ចង់ជាន់ដីភពអង្គារនៅឆ្នាំ២០៤០? មន្ត្រីជំនាញ NASA ថាពិបាកនឹងទៅរួច… (មានវីដេអូ)

375

(បរទេស)៖ អវកាសយានិកអាចត្រឹមជិះយានអវកាស និងធ្វើគោចរជុំវិញភពអង្គារ (Mars) សិននៅឆ្នាំ ២០៣៣ ប៉ុន្តែការចុះចតយានផ្ទុកមនុស្សនៅលើផ្ទៃភពក្រហមនោះ នៅដើមទសវត្សរ៍ ២០៤០ នឹងក្លាយជាគោលដៅដ៏ «គគ្លើន» និង «ហ៊ានជ្រុលពេក» ហើយ, នេះបើយោងតាមអ្វីដែលមន្ត្រីជំនាញអង្គការ NASA បានលើកឡើងនៅក្នុងកិច្ចប្រជុំមួយ។

ដើម្បីជិះយានអវកាសរយៈពេល ៦ខែទៅកាន់ភពអង្គារ និងចុះចតនៅឆ្នាំ២០៤០ ក្រុមអវកាសយានិក នឹងត្រូវចាកចេញពីភពផែនដីនៅឆ្នាំ ២០៣៩ ដែលជាចក្ខុវិស័យត្រូវបានលើកឡើងពីមុន ដោយប្រធានអង្គការ NASA លោក បៀល នែលសុន (Bill Nelson) និងអតីតប្រធាន NASA លោក ជីម ប្រៃដិនស្តាញ (Jim Bridenstine)។ ប៉ុន្តែ​ NASA ពេលនេះកំពុង​មើលឃើញ​ថា ​វា​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ឱ្យ​ចក្ខុវិស័យ​នេះ​ក្លាយ​ជា​ការ​ពិត នៅ​ក្នុង​រយៈពេល ១៦ឆ្នាំ ​ខាងមុខនេះណាស់។

ប្រធានអង្គការ NASA លោក Bill Nelson (រូបភាពពី NASA)

ជុំវិញបញ្ហានេះ លោក ជីម រ៉យទ័រ (Jim Reuter) អនុប្រធានផ្នែកគ្រប់គ្រង នៃទីភ្នាក់ងារបេសកកម្ម និងបច្ចេកវិទ្យាអវកាស (STMD) របស់ NASA បានថ្លែងក្នុងកិច្ចប្រជុំកំពូលមួយ ស្តីពីការនាំមនុស្សទៅភពអង្គារ (Human to Mars) ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិកថា «ពេលនេះខ្ញុំសូមនិយាយថា វាជាគោលដៅប្រកបដោយឆន្ទៈខ្ពស់ពេក (ឬហ៊ានជ្រុល) មួយ សម្រាប់ពួកយើងដើម្បីបំពេញ។ វាអាចស្តាប់ទៅដូចជាយូរ (១៦ឆ្នាំទៀត) ប៉ុន្តែរយៈពេលប៉ុណ្ណេះ គឺខ្លីណាស់ក្នុងការឈានទៅសម្រេចឲ្យបាននូវបច្ចេកវិទ្យា ដែលយើងត្រូវតែអភិវឌ្ឍនោះ…»។

ស្ថានីយ Gateway ក្នុងថ្ងៃអនាគត (រូបភាពពី NASA)

សម្រាប់ដំណាក់កាលដំបូង បេសកកម្មចុះចតនៅលើភពអង្គារនៅឆ្នាំ ២០៤០ នឹងតម្រូវឱ្យមនុស្សបង្កើតវត្តមាននៅលើព្រះចន្ទ ដែលជាអាទិភាពទីមួយរបស់ NASA ជាមុនសិន ដើម្បីក្លាយជាការពង្រឹងជំហាន មុននឹងឆ្ពោះទៅកាន់ភពព្រះអង្គារ នៅដើមទសវត្សរ៍ ២០៣០ (អាចត្រឹមជាការហោះឆ្វែល និងគោចរជុំវិញភពអង្គារនៅឆ្នាំ២០៣៣ ដោយមិនទាន់ចុះចតនោះទេ)។ អង្គការ NASA គ្រោងនឹងប្រើប្រាស់យ៉ាងទូលំទូលាយនូវស្ថានីយអវកាស នាពេលអនាគតរបស់ខ្លួន ដែលមានឈ្មោះថា Gateway ដែលនឹងធ្វើគោចរជុំវិញឋានព្រះចន្ទ និងជាទីកន្លែងផ្គត់ផ្គង់គ្រឿងបរិក្ខានានា និងអាចឲ្យអវកាសយានិកស្នាក់នៅទីនោះផងដែរ ដើម្បីត្រៀមរៀបចំដំណើរឆ្ពោះទៅរកភពអង្គារ។

យើងអាចយល់ដឹងងាយៗពីបេសកកម្ម Human to Mars បែបនេះ៖ «អវកាសយានិកនឹងធ្វើដំណើរផង និងស្នាក់នៅផងក្នុងស្ថានីយអវកាស Gateway សម្រាប់រយៈពេល ៦ខែ (ស្រដៀងនឹងការធ្វើដំណើរទៅភពព្រះអង្គារ) រួចបន្ទាប់មកក៏ចំណាយពេល ៣០ ថ្ងៃ នៅលើផ្ទៃព្រះចន្ទ (យកព្រះចន្ទធ្វើជាឧទាហរណ៍សម្រាប់ការស្នាក់នៅលើភពអង្គារ) ហើយក៏ត្រលប់ទៅកាន់ស្ថានីយ Gateway វិញ និងស្នាក់នៅទីនោះរយៈពេលប្រាំមួយខែទៀត ដែលដំណើរការបែបនេះជាការធ្វើត្រាប់តាម ការធ្វើដំណើរត្រឡប់មកផែនដីវិញ»។

ជម្រកភពអង្គារសិប្បនិមិត្តនៅរដ្ឋ ហាវ៉ៃ (រូបភាពពី NASA)

NASA បាននិងកំពុងបំពេញបេសកកម្មសាកល្បងបែបនេះ នៅលើផែនដី នោះគឺនៅតំបន់ជម្រកសិប្បនិមិត្ត HI-SEAS នៅរដ្ឋ ហាវ៉ៃ (Haiwaii) ដែលអវកាសយានិកបានហ្វឹកហ្វឺន ធ្វើដូចជាពួកគេកំពុងរស់នៅលើភពអង្គារ បូករួមទាំងការដោះស្រាយការពន្យារពេល នៃការធ្វើទំនាក់ទំនងគ្នារវាងផែនដី និងភពអង្គារដែលមានរយៈពេល ២០នាទីផងដែរ។ ទោះជាយ៉ាងណា ជម្រកសិប្បនិមិត្តនៅហាវ៉ៃ មិនមានស្ថានភាពទំនាញខ្សោយដូចនៅលើភពអង្គារ ដែលស្មើតែ ៣៨% នៃទំនាញផែនដីនោះឡើយ។ ហេតុដូច្នេះ មន្ត្រីជំនាញ NASA គ្រោងនឹងប្រើប្រាស់ Gateway ដែលគោចរជុំវិញព្រះចន្ទ ដើម្បីសាកល្បងពីរបៀបដែលមនុស្ស ឆ្លើយតបនឹងបរិស្ថានដែលមានទំនាញខ្សោយ។

ក្រុមអ្នកវិទ្យាសាស្ត្រ NASA ក៏បានលើកឡើងអំពីការធ្វើតេស្តបច្ចេកវិទ្យា ទប់ទល់នឹងរលកធាតុវិទ្យុសកម្មនៅទីអវកាសផងដែរ ដើម្បីការពារសុវត្ថិភាពអវកាសយានិក ពេលនៅលើផ្ទៃព្រះចន្ទ ក្នុងស្ថានីយអវកាស និងនៅលើផ្ទៃភពអង្គារ ព្រោះទីឋានទាំងនោះមិនមានខែលម៉ាញេទិចដូចផែនដី ដើម្បីការពារអាយុជីវិតមនុស្សពីរលកធាតុវិទ្យុសកម្ម ជះចេញពីព្រះអាទិត្យនោះឡើយ។

ចង់ជាន់ដីភពអង្គារនៅឆ្នាំ២០៤០? មន្ត្រីជំនាញ NASA ថាពិបាកនឹងទៅរួច…
អគារ 3D លើភពអង្គារក្នុថ្ងៃអនាគត (រូបភាពពី  SEArch+/Apis Cor)

សម្រាប់អ្វីដែលអង្គការ NASA កំពុងសម្លឹងមើលមិនដាក់ភ្នែកផងដែរនោះ គឺស្ថាប័នដែលជាដៃគូរបស់ខ្លួន ក្នុងនោះមានដូចជា SpaceX ជាដើម ដែលទទួលបន្ទុកផលិតនាវាអវកាស Starship (អាចដឹកមនុស្សបាន ១០០នាក់) ដើម្បីទ្រទ្រង់ការដឹកនាំជញ្ជូនសម្រាប់ បេសកកម្ម Artemis 3 ទៅកាន់ឋានព្រះចន្ទ។ តែយ៉ាងណា ការធ្វើតេស្តហោះក្នុងគន្លងគោចរ នៅជុំវិញភពផែនដីរបស់ Starship (Ship 24) កាលពីខែមេសា ឆ្នាំ២០២៣ នោះបានទទួលបរាជ័យ ដោយការផ្ទុះឆេះបន្ទាប់ពីទើបហោះឡើងពីផ្ទៃដីបានមិនដល់ ៤នាទីផងនោះ។ NASA គ្រោងប្រើ Starship នេះ ដើម្បីដឹកអវកាសយានិក ទៅចុះចតនៅតំបន់ក្បែរប៉ូលខាងត្បូងព្រះចន្ទ នៅឆ្នាំ២០២៥

Starship ក្នុងការធ្វើតេស្ត (រូបភាពពី SpaceX)

ងាកទៅមើល SpaceX ពេលនេះ គឺកំពុងតែត្រៀមធ្វើតេស្ត នាវាអវកាសគំរូឈ្មោះ Ship 25 បន្ថែមមួយទៀតហើយ ប៉ុន្តែចូរគ្រប់គ្នាសម្លឹងមើលកាលបរិច្ឆេទជាគោលដៅរបស់ NASA សម្រាប់អង្គការបញ្ចូនអវកាសយានិកទៅព្រះចន្ទ នោះគឺនៅឆ្នាំ ២០២៥ ដែលជាពេលវេលាដ៏កៀកបំផុតរួចជាស្រេចទៅហើយ។ ជុំវិញបញ្ហានេះ លោក ជីម ហ្វ្រី (Jim Free) ជំនួយការនៃប្រធានអង្គការ NASA បានថ្លែងថា «យើងត្រូវការការបញ្ជូន Starship ទៅកាន់ទីអវកាស និងទទួលបានជោគជ័យ ដើម្បីក្លាយជាយានចុះចត (lander) ដំបូងរបស់យើង។ Starship ជាយានដ៏ល្អមួយ ដែលជួយសន្សំសំចៃយើង ប៉ុន្តែយើងត្រូវការការបំពេញតាម កាលបរិច្ឆេទដែលត្រូវបានកំណត់»៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣)

480×240 Banner