James Webb ចោលកាណុងទៅកាន់ Ring Nebula និងចេញពណ៌បែបនេះ (មានរូបភាព-វីដេអូ)
(បរទេស)៖ នេប៊ូឡាចិញ្ច្រៀន (Ring Nebula) ឬមានឈ្មោះមួយទៀតថា Messier 57 (M57) ទើបតែត្រូវបានតេឡេស្កូបអវកាស James Webb ផ្តិតយករូបភាពលក្ខណៈលម្អិតជាលើកដំបូង នៅក្នុងទម្រង់ពណ៌ជាពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ខណៈរចនាសម្ព័ន្ធអវកាស ដែលមានចម្ងាយខ្ទង់ ២,២០០ឆ្នាំពន្លឺពីផែនដីមួយនោះ តែងតែត្រូវបានអ្នកស្រលាញ់ខាងថតរូបភាពអវកាស អង្កេត និងថតបានជាបន្តបន្ទាប់ ព្រោះតែទីតាំងដ៏ងាយស្រួលអង្កេតរបស់វា នៅលើផ្ទៃមេឃផែនដី។ ទស្សនាវីដេអូអំពី Ring Nebula (វីដេអូទី២)៖
- តើ James Webb បានរកឃើញអ្វីថ្មី និងគួរឲ្យចាប់អារម្មណ៍ខ្លះនៅក្នុង Ring Nebula នោះ?
លទ្ធផលនៃការអង្កេតទៅលើ Ring Nebula ដែលមានអង្កត់ផ្ចិត ២.៦ឆ្នាំពន្លឺ (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ដោយ James Webb នេះ ពិតជាបានធ្វើឲ្យក្រុមតារាវិទូភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែភាពលម្អិតនៃរូបភាពដែលអាចឲ្យពួកគេមើលឃើញ រចនាសម្ព័ន្ធរបស់វត្ថុអវកាសស្ថិតក្នុងតារានិករ Lyra Constellation នោះនឹងភ្នែក ដែលមិនធ្លាប់មាននោះឡើយពីមុនមក។
តំបន់មានពពកឧស្ម័នពណ៌បៃតង (Green) នៅម្តុំកណ្តាលៗរូបភាព Ring Nebula នេះ គឺតំណាងឲ្យឧស្ម័នអុកស៊ីហ្សែន (02) ខណៈតំបន់ពណ៌ស្វាយវិញ គឺតំណាងឲ្យឧស្ម័ននីដ្រូហ្សែន ឬអាសូត (Nitrogen) ពេលដែលត្រូវពន្លឺចាំងចំ។ ការសម្លឹងមើលដោយឧបករណ៍អង្កេតពន្លឺ Infrared របស់ James Webb បានធ្វើឲ្យ Ring Nebula ចេញជាពណ៌ថ្មី និងប្លែកភ្នែក ខុសពីពណ៌ដើម (Visible Light) ដែលភ្នែកមនុស្សអាចមើលឃើញ។
តារាវិទូ Jan Cami មកពីសាកលវិទ្យាល័យ Western និងជាសមាជិកសកម្មមួយ ក្នុងក្រុមការងារ James Webb ដើម្បីអង្កេតមើល Ring Nebula បានអះអាងថា «ខ្ញុំធ្លាប់បានឃើញ Ring Nebula តាមរយៈតេឡេស្កូបតូចមួយប៉ុណ្ណោះ កាលពីខ្ញុំនៅវ័យកុមារ… ហើយខ្ញុំមិនដែលបានគិតថា ថ្ងៃណាមួយខ្ញុំអាចក្លាយជាចំណែកមួយ នៃក្រុមការងាររបស់តេឡេស្កូបអវកាស ដ៏មានឥទ្ធិពលបំផុតលើលោក ដើម្បីអង្កេតមើល Ring Nebula នេះឡើយ…»។
បើតាមតារាវិទូ Cami រូបភាពមានកម្រិតគុណភាពខ្ពស់បែបនេះ មិនត្រឹមតែបាននាំឲ្យក្រុមការងាររបស់លោកមើលឃើញនូវគ្រប់ជ្រុងជ្រោយរបស់ Ring Nebula កាន់តែច្បាស់លាស់ប៉ុណ្ណោះទេ ដោយអ្វីៗដែលមាននៅក្នុងតំបន់ជុំវិញផ្កាយតូចពណ៌ស ដែលស្ថិតនៅចំណុចកណ្តាល នេប៊ូឡា ដែលមិនធ្លាប់មាននរណាឃើញពីមុនមកនោះ ក៏ត្រូវបានបង្ហាញចេញមកដែរ។
គួរបញ្ជាក់ថា Ring Nebula ស្ថិតនៅក្នុងជំពូក Planetary Nebula ដែលកើតឡើងពីការបំភាយឧស្ម័ន ចេញពីពពួកផ្កាយយក្សក្រហម (Red Giant Star) នានា នៅពេលពួកវាជិតផុតរលត់អាយុជីវិត ហើយបំភាយឧស្ម័នទាំងនោះ បានប្រមូលផ្តុំ និងពង្រីកខ្លួនក្លាយជា planetary nebula។ ការប្រើពាក្យ Planetary នេះ មិនមានអ្វីពាក់ព័ន្ធនឹងភពនោះឡើយ។
ការសម្លឹងមើលទៅកាន់ Ring Nebula ក៏អាចជាការសម្លឹងមើលទៅកាន់អនាគតរបស់ ប្រព័ន្ធព្រះអាទិត្យយើង នៅរយៈពេលរាប់ពាន់លានឆ្នាំទៅមុខផងដែរ។ យ៉ាងហោចណាស់នៅរយៈពេល ៥ពាន់លានឆ្នាំទៀត ព្រះអាទិត្យយើងនឹងអស់ឧស្ម័នដើម្បីទ្រទ្រង់ចំហេះ ហើយប្រការនោះនឹងធ្វើឲ្យព្រះអាទិត្យប្រែទៅជាផ្កាយអស្ថិរភាព តាមរយៈការរីកធំឡើងៗ រហូតក្លាយទៅជាតារាយក្សក្រហម (Red Giant) តែម្តង។
អំលុងការពង្រីកខ្លួននោះ ព្រះអាទិត្យអាចនឹងរីកមាឌមកដល់គន្លងគោចរផែនដី ឬអាចលេបផែនដីបាត់ ព្រមទាំងអាចរាលដាលដល់គន្លងគោចរភពអង្គារថែមទៀត។ ក្រោយពីឥទ្ធិពលនៃការពង្រីកខ្លួននេះចប់សព្វគ្រប់ បរិស្ថានទាំងមូលនឹងចុះត្រជាក់វិញបន្តិចម្តងៗ ដែលនាំឲ្យប្រព័ន្ធព្រះអាទិត្យ ក្លាយជារចនាសម្ព័ន្ធអវកាសមួយ ដែលអាចដូចនឹង Ring Nebula ឬក៏អាចចេញជារាងអ្វីផ្សេងៗទៀត ដែលក្រុមអ្នកវិទ្យាសាស្ត្រ នៅតែកំពុងព្យាយាមសិក្សានៅឡើយ ដើម្បីស្វែងយល់អំពីភាពស្មុគស្មាញ នៃការកកើតរបស់ Nebula ប្រភេទនេះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី០៤ ខែសីហា ឆ្នាំ២០២៣)