ទើបរកឃើញតំរុយបន្ថែមពីភពទី៩ (Planet 9) នៅចុងប្រព័ន្ធព្រះអាទិត្យ (មានវីដេអូ)

256

(បរទេស)៖ ប្រិយមិត្តមួយចំនួនទំនងជានៅចាំបានកាលពីអំលុងឆ្នាំ២០១៨ ដែលក្រុមតារាវិទូអន្តរជាតិបានសន្មត់ថា ទំនងជាមិនមានភពទី ៩ ឬ (planet 9 ឬ planet x) អ្វីនោះទេ បន្ទាប់ពីបានដាក់ការសង្ស័យអំពីភពនេះអស់ខ្ទង់ ១០០ឆ្នាំ ព្រោះប្រសិនបើមានមែននោះ វាមិនមែនជាអាថ៌កំបាំងខ្លាំង ដែលពិបាកឲ្យពួកគេធ្វើការស្វែងរកនោះឡើយ ដោយសារតែភពនោះនឹងស្ថិតនៅក្នុងប្រព័ន្ធយើង មិនមែននៅប្រព័ន្ធផ្កាយដទៃឯណា…។ ប៉ុន្តែឈានចូលមកដល់ឆ្នាំ២០២៥នេះ តំរុយដ៏ធំថ្មីមួយបានលេចឡើង។

(Video From YouTube: Cambo Space Edu) (សូមចុចចូលទស្សនាផ្ទាល់ក្នុង YouTube)

យោងតាមស្ថាប័ន Astronomical Society of Australia បានឲ្យដឹងនៅអំលុងដើមខែឧសភា ឆ្នាំ២០២៥ នេះថា ភពទី៩នៅក្នុងការសន្និដ្ឋាននោះ អាចមានទំហំធំជាងភពណិបទូន (Neptune ជាភពចុងគេ ឬ ភពទី៨) ប្រចាំប្រព័ន្ធព្រះអាទិត្យយើង និងមានអង្កត់ផ្ចិតប្រមាណជិត ៥០,០០០km ខណៈផែនដីយើងមានអង្កត់ផ្ចិត ១២,៧៥៦km។ ប្រសិនបើមានមែននោះ ភពទី៩ នឹងគោចរក្នុងគន្លងដ៏ឆ្ងាយពីព្រះអាទិត្យ ដែលអាចប្រើពេលចាប់ពី ១០,០០០ – ២០,០០០ឆ្នាំនៃផែនដី ដើម្បីគោចរបានមួយជុំព្រះអាទិត្យ ឬស្មើនឹង ១ឆ្នាំលើភពនោះ។

ភពផ្លូវការទាំង ៨ ក្នុងប្រព័ន្ធព្រះអាទិត្យ (រូបតំណាង) (Image Credit: NASA)

តើតំរុយថ្មីនោះជាអ្វី? យើងត្រូវងាកទៅមើលលទ្ធផលសង្កេត និងសិក្សាដោយ ទីភ្នាក់ងារស្រាវជ្រាវទីអវកាសជប៉ុន (JAXA) តាមរយៈផ្កាយរបស់ខ្លួនឈ្មោះ AKARI ដែលបានធ្វើការសង្កេតទៅកាន់ដំណើរមិនប្រក្រតី នៃវត្ថុអវកាសមួយចំនួននៅតំបន់ចុងប្រព័ន្ធព្រះអាទិត្យចាប់ពីអំលុងឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ និងក្រោយមកទៀតទិន្នន័យទាំងនោះ (មានឈ្មោះថា IRAS) ត្រូវបានផ្ទេរទៅកាន់ក្រុមការងារនៃសាកលវិទ្យាល័យមួយនៅតៃវ៉ាន់ ធ្វើការសង្កេតបន្តដើម្បីឈ្វេងយល់ថា តើអំលុងពេលដែលត្រូវបានកំណត់ រង់ចាំសង្កេតនោះ វត្ថុអវកាសនៅចុងប្រព័ន្ធទាំងនោះមានការប្រែប្រួលដូចការសន្និដ្ឋានដែរឬទេ។

ថ្មីៗនេះក្រុមតារាវិទូអន្តរជាតិ ទើបតែបានប្រទះឃើញចលនាក្នុងកម្រិតតិចតួចមួយថ្មីទៀត ដែលនោះអាចមានន័យថា ភពទី៩ដែលកំពុងស្ថិតក្នុងការសន្និដ្ឋាននោះ ទំនងជាកំពុងគោចរជុំវិញព្រះអាទិត្យយើង…។ វាគឺជាតំរុយថ្មី ដែលស្ថិតនៅក្នុងសំណុំ «ភស្តុតាងដ៏រឹងមាំ» ដែលបានមកពីការសង្កេតមើលវត្ថុអវកាសមួយចំនួន ដែលស្ថិតនៅតំបន់ចុងប្រព័ន្ធព្រះអាទិត្យ (សម្តៅដល់តំបន់ខ្សែក្រវាត់អាចម៍ផ្កាយទឹកកក Kuiper Belt) ក្នុងនោះមានដូចជា ពពួកផ្កាយដុះកន្ទុយ (comets) និងភពតឿៗ ឬភពមិនពេញលក្ខណៈ (dwarf planets) ជាដើម ដោយតំបន់ Kuiper Belt នោះយើងរាប់ចាប់ពីតំបន់គន្លងគោចរហួសភពណិបទូន (Neptune) រហូតដល់ច្រកទ្វារចេញទៅកាន់ តំបន់អន្តរលំហអវកាស (Interstellar Space)

តំបន់ Kuiper Belt ចុងប្រព័ន្ធព្រះអាទិត្យ (រូបភាពពីបរទេស)

ក្រុមតារាវិទូបានរកឃើញថា វត្ថុអវកាសពួកគេស្គាល់ចំនួនដែលស្ថិតនៅក្នុងតំបន់ Kuiper Belt នោះមានការគោចរជាគន្លងរាងពងក្រពើ ដោយចង្អុលទៅរកទិសដៅដូចគ្នា។ បើតាមអង្គការ NASA អ្វីដែលយើងបានយល់ដឹងជានិច្ចនោះ គឺវត្ថុអវកាសនានាដែលមានវត្តមានក្នុង Kuiper Belt តែងតែគោចរក្នុងទិសដៅបញ្ច្រាស់ពីភព និងវត្ថុអវកាសនានាដែលស្ថិតនៅប្រព័ន្ធព្រះអាទិត្យក្នុង និងក្រៅ (Inner and Outer Solar System)។ លទ្ធផលសិក្សាថ្មីនេះកំពុងបញ្ជាក់ថា «វត្ថុអវកាសទាំង ៦ ដែលក្រុមតារាវិទូបានសង្កេតនោះ អាចទទួលរងនូវឥទ្ធិពលទំនាញ (gravitational pull) ពីភពមួយ (យើងសង្ស័យថា Planet 9) ដែលស្ថិតនៅក្បែរពួកវា…»។

ការសង្កេតបម្រែបម្រួលនៃវត្ថុអវកាសតូចៗ នៅចុងប្រព័ន្ធព្រះអាទិត្យ (Image Credit: NASA)

យ៉ាងណាក៏ដោយ ព្រោះតែតំបន់នោះទទួលបានពន្លឺព្រះអាទិត្យខ្សោយពេក ដូច្នេះការវែករកវត្តមានរបស់ភពនោះ ឲ្យឃើញស្តែងៗដូចជាភ្លុយតុង (Pluto) ជាដើមនោះគឺមិនអាចទៅរួចនោះទេ ទោះបីជាបេក្ខភាព Planet 9 នោះអាចនឹងមានទំហំធំជាងភពណិបទូនក្តី។ តើភពទី ៩ ក្នុងការស្និដ្ឋាននោះ ស្ថិតនៅឆ្ងាយកម្រិតណាទៅ? បើតាមការគណនាដោយក្រុមតារាវិទូ Planet 9 អាចមានចម្ងាយយ៉ាងហោចណាស់ចាប់ពី ២៨០ – ១,១១២ AU (១AU = ១៥០លានគីឡូម៉ែត្រ) ឬក៏អាចមានន័យថា គម្លាតរបស់ភពទី ពីព្រះអាទិត្យអាចស្មើនឹង ២៨០ដង ទៅ ១,១២០ដង នៃគម្លាតរវាងផែនដី និងព្រះអាទិត្យ។

ទើបរកឃើញតំរុយបន្ថែមពីភពទី៩ (Planet 9) នៅចុងប្រព័ន្ធព្រះអាទិត្យ (មានវីដេអូ)
រូបតំណាងភពទី ៩ (Image Credit: NASA)

គួរបញ្ជាក់តាមអង្គការ NASA ថា ពេលនេះយើងកាន់តែមានភស្តុតាងបន្ថែមទៀតហើយ ដើម្បីចង្អុលទៅរកបេក្ខភាពនៃ Planet 9 ដែលអាចមានវត្តមាននៅចុងប្រព័ន្ធព្រះអាទិត្យ។ តែយ៉ាងណា ភស្តុតាងនានាកន្លងមកនេះ នៅតែមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយប្រការនេះមានន័យថា ការសង្កេត និងសិក្សានៅតែត្រូវបន្តដំណើរទៅមុខទៀត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ ABC News via NASA (ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥)

480×240 Banner