James Webb ថតបាន «កំសួលទឹក» ផុសចេញពីព្រះចន្ទភពសៅរ៍! តើពេលផុសចេញរួច ពួកវាទៅណា?

581

(បរទេស)៖ តេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA បានប្រទះឃើញកំសួលទឹក (Water Vapor ឬ Plumes) ដ៏ច្រើនសម្បើម ផុសចេញពីផ្ទៃព្រះចន្ទ អ៊ែនសេឡាដឹស (Enceladus) របស់ភពសៅរ៍ (Saturn) ដោយកំសួលទឹកនោះមានវិសាលភាពដល់ទៅប្រមាណ ៩,៦៥០គីឡូម៉ែត្រឯណោះ និងផុសឡើងចំនួនប្រហែល ២៩៩ លីត្រក្នុងមួយវិនាទី

Enceladus គឺជាទីឋានដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយ ក្នុងការស្វែងរកសញ្ញានៃជីវិត ដែលអាចកើតមាននៅក្រៅពីភពផែនដីរបស់យើង។ នៅក្រោមសំបកទឹកកករបស់ព្រះចន្ទ ដែលមានអង្កត់ផ្ចិតប្រមាណ ៥០៤គីឡូម៉ែត្រមួយនេះ មានលាក់នូវមហាសមុទ្រទឹកប្រៃ (នេះបើតាមលទ្ធផលសិក្សា ទទួលបានមកពីបេសកកម្មយាន Cassini របស់អង្គការ NASA)។

James Webb ថតបាន «កំសួលទឹក» ផុសចេញពីព្រះចន្ទភពសៅរ៍! តើពេលផុសចេញរួច ពួកវាទៅណា?
Water Plume ចេញពីព្រះចន្ទ Enceladus ថតដោយ James Webb (រូបភាពពី NASA/ESA/CSA)

បើតាមអង្គការ NASA ក្រោយពេលដែលកំសួលទឹកដែលមានប្រភពពី មហាសមុទ្រទឹករាវក្រោមសំបកទឹកកកនោះ ផុសចេញពីផ្ទៃព្រះចន្ទ Enceladus បន្តិចម្តងៗវានឹងត្រូវបញ្ជូនចូលទៅក្នុងភពសៅរ៍ និងរង្វង់ Rings ដែលស្ថិតនៅជុំវិញភពឧស្ម័នយក្សនោះ ហើយក៏បង្កើតជាតំបន់ពិសេសមួយទៀតផងដែរ។

តំបន់ម៉ូលលេគុលទឹក (Water Donut) នៅតាមគន្លងគោចរ Enceladus ជុំវិញភពសៅរ៍ (រូបភាពពី NASA)

គួរបញ្ជាក់ថា ការរកឃើញរបស់ James Webb បានផ្តល់នូវការយល់ដឹងថ្មីទៀត អំពីរបៀបដែលកំសួលទឹកនៃ Enceladus ដើរតួនាទីដូចជាប្រព័ន្ធស្រោចស្រពទឹកមួយ។ នៅពេលដែលព្រះចន្ទទឹកកកនេះ គោរជុំវិញភពសៅរ៍ វាតែងតែព្រួសទឹកចេញឥតឈប់ឈរ ដោយបន្សល់ទុកនូវ «រង្វង់ម៉ូលេគុលទឹកកកមួយ (water “donut”)» នៅតាមគន្លងគោចររបស់ Enceladus ជុំវិញភពសៅរ៍។ យោងតាមការវិភាគទិន្នន័យបានមកពី James Webb ក្រុមតារាវិទូជឿជាក់ថា ទឹកក្នុងចំនួនប្រហែល ៣០% ប៉ុណ្ណោះដែលកាក់ទុកនៅក្នុងបណ្តុំ Water Donut នោះ ខណៈ ៧០% ផ្សេងទៀតត្រូវបានផ្គត់ផ្គង់ដល់ភពសៅរ៍ និងបណ្តុំខ្សែក្រវាត់ (Rings) របស់វា៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣)

480×240 Banner