នេះជាជោគវាសនាភពផែនដី នៅរយៈពេល ៥,០០០លានឆ្នាំទៀត (លទ្ធផលសិក្សាថ្មី)

2,475

(បរទេស)៖ ការសិក្សាថ្មីមួយបានរកឃើញថា ក្រុមតារាវិទូប្រហែលជាបានឃើញជាលើកដំបូង នូវផ្កាយដែលមានលក្ខណៈដូចព្រះអាទិត្យយើង កំពុងលេបត្របាក់ភពរបស់វាមួយ ដោយនោះជាការសបញ្ជាក់អំពីជោគវាសនា ដែលផែនដីនឹងត្រូវជួបប្រទះ ក្នុងរយៈពេលប្រមាណខ្ទង់ ៥ពាន់លានឆ្នាំទៀត នៅពេលដែលព្រះអាទិត្យជិតឈានដល់ទីបញ្ចប់របស់ខ្លួន តាមរយៈការវិវត្តន៍ទៅជាតារាយក្សក្រហម ហើយលេបយកភពនានាដូចជា ភពពុធ (Mercury), ភពសុក្រ (Venus) ហើយក៏នឹងអាចលេបយកភពផែនដីយើងនេះផងដែរ។

តាមរយៈការវិភាគលើផ្កាយជាច្រើនដួង ក្នុងដំណាក់កាលជាបន្តបន្ទាប់ នៃការវិវត្តន៍របស់ពួកវា តារាវិទូបានរកឃើញថា នៅពេលដែលព្រះអាទិត្យ និងផ្កាយនានាឈានចូលដល់ជិតទីចុងបញ្ចប់ នៃជីវិតរបស់ពួកវានោះ ពួកវានឹងចាប់ផ្តើមអស់ឥន្ធនៈចម្បងសម្រាប់ទ្រទ្រង់ចំហេះ នោះគឺអ៊ីដ្រូសែន (Hydrogen) ដែលជាសារធាតុនៅជុំជិតស្នូលរបស់ពួកវា។ ប្រការនេះ នឹងនាំឱ្យស្នូលរបស់ពួកផ្កាយទាំងនោះប្រែប្រួល ហើយស្រទាប់ខាងលើៗ ចាប់ផ្តើមពង្រីកខ្លួន និងចុះថយសីតុណ្ហភាព។ ក្នុងដំណាក់កាលក្លាយជា តារាយក្សក្រហម (Red Giant) ផ្កាយទាំងនោះអាចពង្រីកអង្កត់ផ្ចិតឲ្យធំជាងទំហំដើមចាប់ពី ១០០ – ១,០០០ដង ហើយភពណាដែលស្ថិតនៅក្នុងរង្វង់នៃការរីកធំនេះ នឹងត្រូវផ្កាយទាំងនោះលេបយក។

នេះជាជោគវាសនាភពផែនដី នៅរយៈពេល ៥,០០០លានឆ្នាំទៀត (លទ្ធផលសិក្សាថ្មី)
រូបតំណាងព្រឹត្តិការណ៍ផ្កាយលេបភព ZTF SLRN-2020 (រូបភាពពី International Gemini Observatory/NOIRLab/NSF/AURA/M. Garlick/M. Zamani)

អ្នកជំនាញផ្នែកតារាសាស្ត្រ និងរូបសាស្ត្រមួយរូបឈ្មោះ Kishalay De នៅវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋ Massachusetts សហរដ្ឋអាមេរិក ដែលដឹកនាំការស្រាវជ្រាវខាងលើនេះបានអះអាងថា «យើងដឹងថា វាត្រូវតែកើតឡើងចំពោះភពទាំងអស់ ដែលស្ថិតក្នុងគន្លងគោចររវាងផ្កាយមេពួកវា នៅក្នុងរយៈចម្ងាយកៀកជាង បើធៀបគន្លងគោចររវាងផែនដី និងព្រះអាទិត្យ ប៉ុន្តែរយៈពេលកន្លងមកត្រូវបានចាត់ទុកថា មានភាពលំបាកខ្លាំងណាស់សម្រាប់យើង ក្នុងការផ្តល់ភស្តុតាងពិសោធន៍ទៅលើលំនាំបែបនោះ…»។

ជាភាពចៃដន្យ ឬឱកាសដ៏អស្ចារ្យបំផុតក្នុងវិស័យតារាសាស្ត្រ ដោយក្រុមតារាវិទូអន្តរជាតិ បានចាប់យកសកម្មភាពជាលើកដំបូង នូវខណៈពេលកៀកបំផុតនៃតារាមួយដួង ដែលកំពុងលេបយកភពរបស់វាមួយ អំលុងពេលដែលវាកំពុងបញ្ចេញឥទ្ធិពលចុងក្រោយនៃជីវិត ក្នុងនាមជាតារាយក្សក្រហមនោះ។ តារាវិទូ Kishalay De បានលាន់មាត់ថា «និយាយដោយស្មោះត្រង់ទៅចុះ អ្វីមួយដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតនោះ គឺនៅពេលដែលយើងបានរកឃើញវាជាលើកដំបូង… ផ្កាយលេបយកភពជាបាតុភូត ស្ថិតក្នុងការណ៍សិក្សារបស់យើងជាយូរណាស់មកហើយ ប៉ុន្តែការរកឃើញឧទាហរណ៍ជាក់ស្តែង ដ៏កម្របំផុតមួយបែបនេះ គឺពិតជារឿងដែលគួរឲ្យរំភើបជាទីបំផុត…»។

(រូបភាពពីបរទេស)

លទ្ធផលខាងលើនេះ គឺបានមកពីសិក្សា និងវែកញែកចំពោះព្រឹត្តិការណ៍ជះចេញនូវ រលកធាតុវិទ្យុសកម្ម (burst of radiation) ដែលត្រូវបានដាក់ឈ្មោះសម្គាល់ថា ZTF SLRN-2020។ វាគឺជាព្រឹត្តិការណ៍ដែលបានកើតមានឡើង នៅក្នុងតំបន់បន្ទះឌីសមួយផ្នែករបស់ កាឡាក់ស៊ី Milky Way យើង និងមានចម្ងាយ ១២,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដោយស្ថិតនៅម្តុំតារានិករ អាឃ្វីឡា (Aquila)។ កំលុងនៃការកើតមានព្រឹត្តិការណ៍នេះ ផ្កាយមួយដួងនោះបានបង្ហាញ ការកើនឡើងពន្លឺដ៏ចម្លែកយ៉ាងហោចណាស់ ១០០លើក នៅក្នុងរយៈពេលមួយសប្តាហ៍។

តេឡេស្កូប ZTF នៅកាលីហ្វ័រញ៉ា (រូបភាពពី Caltech)

គួរបញ្ជាក់ថា ខាងលើនេះមិនមែនជាគោលដៅសិក្សាស្នូល ដឹកនាំដោយតារាវិទូ Kishalay De នោះឡើយ ព្រោះពីដំបូងឡើយក្រុមតារាវិទូមានគម្រោងសិក្សាស្វែងយល់ អំពីព្រឹត្តិការណ៍បន្ទុះ ណូវ៉ា (Nova) ប៉ុណ្ណោះ ដែលជាព្រឹត្តិការណ៍នៃផ្កាយភ្លោះ ជះឥទ្ធិពលដាក់គ្នា។ ប៉ុន្តែក្រោយការប្រើប្រាស់តេឡេស្កូប ZTF (Zwicky Transient Facility) នៃមន្ទីរអង្កេតតារា Palomar ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា ពួកគេក៏បានប្រទះឃើញព្រឹត្តការណ៍ ZTF SLRN-2020 នោះដោយចៃដន្យ។

រូបតំណាងអំពីអនាគតផែនដីនៅរយៈពេលជាង ៥,០០០លានឆ្នាំទៀត (រូបភាពពីបរទេស)

វាជាផ្កាយយក្សក្រហម កំពុងលេបត្របាក់ភព exoplanet មួយ (អាចមានម៉ាស់ចន្លោះពី ១ ទៅ ១០ដងនៃម៉ាស់ភពព្រហស្បតិ៍) ដែលនាំឲ្យបញ្ចេញពន្លឺភ្លឺខ្លាំង ក្នុងទម្រង់ជាពន្លឺក្រហមអាំងហ្វ្រាជិត (Near Infrared Light) ហើយពន្លឺឡើងចុះនៃព្រឹត្តិការណ៍នោះ មានថេរវេលាចន្លោះ ៦ខែ។ យ៉ាងណាក៏ដោយ វាហាក់ដូចជាមិនទាន់ត្រឹមត្រូវទាំំងស្រុងឡើយ ក្នុងការយកព្រឹត្តិការណ៍ខាងលើនេះ ទៅប៉ាន់ប្រមាណអំពីជោគជ័យវាសនាភពផែនដី នៅពេលព្រះអាទិត្យយើងក្លាយជា តារាយក្សក្រហមក្នុងរយៈពេល ៥,០០០លានឆ្នាំទៀតនោះ ព្រោះភព exoplanet ខាងលើនេះ មានម៉ាស់ និងទំហំធំជាងផែនដីឆ្ងាយណាស់។ ទោះជាបែបនេះក្តី នេះជាលទ្ធផលនៃការសិក្សាដ៏អស្ចារ្យមួយ ដែលអាចជួយជំរុញបន្ថែមនូវទស្សនវិស័យថ្មីៗ សម្រាប់មនុស្សលោក៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣)

480×240 Banner