ព្រឹត្តិការណ៍ភព «៥» តម្រៀបគ្នាជាជួរ នឹងមិនឲ្យភ្នែកមនុស្សឃើញទាំងអស់ឡើយ នៅល្ងាចថ្ងៃទី២៨ ខែមីនា
(ភ្នំពេញ)៖ នៅពេលល្ងាចថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ ត្រូវបានចាត់ទុកជាឱកាសកម្រមួយ ដែលភពចំនួន ៥ នឹងតម្រៀបគ្នាជាជួរ (5 planets alignment) នៅក្រោយពេលព្រះអាទិត្យលិចបន្តិច។ ប៉ុន្តែសូមកុំទាន់អាលត្រេកអរពេក ព្រោះវត្ថុអវកាសដែលនឹងបង្ហាញចេញ នូវពន្លឺភ្លឺខ្លាំងបំផុតនោះ គឺនៅតែជា ភពសុក្រ (Venus) និងព្រះចន្ទមួយចំហៀង (Moon) ដដែល ខណៈមួយរយៈមកនេះ គ្រប់គ្នាក៏បានឃើញទិដ្ឋភាពពិសេសៗ មួយចំនួននៅលើផ្ទៃមេឃរួចមកហើយដែរ។
សម្រាប់ល្ងាចថ្ងៃអង្គារ ទី២៨ ខែមីនា ស្អែកនេះ ភពព្រហស្បតិ៍ (Jupiter) នឹងពិបាកឲ្យយើងមើលឃើញ ឬអាចថា មើលមិនឃើញតែម្តងនៅពីលើជើងមេឃភាគលិច ព្រោះវត្តមានភពយក្សនេះនឹងលិចបាត់ នៅក្រោយព្រះអាទិត្យលិចតែប្រមាណជាកន្លះម៉ោងប៉ុណ្ណោះ (ព្រះអាទិត្យនឹងលិចនៅម៉ោង ៦៖១៥នាទីល្ងាច)។ ដោយឡែកវត្តមានរបស់ ភពអ៊ុយរ៉ានុស (Uranus) វិញ ក៏ស្ថិតនៅតំបន់ផ្ទៃមេឃភាគខាងលិចផងដែរ ប៉ុន្តែភ្នែកមនុស្សនឹងមិនអាចមើលឃើញភពទី ៧ នោះឡើយ (បើមានតេឡេស្កូប ឬកាមេរ៉ាល្អទើបអាចចាប់យកពន្លឺភពនេះបាន)។

ងាកមកកាន់ ភពពុធ (Mercury) វិញ គឺនឹងមានពន្លឺខ្សោយ ឬមិនអាចជះពន្លឺឲ្យយើងមើលឃើញនោះឡើយ ព្រោះវត្តមានរបស់ភពទី ១ នោះ នឹងបង្ហាញខ្លួនស្ទើរតែស្របជាមួយនឹងទីតាំងព្រះអាទិត្យ, ហេតុដូច្នេះពេលព្រះអាទិត្យលិច Mercury ក៏លិចទៅតាមនោះដែរ ដែលមិនសូវខុសពីស្ថានភាពរបស់ Jupiter នោះឡើយ។ សម្រាប់ភពអង្គារ (Mars) វិញ គឺនឹងបង្ហាញវត្តមានរាងឆ្ងាយពីគេបន្តិច (អាចនៅក្បែរៗព្រះចន្ទ) នៅល្ងាចថ្ងៃទី២៨ ខែមីនា ហើយដោយសារតែវាស្ថិតនៅឆ្ងាយពីផែនដី ដូច្នេះយើងក៏នឹងពិបាកអង្កេតរកវត្តមាន ភពក្រហមនោះលើផ្ទៃមេឃដែរ។

សរុបសេចក្តីមក ព្រឹត្តិការណ៍ 5 Planets Alignment លើកនេះសម្រាប់នៅប្រទេសកម្ពុជាយើង ភពសុក្រ (Venus) ជាតួឯកចែងចាំងដាច់គេ ហើយនរណាៗក៏អាចមើលឃើញដែរ។ សម្រាប់ព្រះចន្ទវិញ នឹងភ្លឺចិញ្ចាចចញ្ចែងជាងគេមែន ប៉ុន្តែឋានៈវិញគឺត្រឹមជា Moon របស់ផែនដីប៉ុណ្ណោះ មិនមែន Planet នោះឡើយ។ មិនថ្វីឡើយ គ្រប់គ្នានៅតែអាចសន្មត់ថា អំពីការកើតមានព្រឹត្តិការណ៍ 5 Planets Alignment ស្អែកនេះបានតាមរយៈ App មួយដែលមានឈ្មោះថា StarTracker សម្រាប់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទ Android (មានឲ្យដោយឡូដ Free ក្នុង Playstore) និង StarTracker – Mobile SkyMap សម្រាប់ iOS (ត្រូវទិញក្នុង Appstore)៕
ប្រែសម្រួល៖ Cambo Space
ប្រភព៖ EarthSky.org (ថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣)