NASA៖ មិថុនា ២០២៣ ជាខែមិថុនាដ៏ក្តៅបំផុត ខណៈ៣ថ្ងៃនៃខែកក្កដានេះ ជាថ្ងៃក្តៅបំផុតក្នុងកំណត់ត្រា (មានវីដេអូ)

555

(បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានអះអាងថា កំលុងខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ គឺជា «ខែមិថុនាដ៏ក្តៅបំផុត» មិនធ្លាប់ត្រូវបានជួបប្រទះ ចាប់តាំងពីអង្គការនេះ ចាប់ផ្តើមធ្វើកំណត់ត្រាជាប្រចាំ ទៅលើការកើនឡើងកម្តៅនៃភពផែនដីមក។

អង្គការ NASA នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានប្រើប្រាស់លំនាំធាតុអាកាស ដែលខ្លួនបានកត់ត្រាចាប់ពីអំលុងឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៨០ ធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការព្យាករណ៍អំពី ការកើនឡើងកម្តៅសីតុណ្ហភាពផែនដី ពីមួយឆ្នាំទៅមួយឆ្នាំ និងទៅតាមខែ ព្រមទាំងរដូវកាលក្នុងឆ្នាំនីមួយៗផងដែរ។

(រូបភាពពី NOAA)

កម្មវិធីតាមដានរបស់អង្គការ NASA ខាងលើនេះមានឈ្មោះថា GISTEMP ដែលតែងតែធ្វើការអង្កេតជាប្រចាំ លើបញ្ហាបម្រែបម្រួលធាតុអាកាសជាប្រចាំថ្ងៃ តាមរយៈបណ្តាញផ្កាយរណប, នាវាលើផ្ទៃសមុទ្រ, ពោងបណ្តែតលើទឹកសមុទ្រ និងមណ្ឌលតាមដាននៅលើដី ក្នុងនោះក៏រួមមានមូលដ្ឋានអង្កេត នៅលើទ្វីបទឹកកកអង់តាកទិក (Antarctica) ផងដែរ។

យោងតាមលទ្ធផលនៃការតាមដានថ្មីបានបង្ហាញថា ខែមិថុនា នៃឆ្នាំ២០២៣នេះ បានក្លាយជាខែមិថុនា ដែលក្តៅជាងគេបំផុតមិនធ្លាប់ត្រូវបានជួបប្រទះ គិតចាប់តាំងពីអង្គការ NASA បានចាប់ផ្តើមធ្វើកំណត់ត្រាជាប្រចាំ លើស្ថានភាពធាតុអាកាសភពផែនដី នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះមក។

ដោយឡែកសម្រាប់ថ្ងៃទី ៣, ៤ និង ៥ ខែកក្កដា ឆ្នាំ២០២៣ វិញត្រូវបានគេដឹងថា ជាថ្ងៃដែលមានធាតុអាកាសក្តៅបំផុត មិនធ្លាប់មាននៅលើភពផែនដី គិតចាប់តាំងពីការចាប់ផ្តើមធ្វើកំណត់ត្រាកាលពីឆ្នាំ ១៩៧៩។ ទោះបីជាកន្លែងខ្លះ សីតុណ្ហភាពហាក់មិនក្តៅខ្លាំង ហើយកន្លែងខ្លះទៀតបែរជាត្រជាក់ខ្លាំងខុសប្រក្រតីក៏ដោយ ក៏លទ្ធផលមិនល្អនៅតែបានលេចចេញមក ព្រោះតែការបូកសរុបទិន្នន័យសីតុណ្ហភាព បានមកពីគ្រប់តំបន់ និងកម្រិត។

NASA៖ មិថុនា ២០២៣ ជាខែមិថុនាដ៏ក្តៅបំផុត ខណៈ៣ថ្ងៃនៃខែកក្កដានេះ ជាថ្ងៃក្តៅបំផុតក្នុងកំណត់ត្រា (មានវីដេអូ)
(រូបភាពពីបរទេស)

យោងតាមទីភ្នាក់ងារសារព័ត៌មាន AP ការគណនាត្រូវបានធ្វើឡើង ដោយយកតំបន់ដែលមានធាតុអាកាស ចាប់ពីកម្រិតសីតុណ្ហភាពក្តៅបំផុត រហូតដល់ត្រជាក់បំផុត ហើយធ្វើការគណនារកកម្រិតសីតុណ្ហភាពជាមធ្យម ដែលតំណាងភពផែនទាំងមូលតែម្តង។ លទ្ធផលបានបង្ហាញថា ថ្ងៃទី៣ ខែកក្កដា៖ សីតុណ្ហភាពសកលមានកម្រិតជាមធ្យម ១៧អង្សាសេ, ថ្ងៃទី៤ ខែកក្កដា៖ ១៧.២អង្សាសេ និងថ្ងៃទី៥ ខែកក្កដា៖ ១៧.២អង្សាសេ

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/AP (ថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣)

480×240 Banner