ក្រុមតារាវិទូពន្យល់ករណី «ផ្កាយ Betelgeuse ជះពន្លឺ ១៥៦% លើសធម្មតា ក្នុងឆ្នាំ២០២៣នេះ» (មានវីដេអូ)
(បរទេស)៖ យើងដឹងហើយថា ផ្កាយយក្សក្រហម (Red Giant) ឈ្មោះ ប៊ីធែលជូស (Betelgeuse) ធ្លាប់ជាផ្កាយបញ្ចេញពន្លឺភ្លឺខ្លាំងបំផុតលំដាប់លេខ ១០ នៅលើផ្ទៃមេឃផែនដីពេលរាត្រី បន្ទាប់ពីផ្កាយ សាយរើស (Sirius) ដែលភ្លឺខ្លាំងលំដាប់លេខ ១។ ហេតុដូច្នេះការអង្កេតមើល បម្រែបម្រួលរបស់ Betelgeuse គឺជាបេសកកម្មដ៏គួរឲ្យចាប់អារម្មណ៍ ខណៈដែលប៉ុន្មានឆ្នាំចុងក្រោយនេះ ការឲ្យសញ្ញាប្លែកៗពីផ្កាយដែលមានចម្ងាយ ៦៤២.៥ឆ្នាំពន្លឺពីផែនដីមួយនេះ កាន់់តែជំរុញឲ្យក្រុមអ្នកវិទ្យាសាស្ត្រប្រឹងប្រែងអង្កេត និងវិភាគរកមូលហេតុរបស់វា។
ផ្កាយ Betelgeuse ធ្លាប់បានចុះថយពន្លឺគួរឲ្យកត់សម្គាល់ កាលពីជាងពាក់កណ្តាលឆ្នាំ ២០១៩ និងនៅដើមឆ្នាំ ២០២០ ហើយចាប់តាំងពីពេលនោះផ្កាយយក្សក្រហមមួយនេះ នៅតែបង្ហាញការចុះថយពន្លឺជាលំដាប់។ ប៉ុន្តែអ្វីដែលយើងហាក់មើលឃើញថា ជាវដ្តធម្មតានៃការប្រែប្រួលរបស់ផ្កាយ ដែលកំពុងឈានទៅរកការផ្ទុះ (Supernova) នោះ បានផ្លាស់ប្តូរវិញហើយ។ ឥឡូវនេះផ្កាយ Betelgeuse បានកើនពន្លឺខ្លាំងយ៉ាងចម្លែក ដោយមិនត្រូវបានរំពឹងទុក ដែលស្មើនឹងកម្រិតពន្លឺលើស ១៤១% នៃកម្រិតពន្លឺធម្មតារបស់វា (គិតក្នុងកំលុងខែឧសភា ឆ្នាំ២០២៣ នេះ)។
កន្លងមកនេះ ផ្កាយ Betelgeuse មានការប្រែប្រួលពន្លឺឡើងចុះ នៅក្នុងគម្លាតតិចតួចពីគ្នាប៉ុណ្ណោះ (រវាងកម្រិតខ្ពស់បំផុត និងទាបបំផុត) ប៉ុន្តែសម្រាប់និន្នាការថ្មីចុងក្រោយនេះវិញ ពន្លឺរបស់វាហាក់កើនឡើងយ៉ាងចម្លែក ហើយបានកើនឡើងខ្ពស់បំផុតរហូតដល់ទៅកម្រិត ១៥៦% លើសពីពន្លឺធម្មតា កាលពីកំលុងខែមេសា ឆ្នាំ២០២៣។
បច្ចុប្បន្ននេះ Betelgeuse គឺជាផ្កាយភ្លឺបំផុតលំដាប់ទី ៧ នៅលើមេឃផែនដីពេលរាត្រី ដែលកើនឡើងពីលេខរៀងធម្មតាពីមុនរបស់វានោះគឺទី ១០។ ចំណុចនេះ កាន់តែបង្កឱ្យមានការគាំទ្រ ចំពោះការព្យាករណ៍ដែលថា Betelgeuse នឹងផ្ទុះ (Supernova)។ ប៉ុន្តែក្រុមតារាវិទូអាចប្រាប់លោកអ្នកពេលនេះវិញថា «គួរឱ្យស្តាយ… វាប្រហែលជាមិនមែនបែបនោះភ្លាមៗទេ។ ទោះបីជា Betelgeuse កំពុងស្ថិតនៅក្បែរមាត់ជ្រោះនៃសេចក្តីវិនាស (បើគណនាលើជញ្ជីង នៃពេលវេលាអវកាស) ក៏ដោយ តែបើយើងគិតតាមជញ្ជីង នៃពេលវេលារបស់មនុស្សលើផែនដីវិញ ផ្កាយនេះអាចផ្ទុះនៅរយៈពេលយ៉ាងហោចណាស់ ១០០,០០០ឆ្នាំទៀតឯណោះ»។
យោងតាមក្រុមវិទ្យាសាស្ត្រ ឥរិយាបថបច្ចុប្បន្នរបស់ Betelgeuse អាចត្រឹមជាភាពវិលវល់បន្ដិចបន្ដួចប៉ុណ្ណោះ បន្ទាប់ពីព្រឹត្តិការណ៍ថយចុះពន្លឺយ៉ាងគំហុកកាលពីឆ្នាំ ២០១៩ និង ២០២០ ហើយផ្កាយនេះនឹងត្រលប់ទៅរកសភាពធម្មតាវិញ ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។ Betelgeuse គឺជាប្រភេទផ្កាយដែលមិនធម្មតាមួយ ទោះបីកន្លងមកយើងបានចាត់បញ្ចូលវា ទៅក្នុងជំពូក Red Giant នោះក៏ដោយ។ នៅរយៈពេលណាមួយនោះ Betelgeuse ធ្លាប់ជាផ្កាយដែលខុសប្លែកពីបច្ចុប្បន្នទាំងស្រុង នោះគឺជា «ផ្កាយពណ៌ខៀវ-ស ឬ O-type star» ដែលជាលំដាប់ថ្នាក់តារាទម្ងន់ធ្ងន់។
សម្រាប់ពពួកផ្កាយកម្រិតធំដូចជា Betelgeuse នេះ តែងតែដុតចំហេះដោយប្រើប្រាស់ អ៊ីដ្រូសែនដែលមានស្រាប់របស់ពួកវា លឿនជាងពពួកផ្កាយដែលមានទម្ងន់ស្រាលជាង។ Betelgeuse មានអាយុត្រឹមតែ ៨ – ៨.៥ លានឆ្នាំប៉ុណ្ណោះ។ បើធៀបទៅនឹងផ្កាយដូចជាព្រះអាទិត្យយើង ដែលមានអាយុកាល ៤.៦ពាន់លានឆ្នាំ ព្រះអាទិត្យកំពុងស្ថិតនៅត្រឹមតែពាក់កណ្តាលផ្លូវ នៃការដុតចំហេះអ៊ីដ្រូសែនរបស់ខ្លួនប៉ុណ្ណោះ។
Betelgeuse បានផ្លាស់ប្តូរឥរិយាបថនៃការឡើងចុះពន្លឺរបស់វា ចាប់តាំងពីវាឈានចូលដល់តំណាក់កាល ដុតចំហេះអ៊ីដ្រូសែនរបស់វាច្រើនខុសប្រក្រតីនោះមកម្ល៉េះ។ ឥឡូវនេះ វាបានបំប្លែងសារធាតុអេល្យូម (Helium) ទៅជាកាបូន (Carbon) និងអុកស៊ីហ៊្សែន (Oxygen) ហើយបានរីកមាឌទៅរកទំហំប្រមាណ ៧៦៤ដងនៃទំហំព្រះអាទិត្យ និង ១៦.៥ – ១៩ដងនៃម៉ាស់របស់ព្រះអាទិត្យ។ នៅទីបំផុត វានឹងអស់ឥន្ធនៈដើម្បីដុតចំហេះ ហើយក៏ផ្ទុះឡើងចេញជាព្រឹត្តិការណ៍ ស៊ូពើណូវ៉ា (supernova) ដែលជាការជះចោលស្រទាប់ក្រៅៗរបស់វាទៅកាន់ទីអវកាសជុំវិញ ខណៈស្នូលរបស់វានឹងដួលរលំក្លាយជាទៅជាផ្កាយណឺត្រុង (neutron star) មួយ។
រំលឹកទៅដល់ព្រឹត្តិការណ៍ថមថយពន្លឺយ៉ាងគំហុក (Great Dimming Event) របស់ Betelgeuse នោះ មនុស្សលោកបានឃើញផ្កាយនេះ ថយចុះក្នុងពន្លឺស្ទើរតែ ២៥% ដែលនេះពិតជាចំនួនសន្ធឹកសន្ធាប់សម្រាប់តារាមួយ ដែលយើងងាយអង្កេត។ ក្រុមតារាវិទូបានព្យាយាមសិក្សា និងស្វែងរកមូលហេតុ ហើយនៅទីបំផុតកាលណោះគេបានសន្និដ្ឋាន ថា ទី៖ ផ្កាយ Betelgeuse ទំនងជាបានកើតមាន «ចំណុចខ្មៅមហាយក្ស» (super giant starspots ដូចក្នុងរូបភាព) លើផ្ទៃស្រទាប់លើរបស់វាដែលនាំឲ្យពន្លឺរបស់វាថយចុះដោយស្វ័យប្រវត្តិ និង ទី២៖ វាអាចជាការជះនូវឧស្ម័នចេញពីខ្លួន Betelgeuse ទៅកាន់ទីអវកាសនៅជុំវិញ។
សម្រាប់ករណីទី ២ ខាងលើនេះ បណ្តុំពពកនៃធូលី និងឧស្ម័នបានកើនឡើងជាបន្តបន្ទាប់ ហើយពួកវាខ្លះបានបិទបាំងពន្លឺរបស់ Betelgeuse ដែលបណ្តាលឱ្យវាហាក់ដូចជាស្រអាប់ ឬថយចុះពន្លឺ។ ក្រុមអ្នកវិទ្យាសាស្ត្របានពន្យល់ទៀតថា នេះជាអាកប្បកិរិយាធម្មតាមួយ សម្រាប់ពពួកផ្កាយយក្សក្រហម គ្រាន់តែកន្លងមកនេះយើងគ្មានឱកាសបានមើលឃើញទិដ្ឋភាពបែបនេះនឹងភ្នែកដូច Betelgeuse នោះប៉ុណ្ណោះ។
គួរបញ្ជាក់ថា នៅមុនពេលព្រឹត្តិការណ៍ថយចុះពន្លឺដ៏គំហុករបស់ Betelgeuse នោះកើតឡើង ផ្កាយយក្សក្រហមនេះក៏មានការប្រែប្រួលពន្លឺនៅតាមវដ្តដ៏ទៀងទាត់របស់វាផងដែរ។ រយៈពេលវែងបំផុតនៃវដ្តទាំងនេះគឺប្រហែលជិត ៦ឆ្នាំម្តង ឬក៏មួយថេរវេលាទៀតគឺ ៤០០ថ្ងៃ។ ប៉ុន្តែពេលនេះ ក្រុមតារាវិទូបានរកឃើញថា ព្រឹត្តិការណ៍ថយចុះពន្លឺកាលពីឆ្នាំ ២០១៩ និង ២០២០ នោះ បានបណ្តាលឱ្យមានការផ្លាស់ប្តូរមួយចំនួន នៅក្នុងដំណើរប្រែប្រួលជាទៀងទាត់ពីមុនរបស់ Betelgeuse ហើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Science Alert (ថ្ងៃអាទិត្យ ទី២៨ ខែឧសភា ឆ្នាំ២០២៣)