បាតុភូតរន្ទះបាញ់លើភពព្រហស្បតិ៍ គឺស្រដៀងនៅលើផែនដីយើងដែរ (រូបភាពពី NASA)
(បរទេស)៖ បាតុភូតរន្ទះបាញ់ (Lightning Strike) នៅលើភពព្រហស្បតិ៍ (Jupiter) ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា មានទម្រង់មិនខុសពីនៅលើភពផែនដីយើងនេះឡើយ ដែលអាចផ្តាច់ជីវិតមនុស្សសត្វ និងរុក្ខជាតិបាន, នេះបើតាមលទ្ធផលសិក្សាថ្មីមួយ ទៅលើរូបភាពបានមកពីបេសកកម្ម Voyager 1 របស់អង្គការ NASA ដែលបានចាប់សញ្ញាអំពីបាតុភូតបែបនេះ ជាលើកដំបូងពីភពព្រហស្បតិ៍ កាលពីជាង ៤០ឆ្នាំមុន។
យានអវកាស Voyager 1 នៅគ្រានោះ បានចាប់បានរលកសញ្ញាវិទ្យុក្នុងកម្រិតខ្សោយ ដែលមានរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ និងត្រូវបានដាក់ឈ្មោះសម្គាល់ថា «whistlers»។ ក្រោយមកការសិក្សាបានសន្មត់ថា រលកសញ្ញាវិទ្យុនោះ គឺជាបាតុភូតរន្ទះបាញ់ដែលបានកកើតឡើង នៅលើផ្ទៃពពកឧស្ម័នរបស់ភពឧស្ម័នយក្សនោះ ហើយក៏បានធ្វើឲ្យ Jupiter ក្លាយជាភពដំបូងគេបំផុត ក្រៅពីភពផែនដីយើងនេះ ដែលក្រុមអ្នកវិទ្យាសាស្ត្រឃើញមានបាតុភូតរន្ទះបាញ់។ ប៉ុន្តែចម្ងល់ និងភាពមិនច្បាស់លាស់ ក៏នៅតែមានបន្តអស់រាប់ទសវត្សរ៍មកនេះដដែល។

ឈានចូលមកដល់ឆ្នាំ ២០២៣នេះ អ្វីៗកាន់តែច្បាស់ខ្លាំងឡើង បន្ទាប់ពីយានអវកាស Juno របស់អង្គការ NASA ដែលបានទៅដល់ភពព្រហស្បតិ៍ តាំងតែពីឆ្នាំ២០១៦ នោះ បានបើកកកាយអាថ៌កំបាំងជាច្រើន បូករួមទាំងបាតុភូតរន្ទះបាញ់នេះផងដែរ។ Juno បានពើបប្រទះព្រឹត្តិការណ៍រន្ទះបាញ់ ដែលត្រូវបានដាក់ឈ្មោះថា «step-wise» ស្រដៀងនឹងអ្វីដែលបានកើតឡើង នៅលើភពផែនដីយើងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្របានសន្មត់ថា បើទោះបីជាទំហំរបស់ភពព្រហស្បតិ៍ និងផែនដីខុសគ្នាឆ្ងាយ ហើយភពព្រហស្បតិ៍មានតែបណ្តុំឧស្ម័ន និងគ្មានផ្ទៃរឹងសម្រាប់ជាន់ដូចនៅលើផែនដីយើងមែន តែភពទាំង ២ មានលទ្ធភាពបង្កើត «ព្យុះមានបន្ទុកចរន្តអគ្គិសនី (electrical storms) ដែលដូចគ្នា»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣)
