ផ្កាយរណបអង្កេតព្រះចន្ទរបស់កូរ៉េខាងត្បូង ថតបានផ្ទៃព្រះចន្ទច្បាស់ៗ និងប្លែកភ្នែក (មានរូបភាព)
(បរទេស)៖ ផ្កាយរណប (Orbiter) ដំបូងរបស់ប្រទេសកូរ៉េខាងត្បូង ដែលកំពុងគោចរជុំវិញព្រះចន្ទនោះ ទើបតែបានផ្តិតរូបភាពតំបន់ប្រជុំភ្នំ និងជ្រលងជ្រោះនានានៅលើផ្ទៃព្រះចន្ទ នៅក្នុងកម្រិតរូបភាពគុណភាពខ្ពស់បំផុត ដែលនាំឲ្យមនុស្សលើផែនដីភ្លឺភ្នែក និងប្លែកអារម្មណ៍។
ផ្កាយរណបដែលមានឈ្មោះជាផ្លូវការថា The Korea Pathfinder Lunar Orbiter (KPLO) ក៏ត្រូវបានគេហៅថា ថានួរិ (Danuri) ជាភាសាកូរ៉េខាងត្បូងផងដែរ ដែលមានន័យថា «ព្រះចន្ទដ៏រីករាយ»។ រូបភាពស្អាតៗ និងប្រកបដោយគុណតម្លៃសម្រាប់ការស្រាវជ្រាវ ផ្នែកវិទ្យាសាស្ត្រលើផ្ទៃព្រះចន្ទទាំងអស់នេះ ត្រូវបានបញ្ចេញដោយ វិទ្យាស្ថានស្រាវជ្រាវអវកាសកូរ៉េខាងត្បូង KARI (The Korea Aerospace Research Institute)។
រូបភាពទាំងអស់នេះមានដូចជារណ្តៅ Wichmann crater ត្រូវបានដាក់ឈ្មោះតាម តារាវិទូជនជាតិអាល្លឺម៉ង់លោក Moritz Ludwig George Wichmann កាលពីសតវត្សរ៍ទី ១៩, រណ្តៅ Tsiolkovskiy crater នៅផ្នែកម្ខាងទៀតនៃព្រះចន្ទដែលមិនបែរមកផែនដី (far side) ត្រូវបានដាក់ឈ្មោះតាមអ្នកវិទ្យាសាស្ត្រ Konstantin Tsiolkovsky ដែលជាអ្នកបង្កើតសមីការរ៉ុក្កែត និងរូបភាពជ្រលង Vallis Schrödinger នៅលើផ្ទៃព្រះចន្ទជាដើម។
ការថតរូបភាពទាំងអស់នេះ ត្រូវបានធ្វើឡើងនៅក្នុងរយៈកម្ពស់ជាង ៣គីឡូម៉ែត្រឡើងទៅ និងប្រើប្រាស់កាមេរ៉ា Lunar Terrain Imager (LUTI) នៅលើផ្កាយរណប Danuri។ គ្រឿងយន្តកូរ៉េខាងត្បូងមួយនេះ ក៏មានបំពាក់នូវ ShadowCam របស់អង្គការ NASA ផងដែរ ដោយវាមានតួនាទី «បំប្លែងទីងងឹតឲ្យមានពន្លឺ» ក្នុងគោលដៅស្វែងយល់អំពីអ្វីដែលមាននៅក្នុងរណ្តៅងងឹតៗនៅលើផ្ទៃព្រះចន្ទ ដែលកាមេរ៉ាទូទៅមិនអាចផ្តិតបាន។
គួរបញ្ជាក់ថា បេសកកម្មស្នូលរបស់ KPLO ខាងលើនេះ នឹងមានរយៈពេលមួយឆ្នាំ ដោយគោលដៅចម្បងនោះគឺ ការថតរូបភាពនៅតំបន់ងងឹតៗ និងប្រកបដោយភូមិសាស្ត្រស្មុគស្មាញនៅលើផ្ទៃព្រះចន្ទ ដែលមានប្រយោជន៍ដល់ បេសកកម្មរ៉ូបូតនៅថ្ងៃអនាគតរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣)