ឥណ្ឌា៖ «Pragyan» សម្រេចជោគជ័យលើព្រះចន្ទ! តើ Pragyan រកឃើញអ្វីខ្លះ និងត្រូវធ្វើអ្វីបន្ទាប់? (មានវីដេអូ)
(ញូដេលី)៖ មួយប៉ប្រិចភ្នែក រយៈពេលជិត ២សប្តាហ៍បានកន្លងផុតទៅនៅលើផែនដី ដែលស្មើនឹងជិត១ថ្ងៃលើព្រះចន្ទ គិតចាប់តាំងពីយានចន្ទ្រាទី៣ (Chandrayaan-3) ដែលមានជើងទម្រសម្រាប់ចុះចត (Lander) ឈ្មោះ Vikram និងគ្រឿងយន្តចល័ត (Rover) ឈ្មោះ Pragyan បានចុះទៅដល់តំបន់ក្បែរប៉ូលខាងត្បូងព្រះចន្ទ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ និងការទម្លាក់ Pragyan ឲ្យចុះហិតក្លិនដីព្រះចន្ទ នៅរយៈពេលមួយថ្ងៃបន្ទាប់ពីនោះ។
នៅយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងនៅញូដេលី) អង្គការស្រាវជ្រាវអវកាសទីអវកាសឥណ្ឌា (ISRO) បានប្រកាសថា Pragyan បានបញ្ចប់បេសកកម្មគោលរបស់ខ្លួនជាស្ថាពរហើយ។ Rover មួយគ្រឿងនេះត្រូវបានបញ្ជាឲ្យចូលចត និងដាក់ខ្លួនឯងក្នុងការមុខងារ Sleep Mode (បិទដំណើរការតាមការកំណត់)។ ទស្សនាឡើងវិញ, ឥណ្ឌាចុះចតយានចន្ទ្រាទី៣ លើព្រះចន្ទដោយជោគជ័យកាលពីថ្ងៃទី២៣ សីហា៖
នៅក្នុងការកំណត់ឲ្យ Pragyan សម្រាកលើផ្ទៃព្រះចន្ទនោះ ឧបករណ៍សំខាន់ៗពីរ ក្នុងខ្លួនវាដូចជា APXS (Alpha Particle X-ray Spectrometer) និង LIBS (Laser Induced Breakdown Spectroscope) ដែលមានមុខងារបញ្ជូនទិន្នន័យពី Rover នេះ ទៅកាន់ Lander ដើម្បីឲ្យ Lander បញ្ជូនបន្តមកកាន់ផែនដីនោះ ក៏ត្រូវបានបិទដំណើរការផងដែរ។ ដោយឡែក ឥណ្ឌាក៏បានសម្រេចដាក់ឈ្មោះទីតាំងដែលយានចន្ទ្រាទី៣ បានចុះចត ដែលស្ថិតនៅចម្ងាយ ៦០០គីឡូម៉ែត្រពីចំណុចប៉ូលខាងត្បូងព្រះចន្ទនោះថា Shiv Shakti (ជាព្រះសិវៈក្នុងសាសនាហិណ្ឌូ) ផងដែរ។

ISRO បានបញ្ជាក់តាមរយៈគណនី X (Twitter) ផ្លូវការរបស់ខ្លួនទៀតថា ថ្មរបស់ Pragyan ត្រូវបានសាកឲ្យពេញ ១០០% ហើយបន្ទះស្រូបពន្លឺព្រះអាទិត្យ ក៏ត្រូវបានដាក់ឲ្យបែរទៅរកទិសព្រះអាទិត្យរះរួចជាស្រេចហើយដែរ ខណៈមុខងារស្រូបយកថាមពល (receiver) នៅតែបន្តបើកដដែល។

គួរបញ្ជាក់ថា ព្រះអាទិត្យនឹងចាប់ផ្តើមរះជាថ្មី លើទីតាំងឈរជើងរបស់ Chandrayaan-3 នៅថ្ងៃទី២២ ខែកញ្ញា ហើយអ្វីដែលអង្គការអវកាសឥណ្ឌារំពឹងចង់ឃើញបំផុតនោះ គឺការភ្ញាក់ឡើងវិញទៅតាមកាលកំណត់របស់់ Pragyan ដើម្បីបន្តបេសកកម្មបន្ទាប់បន្សំទៅមុខទៀត។ ប្រសិនបើការភ្ញាក់ឡើងវិញនេះទទួលបានជោគជ័យ នោះក៏អាចនឹងត្រូវចាត់ទុកជាមេរៀនថ្មី ក៏ដូចជាជោគជ័យថែមមួយកម្រិតទៀតផងដែរ។
- តើបេសកកម្ម Chandrayaan-3 បានសម្រេចស្នាដៃអ្វីខ្លះ ក្នុងរយៈពេល ១០ថ្ងៃលើព្រះចន្ទនោះ?
នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ (៤ថ្ងៃក្រោយចុះដល់ផ្ទៃព្រះចន្ទ) Rover កង់ ៦ Pragyan បានរកឃើញជាលើកដំបូងនូវ ភស្តុតាងនៃវត្តមាន «ស៊ុលផួ (Sulfur)» នៅក្នុងស្រទាប់ដីក្បែរប៉ូលខាងត្បូងព្រះចន្ទ ខណៈសារធាតុប្រភេទនេះ យើងតែងតែប្រទះឃើញ នៅក្បែរៗភ្នំភ្លើងនានាលើភពផែនដី។ ការរកឃើញនេះ នាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រឥណ្ឌា គិតជាបឋមទៅរក «សកម្មភាពភ្នំភ្លើងពីបុរាណលើព្រះចន្ទ» និង «ការធ្លាប់មានបរិយាកាស» ជាដើម។

ការរកឃើញដោយ Pragyan នេះត្រូវបានធ្វើឡើង តាមរយៈឧបករណ៍វិភាគរកសារធាតុគីមី ដែលមិនខុសទៅនឹងឧបករណ៍ដែលមានក្នុងខ្លួនយានស្រាវជ្រាវភពអង្គារ Curiosity របស់អង្គការ NASA សហរដ្ឋអាមេរិក និង Rover ឈ្មោះ Zhurong របស់រដ្ឋបាលអវកាសចិន CNSA នោះឡើយ។ តាមរយៈឧបករណ៍នេះ Pragyan ថែមទាំងបានរកឃើញ សារធាតុគីមីសំខាន់ៗផ្សេងទៀតផងដែរដូចជា អាលុយមីញ៉ូម (Aluminum), កាល់ស្យូម (calcium), ក្រូមីញ៉ូម (chromium), ដែក (iron), ម៉ង់កាណែស (manganese), អុកស៊ីហ្សែន (oxygen), ស៊ីលីកូន (silicon) និង ទីតាញ៉ូមជាដើម (titanium)។

គួរបញ្ជាក់ថា បេសកកម្មដែលអាចបន្តរបស់ Pragyan នឹងត្រូវស្វែងរកវត្តមានរបស់ អ៊ីដ្រូសែន (hydrogen) នៅទីតាំងដែលវាបានចុះទៅដល់នោះ ព្រោះក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា នឹងអាចប្រើប្រាស់សារធាតុនេះ ដើម្បីផលិតចេញជាទឹក និងឥន្ធនៈរ៉ុក្កែត។ តំបន់ជុំវិញប៉ូលខាងត្បូងព្រះចន្ទ នឹងក្លាយជាទីតាំងប្រកបដោយសក្តានុពល ព្រោះទាំងរុស្ស៊ី ចិន និងសហរដ្ឋអាមេរិក សុទ្ធតែមានផែនការបោះមូលដ្ឋានស្រាវជ្រាវនៅទីនោះ គិតចាប់ពីចុងទសវត្សរ៍ ២០២០ នេះតទៅ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ ISRO/Live Science (ថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០២៣)