UPDATE៖ ម៉ោង ៨៖៣៥នាទីយប់ ថ្ងៃទី៣១សីហា គឺជាព្រឹត្តិការណ៍ «ព្រះចន្ទខៀវដ៏ធំ» ឬ «Super Blue Moon»

965

(ភ្នំពេញ)៖ សម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០២៣ នេះគឺជាយប់ថ្ងៃ១៥កើតពេញបូណ៍មី (ថ្ងៃសីល) នៅប្រទេសកម្ពុជា ហើយសម្រាប់ប្រទេសលោកខាងលិចវិញ យប់នេះជាព្រឹត្តិការណ៍ «Full Moon» និងជា «Super Moon» លើកទី ៣ ក្នុងចំណោម ៤ ប្រចាំឆ្នាំនេះ ដែលនឹងកើតឡើងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ (ពេលវេលានៅអាមេរិក) ឬត្រូវនឹងថ្ងៃទី៣១ ខែសីហា (ម៉ោង ៨៖៣៥នាទីយប់សម្រាប់ពេលវេលានៅកម្ពុជាយើង)

អ្វីដែលកាន់តែពិសេសនោះ យប់នេះក៏ត្រូវជាព្រឹត្តិការណ៍ «ព្រះចន្ទខៀវដ៏ធំ» ឬ «Super Blue Moon» តែមួយគត់ ប្រចាំឆ្នាំ២០២៣ នេះផងដែរ ហើយប្រសិនបើខកខានលើនេះ យើងនឹងត្រូវរង់ចាំរហូតដល់ខែមករា និងមីនា ឆ្នាំ២០៣៧ ទើបអាចមានឱកាសនេះម្តងទៀត ព្រោះព្រឹត្តិការណ៍ Blue Moon នៅឆ្នាំក្រោយៗ គឺត្រឹមជា Blue Moon ធម្មតាៗប៉ុណ្ណោះ មិនមែនកម្រិត «Super» នោះឡើយ, នេះបើតាមការដកស្រង់ពីអង្គការ NASA

រូបព្រះចន្ទកែទៅជាពណ៌ខៀវ (រូបភាពពីបរទេស)
  • តើព្រឹត្តិការណ៍ Blue Moon នៅយប់ថ្ងៃទី៣១ ខែសីហា នេះមានអ្វីពិសេស?

ប្រាកដណាស់ Blue Moon នៅយប់ថ្ងៃទី៣១ ខែសីហា នេះពិតជាពិសេស ព្រោះជា Blue Moon តែម្តងគត់ប្រចាំឆ្នាំ២០២៣ ហើយក៏ជាពេលដែលកើតមាន ព្រះចន្ទពេញវង់ (Full Moon) ផង និងក្នុងទំហំធំប្លែក (Super Moon) ផង ដូច្នេះពន្លឺ និងទំហំរបស់ព្រះចន្ទលើផ្ទៃមេឃផែនដី នឹងធំជាងរាល់ដង។ នៅយប់នោះ ព្រះចន្ទនឹងមានគម្លាតតែជាង ៣៥៩,០០០គីឡូម៉ែត្រពីផែនដីប៉ុណ្ណោះ ខណៈគម្លាតជាមធ្យមនៃទីឋានទាំងពីរគឺ ៣៨៤,៤០០គីឡូម៉ែត្រ និងឆ្ងាយបំផុត ៤០៥,៥០០គីឡូម៉ែត្រ

(រូបភាពពី Time and Date)
  • តើព្រឹត្តការណ៍ Blue Moon នឹងធ្វើឲ្យព្រះចន្ទបង្ហាញពណ៌ខៀវឬទេ?

Blue Moon ត្រឹមជារហស្សនាម សម្រាប់សម្គាល់ព្រឹត្តិការណ៍ពិសេសមួយតាំងពីបុរាណ នៅពេលព្រះចន្ទពេញវង់ប៉ុណ្ណោះ ឬនៅចំពេលនៃ Moon Perigee (ព្រះចន្ទគោចរមកចំណុចកៀកផែនដីបំផុត) ខណៈផ្ទុយពីនេះវិញគឺ Moon Apogee (ព្រះចន្ទស្ថិតនៅឆ្ងាយពីផែនដីបំផុត)។

រូបគំនូរនៃបន្ទុះភ្នំភ្លើង Krakotoa នៅឥណ្ឌូណេស៊ីឆ្នាំ១៨៨៣ (រូបភាពពីបរទេស)

យ៉ាងណាក៏ដោយ វាមិនមែនមានន័យថា គ្មានមូលហេតុសោះ ដែលនាំឲ្យមានការហៅ Blue Moon នោះឡើយ។ យោងតាមវែបសាយ Britannica ការហៅ Blue Moon ដំបូងបានកើតមានឡើងកាលពីសតវត្សរ៍ទី ១៦។ បន្ថែមពីនេះនៅរយៈពេល ២ឆ្នាំ នៃការរងឥទ្ធិពលពីការផ្ទុះភ្នំភ្លើង Krakotoa របស់ឥណ្ឌាដ៏កក្រើកពិភពលោក កាលពីឆ្នាំ១៨៨៣ នោះ ប្រជាជនជាច្រើនលើពិភពលោក បានរាយការណ៍ពីការប្រទះឃើញ ព្រះអាទិត្យលិច និងព្រះចន្ទរះ ដែលមានពណ៌ចម្លែក នោះគឺពណ៌ «ខៀវ» តែម្តង ដែលប្រាកដវា វាបណ្តាលមកពីកំហាប់នៃផេះភ្នំភ្លើង នៅក្នុងខ្យល់អាកាស។ ដោយឡែកនៅទីក្រុង Maine សហរដ្ឋអាមេរិក ក្នុងដើមសវត្សរ៍ទី ២០ Blue Moon នេះចាប់ផ្តើមពេញនិយមក្នុងការហោ ទៅតាមរដូវកាលដែលគេកំណត់សម្រាប់ព្រឹត្តិការណ៍នេះ និងមានការចាប់អារម្មណ៍ជាបន្តបន្ទាប់៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣)

480×240 Banner