តេឡេស្កូប James Webb ឆ្លុះឃើញ «ទឹក» ក្នុងបរិយាកាសភាពក្តៅគគុក១ ចម្ងាយរាប់រយឆ្នាំពន្លឺពីផែនដី (មានវីដេអូ)
(បរទេស)៖ ភព exoplanet មួយមានឈ្មោះថា WASP-18 b ទើបតែត្រូវបានឆ្លុះមើលដោយ តេឡេស្កូបអវកាស James Webb ហើយអ្វីដែលពិសេសបំផុតនោះ ក្រុមអ្នកវិទ្យាសាស្ត្របានប្រទះឃើញវត្តមាន «ទឹក» នៅក្នុងបរិយាកាសភព ដែលមានចម្ងាយ ៤០០ឆ្នាំពន្លឺពីភពផែនដីនោះ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ខណៈសីតុណ្ហភាពក្នុងបរិយាកាសភពនេះ គឺមានកម្រិតដល់ទៅ ២,៧០០អង្សាសេឯណោះ។
ជាការពិតណាស់ ទឹកនៅក្នុងបរិយាកាសភព WASP-18 b នោះមានទម្រង់ជាចំហាយ (Water Vapor) ហើយភពនេះគោចរជុំវិញផ្កាយមេរបស់វាមួយជុំ ដោយប្រើប្រាស់ពេលមិនដល់ ១ថ្ងៃនៃពេលវេលាលើផែនដីយើងឡើយ នៅក្នុងគម្លាត ៣.១លានគីឡូម៉ែត្រពីគ្នា (ជាការប្រៀបធៀប ភពពុធ (Mercury) គោចរក្នុងគម្លាតជាមធ្យម ៦៣.៤លានគីឡូម៉ែត្រពីព្រះអាទិត្យ។ ជាងនេះទៅទៀត វាមិនត្រឹមតែមានទំហំធំជាងភពព្រហស្បតិ៍ (Jupiter) ប៉ុណ្ណោះទេ តែភព WASP-18 b នេះក៏មានម៉ាស់ធ្ងន់ជាង Jupiter យើងរហូតដល់ទៅ ១០ដងផងដែរ។
ភព WASP-18 b ត្រូវបានរកឃើញកាលពីឆ្នាំ ២០០៨ និងធ្លាប់ទទួលបានការអង្កេតជាបន្តបន្ទាប់ ដោយតេឡេស្កូបអវកាស Hubble, Chandra, TESS និង Spitzer ផងដែរ។ ដោយឡែក ការអង្កេតបរិយាកាសភព WASP-18 b ដោយ James Webb ពេលនេះ គឺជាប្រយោជន៍ថ្មីមួយទៀតដល់ការសិក្សា អំពីបុគ្គលិកលក្ខណៈនៃពពួកភព exoplanet ធំៗ ដែលគោចរក្នុងល្បឿនលឿន និងកៀកផ្កាយមេរបស់ពួកវាខ្លាំង។ ដោយសារតែកម្តៅក្តៅខ្លាំងពេកនេះហើយ ទើបធ្វើម៉ូលេគុលទឹកនៅក្នុងបរិយាកាសភព WASP-18 b ត្រូវបែកខ្ញែកចេញពីគ្នា។
គួរបញ្ជាក់ថា ភព WASP-18 b ស្ថិតនៅក្នុងគន្លងគោចរបិទ (locked orbit) ដោយម្ខាងបែរមុខរកផ្កាយវារហូត និងម្ខាងទៀតងងឹតរហូត។ នេះជាលើកដំបូងហើយដែល James Webb អាចឆ្លុះឃើញធាតុផ្សំ នៅក្នុងបរិយាកាសរបស់ភពនោះ ព្រោះតែតេឡេស្កូបអវកាសនេះ មានឧបករណ៍ឆ្លុះមើលការបំប្លែងពណ៌នៃពន្លឺ នៅក្នុងបរិយាកាស នៅពេលពន្លឺផ្កាយចាំងទៅក្នុងបរិយាកាសភពនោះ។ ការវិភាគលើទម្រង់ពណ៌នៃពន្លឺទាំងអស់នោះហើយ នឹងប្រាប់យើងពីប្រភេទនៃសមាសធាតុគីមីផ្សំ ដែលមាននៅក្នុងបរិយាកាសភពនោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA/ESA/CSA (ថ្ងៃសុក្រ ទី០២ ខែមិថុនា ឆ្នាំ២០២៣)