អង្គការមិនមែនរដ្ឋាភិបាល ស្នើសុំឱ្យក្រសួងសេដ្ឋកិច្ច យកពន្ធបារីបន្ថែម ចាប់ពី ៥០០រៀលក្នុង១កញ្ចប់ ពីលើអត្រាពន្ធបច្ចុប្បន្ន
(ភ្នំពេញ)៖ អង្គការមិនមែនរដ្ឋាភិបាល គាំទ្រចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅក្នុងដំណើរការកំណែទម្រង់ពន្ធថ្នាំជក់ និងយល់ឃើញថា ការយកពន្ធបន្ថែមចាប់ផ្តើមពី ៥០០រៀលក្នុងបារីមួយកញ្ចប់ ឬច្រើនជាងនេះ ស័ក្តិសមបំផុត សម្រាប់បច្ចប្បន្ន។
នេះបេីតាមការបញ្ជាក់របស់អង្គការមិនមែនរដ្ឋាភិបាល នៅក្នុងវេទិកាស្តីពីវិធានការពន្ធលើផលិតផលថ្នាំជក់ ដែលបានធ្វើនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម លោកស្រី លោក តំណាងរដ្ឋសភា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន សរុបប្រមាណ២០០នាក់។
បើតាមការវិភាគស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក ការយកពន្ធបន្ថែម៥០០រៀលក្នុងបារីមួយកញ្ចប់ នឹងធ្វើ អោយ តម្លៃបារីកើនឡើង១៥% កាត់បន្ថយអ្នកជក់បារីបាន៣០ ០០០នាក់ នៅឆ្នាំបន្ទាប់ និងបង្ការប្រជាពលរដ្ឋ ១០ ០០០នាក់ពីការស្លាប់មុនអាយុកំណត់បណ្តាលមកពីការជក់បារី ក្នុង រយៈពេល ១០ទៅ១៥បន្ទាប់។ មិនតែប៉ុណ្ណោះការដំឡើងពន្ធបារី៥០០រៀលក្នុង១កញ្ចប់នេះ នឹងធ្វើអោយប្រាក់ចំណូលពន្ធរដ្ឋកើនឡើង ២១៣ 000 000 000រៀល (ជាង៥៣លានដុល្លារសហរដ្ឋ)ក្នុង១ឆ្នាំ។
អង្គការសុខភាពពិភពលោក បានកំណត់ច្បាស់ថា ការដំឡើងពន្ធថ្នាំជក់ គឺជាវិធានការទោលដែលមានប្រសិទ្ធភាពជាងគេ ក្នុងការកាត់បន្ថយហានីភ័យដែលបណ្តាលមកពីថ្នាំជក់។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ១៥ ០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពីការជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ដែលក្នុង១ថ្ងៃៗ មានអ្នកស្លាប់ប្រមាណជាង៤០នាក់។
ជំងឺទាំងនោះរួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូង ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាងក្រោម ជំងឺត្បៀតទងសួតរ៉ាំរ៉ៃ និងជំងឺមហារីកសួត ទងសួត និងបំពង់ខ្យល់។ល។ ៣៣%នៃអ្នកស្លាប់ទាំងអស់ កើតឡើងចំពោះប្រជាពលរដ្ឋដែលមានប្រាក់ចំណូលទាបបំផុត។ លើសពីនេះទៀត ការប្រើប្រាស់ថ្នាំជក់បណ្តាលអោខាតបង់៦៤៩លានដុល្លារសហរដ្ឋ ដែលស្មើនឹង៣%នៃGDPរបស់កម្ពុជា៕