យាន NASA ហោះកៀកព្រះចន្ទភ្នំភ្លើង១ របស់ភពព្រហស្បតិ៍ និងផ្តិតបានរូបភាពជាច្រើន (មានវីដេអូ)
(បរទេស)៖ យានអវកាសជូណូ (Juno) របស់អង្គការ NASA ទើបតែបានហោះទៅកៀកនឹង ព្រះចន្ទអាយអូ (Io) របស់ភពព្រហស្បតិ៍ (Jupiter) កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ហើយរូបភាពថ្មីៗអំពីបេសកកម្មនោះ ទើបតែត្រូវបានបញ្ចេញ នៅចុងខែឧសភានេះប៉ុណ្ណោះ ស្ថិតក្នុងគោលដៅសិក្សាស្វែងយល់ អំពីបុគ្គលិកលក្ខណៈនៃព្រះចន្ទ ដែលសំបូរភ្នំភ្លើងបំផុត នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ។
ការហោះឆ្វែល (flyby) ខាងលើនេះ ត្រូវបានធ្វើឡើងក្នុងគម្លាតដ៏កៀកបំផុត ៣៥,៥០០គីឡូម៉ែត្រពីព្រះចន្ទ Io ដែលមិនមាននោះឡើយពីមុនមក។ នេះក៏ជាឆ្នាំទី ៣ ផងដែរ សម្រាប់បេសកកម្មអូសបន្លាយរបស់ Juno ខណៈគិតចាប់តាំងពីការហោះទៅដល់ ប្រព័ន្ធភពព្រហស្បតិ៍កាលពីពាក់កណ្តាលឆ្នាំ ២០១៦ មកដល់ជិតពាក់កណ្តាលឆ្នាំ ២០២៣ នេះ យានហោះដោយប្រើថាមពលព្រះអាទិត្យមួយនេះ បានហោះហើរក្នុងប្រវែងផ្លូវជាង ៨៥០លានគីឡូម៉ែត្ររួចទៅហើយ។
គិតត្រឹមពេលនេះ Juno បានហោះឆ្វែលភពព្រហស្បតិ៍សរុប ៥០លើក និងបានហោះកៀកព្រះចន្ទ ៣ ក្នុងចំណោមព្រះចន្ទធំៗទាំង ៤ របស់ភពឧស្ម័នយក្សនេះមានដូចជា Europa, Ganymede និង Io ខណៈព្រះចន្ទ Callisto វិញក៏ស្ថិតក្នុងគោលដៅនៃការហោះឆ្វែលដោយ Juno ផងដែរ។
ជុំវិញការហោះឆ្វែល Io នេះ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Scott Bolton មកពីវិទ្យាស្ថានស្រាវជ្រាវ SRI នៃទីក្រុង San Antonio រដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានពន្យល់ថា «Io ជាព្រះចន្ទដែលសំបូរភ្នំភ្លើងសកម្មបំផុតដែលយើងស្គាល់ នៅក្នុងប្រព័ន្ធព្រះអាទិត្យនេះ…។ តាមរយៈការសង្កេតយ៉ាងកៀក និងជាដំណាក់កាលៗ យើងអាចដឹងអំពីឥរិយាបថភ្នំភ្លើងទាំងនោះ ថាតើពួកវាផ្ទុះឡើងដោយរបៀបណា, ភ្លឺ និងក្តៅដល់កម្រិតណា, តើជាបណ្តាញភ្នំភ្លើង ឬមួយជាភ្នំភ្លើងទោលៗ និងថាតើលំហូរនៃកម្អែលភ្នំភ្លើងទាំងនោះ មានការប្រែប្រួលដូចម្តេច…»។
គួរបញ្ជាក់ថា ព្រះចន្ទ Io មានទំហំធំជាងព្រះចន្ទផែនដីយើងនេះ តែបន្តិចប៉ុណ្ណោះ។ បើតាមលទ្ធផលស្រាវជ្រាវរបស់ Juno ព្រះចន្ទ Io មិនត្រឹមតែទទួលរងឥទ្ធិពលកម្តៅ ពីកម្លាំងជំនោរ (Tidal Heating) ពីភពព្រហស្បតិ៍ប៉ុណ្ណោះទេ តែក៏ពីសំណាក់ព្រះចន្ទធំៗផ្សេងទៀត នៅក្នុងប្រព័ន្ធជាមួយគ្នាដែរ។ កត្តានេះបានជំរុញឲ្យ Io កើតមានកម្អែលហូរចេញពីភ្នំភ្លើងជាច្រើនរបស់វា៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣)