តើបាតុភូត Gravitational Lensing ជាអ្វី? (យល់ដឹង) (មានវីដេអូ)
(បរទេស)៖ នេះមិនមែនជាពាក្យថ្មីឡើយ តែលោកអ្នកមួយចំនួនធំក៏ទំនងជាមិនធ្លាប់បានដឹងលម្អិត អំពីបាតុភូតនេះពីមុនមកដែរ។ Gravitational Lensing ឬ ការពត់កោងនៃពន្លឺឆ្លងកាត់ទីអវកាស ត្រូវបានជួបប្រទះដោយ តេឡេស្កូបនានារួចមកហើយ ជាពិសេសគឺ Hubble និង James Webb។ ប៉ុន្តែ, តើកត្តាអ្វីដែលជំរុញឲ្យមានទិដ្ឋភាព Gravitational Lensing នេះឡើង?
មុននឹងឈានទៅយល់ដឹងអំពីប្រធានបទខាងលើនេះ ចូលងាកមកមើលរូបភាពថ្មីមួយសន្លឹកនេះសិន ដែលត្រូវបានថតដោយតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA។ វាគឺជា ចង្កោមកាឡាក់ស៊ី (galaxy cluster) មួយមានឈ្មោះថា SDSS J1226+2149 ស្ថិតនៅចម្ងាយ ៦.៣ពាន់លានឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ពាន់ពាន់លាន ឬទ្រីលានគីឡូម៉ែត្រ) ពីផែនដីយើង និងស្ថិតនៅម្តុំតារានិករ Coma Berenices បើយើងមើលទៅលើផ្ទៃមេឃភពផែនដី។
រូបភាព SDSS J1226+2149 ត្រូវបានចាប់យកដោយ កាមេរ៉ាផ្តិតយកពន្លឺក្រហមអាំងហ្វ្រាជិត (NIRcam) របស់ James Webb ហើយវាក៏ស្តែងឲ្យឃើញយ៉ាងច្បាស់ផងដែរអំពីការកកើតមាន បាតុភូត Gravitational Lensing។ តាមរយៈការរួមបញ្ចូលគ្នានៃសមត្ថភាពសំបូរបែបរបស់ James Webb និងឥទ្ធិពលនៃបាតុភូត Gravitational Lensing ដែលបង្កឲ្យមានទំនាញ ឬការពត់កោងនៃពន្លឺរបស់វត្ថុអវកាសឆ្ងាយៗ បង្ហាញមកកាន់តេឡេស្កូបអវកាសនេះ ក្រុមតារាវិទូក៏អាចប្រើប្រាស់វាដើម្បីសិក្សាអំពីដំណាក់កាលដំបូងៗ នៃការកកើតផ្កាយនៅក្នុងកាឡាក់ស៊ីឆ្ងាយៗទាំងនោះផងដែរ។
តើអ្វីទៅដែលបានជំរុញបាតុភូត Graviational Lensing ឲ្យកើតឡើង? បាតុភូតអវកាសនេះអាចកើតឡើងទៅរួច គឺនៅពេលដែលវត្ថុអវកាសធំធេងណាមួយ (ដូចជាចង្កោមកាឡាក់ស៊ី / galaxy cluster) មានវត្តមានស្ថិតនៅខាងមុខ (foreground) ចំចន្លោះរវាងតេឡេស្កូប និងវត្ថុអវកាសផ្សេងមួយទៀត នៅខាងក្រោយ (background) ដែលកំពុងបញ្ចេញពន្លឺ ឲ្យតារាវិទូចាប់យក។ បាតុភូតនេះបានបង្កឲ្យពន្លឺ នៃវត្ថុអវកាសស្ថិតនៅ background ត្រូវពត់កោងជុំវិញវត្ថុអវកាស ដែលស្ថិតនៅពាំងកណ្តាលផ្លូវវា ជាហេតុនាំឲ្យតេឡេស្កូបផ្តិតបានពន្លឺ ដែលមើលទៅដូចត្រូវបានអ្វីមួយពត់ឲ្យកោង។
Gravitational Lensing ក៏ត្រូវបានបែងចែកជា ៣ ប្រភេទផងដែរដូចជា៖
១. Strong Lensing៖ សំដៅទៅលើការពត់កោងនៃពន្លឺក្នុងកម្រិតខ្លាំង ដែលនាំឲ្យទិដ្ឋភាព (ពន្លឺ) ដែលនៅ background នោះ បែកចេញជាច្រើនភាគនៅជុំវិញវត្ថុអវកាសនៅ forground ហើយវាតែងតែកើតឡើងទៅលើកាឡាក់ស៊ីស្ថិតនៅឆ្ងាយ ចាប់ពីរាប់រយដល់រាប់ពាន់លានឆ្នាំពន្លឺឡើងទៅ ឬយើងអាចហៅថា ជាបាតុភូត Gravitational Lensing នៃវត្ថុអវកាសធំៗ និងឆ្ងាយៗក្នុងចក្រវាល។
២. Weak Lensing៖ សំដៅទៅលើការពត់កោងនៃពន្លឺក្នុងកម្រិតខ្សោយ ដែលមិនបង្កឲ្យមានការបែងភាគ នៃវត្ថុអវកាសស្ថិតនៅ background ជុំវិញ foreground នោះឡើយ។ ជាធម្មតាវាកើតឡើងទៅលើវត្ថុអវកាស មិនសូវធំមហិមានោះឡើយ ដូចជាកាឡាក់ស៊ីពន្លឺស្រទន់ៗស្ថិតនៅឆ្ងាយៗ ហើយបាតុភូតនេះក៏ងាយឲ្យក្រុមតារាវិទូសិក្សាអំពីកាឡាក់ស៊ីឆ្ងាយៗទាំងនោះបានដែរ។
៣. Microlensing៖ សំដៅទៅលើការពត់កោងនៃពន្លឺ ដែលស្ទើរតែមិនអាចឲ្យយើងមើលដឹង ប៉ុន្តែតេឡេស្កូបអាចអង្កេតដឹង តាមរយៈការប្រែប្រួលទម្រង់នៃពន្លឺ ទៅតាមចន្លោះពេល។ បាតុភូត Microlensing ក៏ជាការកើតឡើងរវាងវត្ថុអវកាសកម្រិតតូចក្នុងចក្រវាលផងដែរ ដូចជារវាងផ្កាយ និងផ្កាយជាដើម។
គួរបញ្ជាក់ថា រូបភាពថ្មីរបស់ James Webb ខាងលើនេះ ត្រឹមតែជាលទ្ធផលបានមកពីការអង្កេតដោយកម្មវិធីមួយប៉ុណ្ណោះ ដើម្បីបង្កើនការយល់ដឹងអំពីការកកើតផ្កាយ នៅក្នុងកាឡាក់ស៊ីឆ្ងាយៗ។ ក្រុមតារាវិទូអន្តរជាតិចង់ស្វែងយល់ថា តើតារាទាំងអស់នោះកកើតឡើងក្នុងល្បឿនលឿនដល់កម្រិតណា ព្រមទាំងវិភាគទៅលើបរិស្ថានកកើតផ្កាយរបស់កាឡាក់ស៊ីទាំងនោះផងដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃអាទិត្យ ទី០២ ខែមេសា ឆ្នាំ២០២៣)