ទិន្នន័យតេឡេស្កូបកំពូលៗ «៣» រួមបញ្ចូលគ្នាចេញជារូបភាពទម្រង់ «X-ray» ៤សន្លឹកដ៏អស្ចារ្យ (រូបភាពខាងក្នុង)

246

(បរទេស)៖ ជាការពិតណាស់ទីអវកាសដែលភ្នែកមនុស្សមើលឃើញ និងទីអវកាស ដែលកែវលែនតេឡេស្កូបឆ្លុះឃើញ ពិតជាមានទម្រង់ខុសគ្នា ទៅតាមការកំណត់មុខងារ។ ឧទាហរណ៍តេឡេស្កូបអវកាស James Webb មានសមត្ថភាពអង្កេតពន្លឺក្រហមអាំងហ្វ្រា (Infrared Light) និងតេឡេស្កូប Chandra អាចឆ្លុះឃើញកាំរស្មីអ៊ិច (X-ray) សុទ្ធសឹងតែជាទម្រង់ពន្លឺដែលភ្នែកមនុស្ស មិនអាចមើលឃើញនោះឡើយ (Invisible) ខណៈតេឡេស្កូបអវកាស Hubble វិញ គឺមានសមត្ថភាពអាចថតទិដ្ឋភាពទីអវកាស ដែលភ្នែកមនុស្សមើលឃើញ ឬយើងហៅថា Visible Light

ចុះបើយើងយកទិន្នន័យពីតេឡេស្កូបទាំង មករួមបញ្ចូលគ្នាលើរូបភាពនីមួយៗ ឲ្យចេញជាទម្រង់កាំរស្មីអ៊ិច (X-ray) វិញនោះ តើនឹងមានទិដ្ឋភាពបែបណាទៅ? ខាងក្រោមនេះជារូបភាពអវកាស ៤ សន្លឹក ដែលក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់ រូបភាពគោលបានមកពីតេឡេស្កូបអវកាស James Webb និង Hubble មកបន្ថែមពីលើរូបភាពទម្រង់ X-ray របស់ Chandra ដើម្បីឲ្យលោកអ្នកអាចយល់ដឹងថា ប្រសិនបើកែវភ្នែកលោកអ្នក មានសមត្ថភាពឆ្លុះមើលកាំរស្មី X-ray តើនឹងមើលឃើញទិដ្ឋភាពអវកាសទាំងនោះយ៉ាងដូចម្តេច៖

១៖ កាឡាក់ស៊ីរាងគូទខ្យងស្ទើរ (barred spiral) NGC 1672៖ វាស្ថិតនៅចម្ងាយ ៦០លានឆ្នាំពន្លឺពីភពផែនដីយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយរូបភាពបំប្លែងថ្មីរបស់វាជាទម្រង់ X-ray បាននាំឲ្យគ្រប់គ្នាមើលឃើញ តំបន់ភ្លឺៗមួយចំនួនក្នុងទម្រង់ពណ៌ស្វាយ នៅតាមដៃ (spiral arms) នៃតំបន់ជាយៗកាឡាក់ស៊ីនោះ ដែលជាសញ្ញានៃកំហាប់វិទ្យុសកម្ម X-ray ដ៏ខ្លាំងក្លា។ NASA បានអះអាងថា ទាំងនោះជាសញ្ញាជះចេញសារធាតុនានាពីពពួក តារាណឺតុង (Neutron Stars) និងប្រហោងខ្មៅ (Black Hole)។

កាឡាក់ស៊ីរាងគូទខ្យងស្ទើរ (barred spiral) NGC 1672 (Image credit: X-ray: Chandra: NASA/CXC/SAO, XMM: ESA/XMM-Newton; IR: JWST: NASA/ESA/CSA/STScI, Spitzer: NASA/JPL/CalTech; Optical: Hubble: NASA/ESA/STScI, ESO; Image Processing: L. Frattare, J. Major, N. Wolk, and K. Arcand)

២៖ កាឡាក់ស៊ីរាងគូទខ្យង (spiral) ឈ្មោះ M74 ឬមានរហស្សនាមួយទៀតថា កាឡាក់ស៊ី Phantom (ខ្មោច)៖ រូបរាងរបស់វាស្រដៀងនឹង Milky Way របស់យើងដែរ និងស្ថិតនៅចម្ងាយ ៣២លានឆ្នាំពន្លឺពីផែនដី។ ព្រោះតែ Phantom មានស្ថានភាពស្រអាប់ ដែលមិនភ្លឺខ្លាំងដូចកាឡាក់ស៊ីមួយចំនួនទៀតនោះ ទិន្នន័យលម្អិតពីវាក៏មិនសូវមានដែរ រហូតដល់យើងមានតេឡេស្កូប James Webb ដែលអាចផ្តិតបានរចនាសម្ព័ន្ធដ៏ស្មុគស្មាញ។ បូកថែមទិន្នន័យ X-ray ពី Chandra យើងក៏ទទួលបានរូបភាពដូចខាងក្រោម។ ចំណុចពណ៌ស្វាយភ្លឺៗ គឺជាតំបន់ដែលផ្កាយក្មេងៗកំពុងកកើត។

ទិន្នន័យតេឡេស្កូបកំពូលៗ «៣» រួមបញ្ចូលគ្នាចេញជារូបភាពទម្រង់ «X-ray» ៤សន្លឹកដ៏អស្ចារ្យ (រូបភាពខាងក្នុង)
កាឡាក់ស៊ី Phantom (ខ្មោច) (Image credit: X-ray: Chandra: NASA/CXC/SAO, XMM: ESA/XMM-Newton; IR: JWST: NASA/ESA/CSA/STScI, Spitzer: NASA/JPL/CalTech; Optical: Hubble: NASA/ESA/STScI, ESO; Image Processing: L. Frattare, J. Major, N. Wolk, and K. Arcand)

៣៖ បណ្តុំពពកធូលី (នីប៊ូឡា) មានឈ្មោះថា The Eagle Nebula (នីប៊ូឡាឥន្ទ្រី)៖ រូបនេះពិតជាល្បីល្បាញ ហើយបណ្តាអ្នកស្រឡាញ់ផ្នែកតារាសាស្ត្រ ពិតជាមិនអាចមើលឃើញរំលង។ The Eagle Nebula ស្ថិតនៅចម្ងាយ ៦,៥០០ឆ្នាំពន្លឺពីផែនដី ឬយើងអាចហៅវាថា The Pillar of Creation។ រូបភាពក្នុងទម្រង់ X-ray បាននាំឲ្យយើងឃើញតំបន់ភ្លឺៗពណ៌ស្វាយ និងផ្កាឈូក លេចឡើងពាសពេញរូបភាពនោះ ដែលសុទ្ធសឹងជាទីតាំងដែលតារាក្មេងៗកំពុងកកើត។ យើងអាចមើលឃើញថា តំបន់ដែលផ្កាយក្មេងៗកំពុងកកើត មានចំនួនច្រើនស្ថិតនៅក្រៅបណ្តុំពពកធូលី ហើយមានតែចំនួនតិចតួចប៉ុណ្ណោះ ដែលស្ថិតនៅក្នុងបណ្តុំពពកធូលីនោះ។

he Eagle Nebula (នីប៊ូឡាឥន្ទ្រី) (Image credit: X-ray: Chandra: NASA/CXC/SAO, XMM: ESA/XMM-Newton; IR: JWST: NASA/ESA/CSA/STScI, Spitzer: NASA/JPL/CalTech; Optical: Hubble: NASA/ESA/STScI, ESO; Image Processing: L. Frattare, J. Major, N. Wolk, and K. Arcand)

៤៖ តំបន់កញ្ចុំផ្កាយ NGC 346៖ វាមានទីតាំងស្ថិតនៅក្នុងកាឡាក់ស៊ីរណប SMC (Small Magellanic Cloud) របស់កាឡាក់ស៊ី Milky Way យើង ដែលមានចម្ងាយ ២០០,០០០ឆ្នាំពន្លឺពីផែនដី។ បើយើងមើលទៅលើផ្នែកខាងឆ្វេងនៃរូបភាព នោះនឹងឃើញមានពន្លឺពណ៌ស្វាយយ៉ាងធំ ដែលនោះត្រូវបានក្រុមតារាវិទូជឿជាក់ថា ជាកាកសំណល់នៃបន្ទុះស៊ូពើណូវ៉ា (Supernova) របស់ផ្កាយដ៏ធំមួយ។ រូបទី ៤ នេះពិសេសជាងគេ ព្រោះវាមិនត្រឹមតែយកទិន្នន័យពី James Webb, Chandra និង Hubble ប៉ុណ្ណោះទេ តែថែមទាំងពីតេឡេស្កូប XMM-Newton របស់ ESA និង Spitzer (ចូលនិវត្តន៍កាលពីឆ្នាំ២០២០) របស់អង្គការ NASA មកបូកបញ្ចូលផងដែរ៕

តំបន់កញ្ចុំផ្កាយ NGC 346 ((Image credit: X-ray: Chandra: NASA/CXC/SAO, XMM: ESA/XMM-Newton; IR: JWST: NASA/ESA/CSA/STScI, Spitzer: NASA/JPL/CalTech; Optical: Hubble: NASA/ESA/STScI, ESO; Image Processing: L. Frattare, J. Major, N. Wolk, and K. Arcand)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA/ESA/CSA (ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣)

480×240 Banner