ក្នុងរូប១សន្លឹករបស់ James Webb នេះមានកាឡាក់ស៊ីជាង ៧០០ ដែលចាស់ៗ (UPDATE)

250

(បរទេស)៖ ថ្មីៗនេះក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA បានបញ្ចេញរូបភាពមួយសន្លឹក ដែលផ្ទុកកាឡាក់ស៊ីសរុបរហូតដល់ទៅ ៤៥,០០០ កាឡាក់ស៊ីឯណោះ។ ប៉ុន្តែវាមិនទាន់ចប់ត្រឹមនេះទេ ដោយក្រុមតារាវិទូបានរកឃើញកាឡាក់ស៊ីវ័យចំណាស់ៗប្រមាណ ៧១៧ កាឡាក់ស៊ី នៅក្នុងរូបនេះថែមទៀត។

បើតាមក្រុមការងារគ្រប់គ្រង James Webb ចំនួនកាឡាក់ស៊ីវ័យចំណាស់ទាំង ៧១៧ កាឡាក់ស៊ីនេះ គឺស្មើនឹង ៩៣% នៃកាឡាក់ស៊ីវ័យចំណាស់ទាំងអស់ ដែលតេឡេស្កូបអវកាសនេះបានរកឃើញក្នុងរយៈពេល ១ឆ្នាំមកនេះទៅហើយ។ កាឡាក់ស៊ីទាំងអស់នេះ ទំនងជាស្ថិតនៅក្នុងចង្កោមកាឡាក់ស៊ីដំបូងៗ ដែលបានកកើតឡើងនៅពេលចក្រវាល (Universe) ទើបតែចាប់កំណើតឡើង។

ក្នុងរូប១សន្លឹករបស់ James Webb នេះមានកាឡាក់ស៊ីជាង ៧០០ ដែលចាស់ៗ (UPDATE)
រូបភាពកាឡាក់ស៊ី ៤៥,០០០ (រូបភាពពី NASA/ESA/CSA)

យោងតាមការគណនាលើទម្រង់នៃពន្លឺក្រហមៗ របស់កាឡាក់ស៊ីដំបូងៗទាំងនោះបានប្រាប់យើងថា ពួកវាបានកកើតឡើងខ្ទង់ ៦០០លានឆ្នាំបន្ទាប់ពីព្រឹត្តិការណ៍ ប៊ីកប៊ែង (បន្ទុះ Big Bang បានកើតមានឡើងកាលពី ១៣.៨ពាន់លានឆ្នាំមុន)។ បើតាមលទ្ធផលសិក្សាថ្មី កាឡាក់ស៊ីដំបូងៗទាំងអស់នោះមានរចនាសម្ព័ន្ធ និងប្លុកនៃផ្កាយកកើត ប្រកបដោយលក្ខណៈស្មុគស្មាញ។

រំលឹក៖ តេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានបង្កើតស្នាដៃថ្មីសន្លាងមួយទៀត ដើម្បីត្រៀមអបអរខួប ១ឆ្នាំ នៃការធ្វើប្រតិបត្តិការជាផ្លូវការរបស់ខ្លួន ហើយរូបភាពដែលត្រូវបានបញ្ចេញ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ មានផ្ទុកទៅដោយកាឡាក់ស៊ីរហូតដល់ទៅ ៤៥,០០០កាឡាក់ស៊ីឯណោះ។ ប៉ុន្តែឈប់សិន! ហេតុអ្វីក៏មានកាឡាក់់ស៊ីច្រើនម្ល៉េះ?

តេឡេស្កូបអវកាស James Webb (រូបភាពពី NASA)

ជាការពិតណាស់ នេះមិនមែនជារូបភាពដែលត្រូវបានផ្តិតយក ដោយប្រើប្រាស់វីធីសាស្ត្រធម្មតាៗនោះទេ តែវាបានលេចចេញមកតាមរយៈកម្មវិធី ស្ទាបស្ទង់វត្តមានកាឡាក់ស៊ីក្នុងកម្រិតខ្ពស់ (Advanced Deep Extragalactic Survey ឬហៅយ៉ាងខ្លីថា JADES) ជាកម្មវិធីធំមួយរបស់ក្រុមការងារគ្រប់គ្រង James Webb ដើម្បីស្វែងយល់អំពីបដិវត្តន៍នៃការកកើតកាឡាក់ស៊ី និងផ្កាយនានា នៅក្នុងអំលុងពេលដំបូងៗ ក្រោយការចាប់កំណើតរបស់ចក្រវាល៕

ប្រែសម្រួល៖ Cambo Space
ប្រភព៖ NASA/ESA/CSA (ថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣)

480×240 Banner