកាឡាក់ស៊ីយើងនេះ បានកកើតឡើងរាប់ពាន់លានឆ្នាំមុនព្រះអាទិត្យទៅទៀត។ ភពដែលអាចរស់នៅបានជាមួយនឹងជីវិតឆ្លាតវៃទាំងនោះ អាចបានបញ្ជូនយានស៊ើបការណ៍ មកកាន់យើងជាយូរណាស់មកហើយ មុនពេលដែលផែនដីយើងនេះ កកើតឡើងផងក៏ថាបាន។ វាប្រៀបបីដូចជាយើងកំពុងឆែកមើលប្រអប់សំបុត្រណាមួយ ដែលត្រូវបានផ្ញើពីមនុស្ស ដែលលែងមានវត្តមាននៅលើលោកនេះទៀតហើយ…»

ពួក Alien អាចបញ្ជូននាវាអវកាសមកក្បែរប្រព័ន្ធព្រះអាទិត្យ ហើយបញ្ជាឧបករណ៍តូចៗ ឲ្យអង្កេតតាមភពនានា, នេះបើតាមអ្នកវិទ្យាសាស្ត្រល្បីមួយរូប
ការសន្និដ្ឋានអំពី Mothership របស់ Alien (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ចាប់តាំងពីពេលដំបូង ដែលមានការលើកឡើងថា Oumuamua គឺជាយានអវកាសមកក្រៅភពនោះ លោក Avi Loeb បានប្រឈមមុខនឹងការរិះគន់ជាបន្តបន្ទាប់ ពីសំណាក់សហគមន៍វិទ្យាសាស្ត្រអន្តរជាតិ។ អត្ថបទយោងលើទស្សនៈមួយ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងកាសែត Nature Astronomy ក្នុងឆ្នាំ ២០១៩ បានសរសេរថា គំនិតដែលថា Oumuamua ត្រូវបានបញ្ជូនមកកាន់ផែនដី ដោយមានគោលបំណងរួចជាស្រេច (ពីសំណាក់ Alien) នោះ គឺជាគំនិតបែប «បង្កហេតុ» និង «គ្មានមូលដ្ឋាន»

មន្ទីរបញ្ចកោណ (រូបភាពពីបរទេស)

ឈានចូលមកដល់ឆ្នាំ ២០២១ លិខិតមួយដែលបានបោះពុម្ពនៅក្នុង កាសែត Astronomy & Astrophysics បានច្រានចោលគំនិតស្តីពីភាពមិនស៊ីសង្វាក់គ្នា នៃការធ្វើដំណើរឆ្លងកាត់ផ្កាយ ចំពោះដុំថ្មអវកាស Oumuamua នោះ ហើយបានសន្មត់ថា វាអាចត្រឹមជាដុំថ្មមកពីតំបន់អន្តរអវកាស (Instellar Space) ដែលវង្វេងចូលមកក្បែរផែនដីយើងប៉ុណ្ណោះ។ ការសិក្សាមួយផ្សេងទៀត ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃទី២២ ខែមីនាឆ្នាំ ២០២៣ ថ្មីៗនេះក៏បានពន្យល់បន្ថែមចុងក្រោយថា ចលនាចម្លែករបស់ Oumuamua គឺទំនងជាលទ្ធផលនៃការបញ្ចេញ ឧស្ម័នអ៊ីដ្រូសែនចេញពីខ្លួនវាប៉ុណ្ណោះ ហើយនេះជាការបដិសេធម្តងទៀត ចំពោះការលើកឡើងដែលថា Oumuamuaជាយានអវកាសរបស់ពួក Alien។

បាតុភូត UAP ដែលកងទ័ពអាមេរិកថតបាន (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ខាងលើនេះត្រឹមជាឯកសារមិនទាន់ផ្លូវការ ដែលត្រូវបានលើកឡើងដោយ អ្នកជំនាញល្បីឈ្មោះមួយរូប និងមន្ត្រីស្ថាប័នផ្លូវការរបស់សហរដ្ឋអាមេរិកប៉ុណ្ណោះ។ ទោះយ៉ាងណា មន្ទីរបញ្ចកោណបានចាប់អារម្មណ៍ជាថ្មី ក្នុងការសិក្សាវត្ថុមិនស្គាល់អត្តសញ្ញាណ (UAP ឬ UFO) នៅលើដែនអាកាសសហរដ្ឋអាមេរិក កាលពីប៉ុន្មានឆ្នាំមុន។ ចាប់តាំងពីការបង្កើត AARO ឡើងមកកាលពីរដូវក្តៅមុន ការិយាល័យនេះបានបើកការស៊ើបអង្កេតថ្មីជាង ៣៦០ លើកហើយ ទៅលើការជួបប្រទះបាតុភូត UAP ដែលត្រូវបានរាយការណ៍ដោយ កងកម្លាំងយោធាអាមេរិក។ ប្រហែលពាក់កណ្តាលនៃវត្ថុហោះហើរទាំងនេះ ត្រូវបានគេអះអាងថាជា «បាឡុង ឬវត្ថុស្រដៀងបាឡុង» ខណៈបណ្តុំករណីប្រមាណពាក់ជាកណ្តាលផ្សេងទៀត គឺខ្វះទិន្នន័យគ្រប់គ្រាន់ ដើម្បីធ្វើកំណត់សម្គាល់ពេញលេញ៕

ប្រែសម្រួល៖ ឥន្ទ វុត្ថា (Cambo Space)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣)

480×240 Banner