ភពអេលៀនថ្មី១នេះអាចពោពេញដោយ «ភ្នំភ្លើង» និងមានចម្ងាយ ៩០ឆ្នាំពន្លឺពីផែនដី (មានវីដេអូ)

700

(បរទេស)៖ ភពស្ថិតនៅប្រព័ន្ធផ្កាយដទៃ (Alien World ឬ Exoplanet) ថ្មីមួយនេះ ទើបតែត្រូវបានរកឃើញដោយក្រុមតារាវិទូ ហើយអ្វីដែលពិសេសបំផុតនោះ វាអាចកំពុងគ្របដណ្តប់ដោយភ្នំភ្លើងសកម្ម ដែលច្រើនជាងភពផែនដីយើងឆ្ងាយខ្លាំងណាស់។ Exoplanet ថ្មីមួយនេះមានឈ្មោះសម្គាល់ថា LP 791-18 d គោចរជុំវិញតារាក្រហមទំហំតូច (Red Dwarf) ដែលមានចម្ងាយប្រមាណ ៩០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ស្ថិតនៅក្នុងតារានិករ Crater បើមើលទៅលើផ្ទៃមេឃផែនដី។

ជុំវិញលទ្ធផលសិក្សាថ្មីខាងលើនេះ តារាវិទូ Björn Benneke មកពីសាកលវិទ្យាល័យ Montreal ប្រទេសកាណាដា បានពន្យល់ថា «ភព LP 791-18 d ស្ថិតនៅក្នុងគន្លងគោចរបិទ (locked orbit) ដែលនេះមានន័យថា ផ្នែកមួយចំហៀងបែរទៅរកផ្កាយរហូត និងផ្នែកមួយចំហៀងទៀតងងឹតរហូត»។ ភពនេះត្រូវបានគេដឹងថា មានម៉ាស និងទំហំធំជាងភពផែនដីគួរសម។

ភពអេលៀនថ្មី១នេះអាចពោពេញដោយ «ភ្នំភ្លើង» និងមានចម្ងាយ ៩០ឆ្នាំពន្លឺពីផែនដី
រូបតំណាងនៃភព LP 791-18 d (រូបភាពពី NASA)

តារាវិទូ Benneke បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នៅលើផ្ទៃនៃផ្នែកដែលបែរចំថ្ងៃរបស់ភព exoplanet ថ្មីនេះ ទំនងជាមិនអាចរក្សាវត្តមានទឹកបានឡើយ ព្រោះតែកម្តៅក្តៅខ្លាំងពេក។ ប៉ុន្តែវត្តមានភ្នំភ្លើងត្រូវបានគេសង្ស័យថា មានពាសពេញផ្ទៃភពនេះតែម្តង ដែលជាកត្តាទ្រទ្រង់បរិយាកាសមួយ ហើយក៏ទំនងជាអនុញ្ញាតឲ្យទឹក មានវត្តមាននៅផ្នែកពេលយប់របស់វាផងដែរ…»។

ក្រុមអ្នកវិទ្យាសាស្ត្រអាចធ្វើការសន្និដ្ឋាន អំពីបុគ្គលិកលក្ខណៈរបស់ភព LP 791-18 d នោះបាន គឺយោងលើទិន្នន័យអង្កេតដោយតេឡេស្កូបអវកាស Spitzer (បានចូលនិវត្តន៍កាលពី ២០២០) និង TESS របស់អង្គការ NASA (ជាឧបករណ៍អង្កេតរក វត្តមានភពគោចរជុំវិញផ្កាយនានា តាមរយៈវិធីសាស្ត្រអង្កេតដំណើរគោចរឆ្លងកាត់ ឬ Transit)។ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងជំរុញឲ្យមានការប្រើប្រាស់ តេឡេស្កូបអវកាស James Webb ដែលមានសមត្ថភាពអង្កេតរកធាតុផ្សំ ក្នុងការបរិយាកាសភព exoplanet ដើម្បីស្វែងយល់បន្ថែមអំពីភពស្ថិតនៅចម្ងាយ ៩០ឆ្នាំពន្លឺពីផែនដីនោះ។

តេឡេស្កូបអវកាស Spitzerនិងរូបតំណាងនៃភព LP 791-18 d (រូបភាពពី NASA)

កន្លងមកនេះ ក្រុមតារាវិទូបានរកឃើញភពចំនួន ហើយ គោចរនៅក្នុងប្រព័ន្ធផ្កាយ LP 791-18 ក្នុងនោះមានដូចជា ភព LP 791-18 b, c និង d។ សម្រាប់ភពទីនៅចុងគេ គឺ LP 791-18 d នេះ មានទំហំធំជាងផែនដី ២.៥ដង និងម៉ាស់ធ្ងន់ជាងផែនដី ៧ដង។ បើតាមការអង្កេតរបស់ក្រុមតារាវិទូ ភព LP 791-18 c និង d គោចរក្នុងគន្លងដែលកៀកគ្នាខ្លាំង (ក្នុងដំណើរគោចររាងពងក្រពើ ឬ Elliptic Orbit) ដែលជាទិដ្ឋភាពដ៏ស្មុគស្មាញមួយទៀត សម្រាប់ពួកគេក្នុងការស្វែងយល់។ ប៉ុន្តែដំណើរបែបនេះ ក៏បាននាំគ្រប់គ្នានឹកឃើញដល់ព្រះចន្ទ Io របស់ភពព្រហស្បតិ៍ (Jupiter) ផងដែរ។

រូបតំណាងនៃភព LP 791-18 d (រូបភាពពី NASA)

នៅក្នុងគន្លងគោចររាងពងក្រពើជុំវិញផ្កាយវាបែបនេះ នាំឲ្យភព LP 791-18 d ទទួលរងនូវឥទ្ធិពលកម្លាំងជំនោរដុតកម្តៅ (Tidal Heating) ទៅលើផ្ទៃក្នុងរបស់ភពនោះ ហើយក៏បង្កើតទៅជាសកម្មភាពភ្នំភ្លើង នៅពាសពេញផ្ទៃ (surface) របស់វាតែម្តង។ ជាក់ស្តែង ឥទ្ធិពលនៃកម្លាំងជំនោររបស់ភពព្រហស្បតិ៍ និងព្រះចន្ទមួយចំនួនទៀត របស់ភពឧស្ម័នយក្សនេះ ក៏បានជះឥទ្ធិពលបែបនេះទៅលើព្រះចន្ទ អាយអូ (Io) ដែលស្ថិតនៅក្នុងប្រព័ន្ធជាមួយគ្នានោះផងដែរ និងជាហេតុជំរុញឲ្យ Io ក្លាយជាទីឋានមានភ្នំភ្លើងច្រើនជាងគេបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យ។

ឥទ្ធិពល Tidal Heating លើព្រះចន្ទ Io របស់ភពព្រហស្បតិ៍ (រូបភាពពី Keck/NASA)

គួរបញ្ជាក់ថា ដោយយោងតាមលទ្ធផលនៃការវិភាគ និងសិក្សាខាងលើនេះ ភព LP 791-18 d មិនមែនជាកន្លែងដែលអាចឲ្យជីវិតកកើតឡើងនោះឡើយ។ តែយ៉ាងណា ក្រុមអ្នកវិទ្យាសាស្ត្រនៅតែកំពុងសិក្សា ស្វែងរកការពិតជាច្រើនទៀតនៅក្នុងចក្រវាលនេះ ជាពិសេសគឺទៅលើការកកើតផ្កាយ និងភព ដែលបាននិងកំពុងឆ្លុះបញ្ចាំងអំពីអ្វីៗដែលយើងឃើញមាន នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះផ្ទាល់បូករួមទាំងភពផែនដី ដែលបានផ្តល់ជីវិតដល់យើងទាំងអស់គ្នាផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/Nature (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣)

480×240 Banner