យល់ដឹង «៥ចំណុច» អំពីដំណើរទៅរកអាចម៍ផ្កាយ Psyche ដែលថ្លៃជាង សេដ្ឋកិច្ចសកល (មានវីដេអូ)

1,247

(បរទេស)៖ ប្រធានបទអំពីអាចម៍ផ្កាយ ផ្សាយជី (Psyche) ដែលត្រូវបានផ្សព្វផ្សាយនាប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្កក្តីភាន់ច្រលំមួយចំនួន ទៅលើបេសកកម្ម Psyche របស់អង្គការ NASA ផ្ទាល់។ ចំណុចនៃការយល់ច្រលំនោះ គឺទៅលើគោលដៅចម្បងរបស់ NASA និងការផ្សព្វផ្សាយអំពីវត្ថុមានតម្លៃ ឬតម្លៃដ៏ច្រើនមហាសាលរបស់អាចម៍ផ្កាយ Psyche នេះតែម្តង។

តើបេសកកម្ម Psyche របស់អង្គការអវកាសសហរដ្ឋអាមេរិកមួយនេះ ពិតជាទាក់ទងនឹងការស្វែងរកវត្ថុមានតម្លៃមែនឬ? ចម្លើយយ៉ាងខ្លីគឺ «មិនមែនទេ» បើទោះបីជារាល់ដង ព័ត៌មានអំពី Psyche អត្ថបទផ្សព្វផ្សាយនានាតែងតែរំលឹកអំពីតម្លៃ ១០,០០០ក្វាឌ្រីលាន (quadrillion) ដុល្លារសហរដ្ឋអាមេរិក ដែលធំធេងជាងសេដ្ឋកិច្ចសកលលោកនោះក៏ដោយ (១ក្វាឌ្រីលាន = ១,០០០ទ្រីលាន (Trillion))។ ខាងក្រោមនេះជាចំណុចសំខាន់ ៥ អំពីបេសកកម្ម Psyche

១៖ ការចាប់កំណើតនៃបេសកកម្ម Psyche

ផែនការនៃបេសកកម្ម Psyche ត្រូវបានអង្គការ NASA ជ្រើសរើសយកពីក្នុងចំណោមសេចក្តីព្រាងនៃបេសកកម្មអវកាសជាច្រើនទៀត កាលពីខែកញ្ញា ឆ្នាំ២០១៥។ គ្រាន់តែការសិក្សា និងបង្កើតរចនាសម្ព័ន្ធនៃគំនិតអំពីបេសកកម្មនេះ ត្រូវបានចំណាយទឹកប្រាក់ ៣លានដុល្លារសហរដ្ឋអាមេរិកទៅហើយ។

ក្រោយការពិនិត្យមើលផែនការលម្អិតរួចរាល់ អង្គការ NASA និងរដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចជ្រើសរើសយកបេសកកម្ម Psyche ជាផ្លូវការនៅខែមករា ឆ្នាំ២០១៧។ បេសកកម្ម Psyche ដែលជាប់នាមជាបេសកកម្មដើម្បីបង្កើតរបកគំហើញទី ១៤ នោះត្រូវបានសម្រេចឲ្យបាញ់បង្ហោះ នៅក្នុងឆ្នាំ២០២៣

រូបតំណាងបេសកកម្ម Psyche (រូបភាពពី NASA)

២៖ លក្ខណៈសម្បត្តិនៃអាចម៍ផ្កាយ ផ្សាយជី (Psyche)

ផ្សាយជី (Psyche ឬ 16 Psyche) មានប្រវែងអង្កត់ផ្ចិតជាមធ្យម ២២៦គីឡូម៉ែត្រ និងមានគន្លងគោចរស្ថិតនៅចន្លោះភពអង្គារ (Mars) និងភពព្រហស្បតិ៍ (Jupiter) ឬដែលយើងស្គាល់ថា តំបន់ខ្សែក្រវាត់អាចម៍ផ្កាយទី១ (Asteroid Belt) នៃប្រព័ន្ធព្រះអាទិត្យយើង។ ប្រវែងគម្លាតនៃគន្លងគោចររបស់ Psyche ជុំវិញព្រះអាទិត្យ គឺជិតបំផុត ៣៧៨លានគីឡូម៉ែត្រ និងឆ្ងាយបំផុត ៤៩៧លានគីឡូម៉ែត្រ

ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA ធ្លាប់បានគណនាថា 16 Psyche ដែលស្ថិតក្នុងចំណោមអាចម៍ផ្កាយខ្នាតធំ ប្រចាំប្រព័ន្ធព្រះអាទិត្យយើងនេះ គឺផ្សំឡើងដោយ មាស (gold), នីកែល (nickel) និងដែក (iron) ជាដើម ឬនិយាយជារួមថា វាផ្សំឡើងពីថ្ម និងសមាសធាតុរឹងជាច្រើនប្រភេទ ខណៈសមាសធាតុរឹងទាំងនោះ មានចន្លោះពី ២០% ទៅ ៦០% នៃតួខ្លួនរបស់វា។

ការត្រួតពិនិត្យ និងវេចខ្ចប់ Psyche (រូបភាពពី NASA)

៣៖ ការចំណាយលើបេសកកម្ម និងការបាញ់បង្ហោះ Psyche

អង្គការ NASA មានកញ្ចប់ថវិកាជាង ៩៦០លានដុល្លារអាមេរិក សម្រាប់បេសកកម្ម Psyche ទាំងមូល។ ថវិកាទាំងអស់នេះត្រូវបានបែងចែក ៦៧៧.១លានដុល្លារ ទៅដល់ក្រុមការងារអភិវឌ្ឍ និងផលិតចេញជាយានអវកាស Psyche, ១១២.៧លានដុល្លារ សម្រាប់ការបាញ់បង្ហោះយាន និង ១៧១លានដុល្លារ សម្រាប់ការគ្រប់គ្រងដំណើរការនៃបេសកកម្មទាំងមូល ដែលមានរយៈពេលសរុប ៦ឆ្នាំ

យាន Psyche (ទំហំ ២៤.៧ X ៧.៣ម៉ែត្រ និងទម្ងន់ ១,៦៤៨គីឡូក្រាម) នឹងត្រូវគ្រាប់រ៉ុក្កែត Falcon Heavy របស់ក្រុមហ៊ុន SpaceX ដឹកនាំចេញពីភពផែនដីតាមរយៈមូលដ្ឋានបាញ់បង្ហោះ នៃមជ្ឈមណ្ឌលអវកាសខេណឺឌី (Kennedy Space Center) ស្ថិតក្នុងរដ្ឋ ផ្លរីដា (Florida) ភាគនិរតីសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ (ម៉ោងនៅអាមេរិក)។

រ៉ុក្កែត Falcon Heavy របស់ SpaceX (រូបភាពពី SpaceX)

៤៖ ការធ្វើប្រតិបត្តិការរបស់យាន Psyche និងការតេស្តប្រព័ន្ធទាក់ទងថ្មី

ក្រោយការចាកចេញពីផែនដី យាន Psyche នឹងគោចរសន្សឹមៗទៅរកគោលដៅរបស់វា ដោយនឹងទៅដល់អាចម៍ផ្កាយនោះនៅអំលុងខែសីហា ឆ្នាំ២០២៩។ បន្ទាប់ពីទៅដល់ យាន Psyche នឹងគោចរក្នុងរយៈចម្ងាយចាប់ពី ៧០០គីឡូម៉ែត្រ រហូតចុះដល់ ៧៥គីឡូម៉ែត្រ ឬអាចកៀកជាងនេះទៀតពីអាចម៍ផ្កាយនោះ ដើម្បីគូសវាសផែនដីភូមិសាស្ត្រ ដោយនឹងចំណាយពេលសរុប ២៦ខែ

យាន Psyche ដ៏នឹងត្រូវប្រើប្រាស់ដើម្បីជាការធ្វើតេស្ត ប្រព័ន្ធទាក់ទងរវាងភពផែនដី និងទីអវកាសឆ្ងាយៗដែលមានឈ្មោះថា Deep Space Optical Communication (DSOC) ផងដែរ។ វាគឺជាការបញ្ជូនទិន្នន័យទៅវិញទៅមក រវាងផែនដី និងយានអវកាសតាមរយៈបច្ចេកវិទ្យាឡាស៊ែរ (laser communication) ដោយការបំប្លែងទិន្ន័យនានាទៅជា ផូតុង (photons) រហូតដល់កម្រិតនៃប្រវែងរលកពន្លឺក្រហមអាំងហ្វ្រាជិត (near-infrared wavelengths) ខណៈកន្លងមកយើងតែងប្រើប្រាស់រលកវិទ្យុ (radio waves)

ប្រព័ន្ធទាក់ទងដោយឡាស៊ែរថ្មី (រូបភាពពី NASA)

៥៖ គោលដៅចម្បងនៃបេសកកម្ម Psyche

មិនខុសពីបេសកកម្មជាច្រើនផ្សេងៗទៀត ដែលអង្គការ NASA និងដៃគូពាក់ព័ន្ធ បាននិងកំពុងធ្វើនោះឡើយ។ Psyche Mission មានគោលដៅចម្បង ក្នុងការសិក្សាស្វែងយល់អំពីរូបធាតុផ្សំ នៅក្នុងខ្លួនអាចម៍ផ្កាយដែលត្រូវបានរកឃើញកាលពីឆ្នាំ ១៨៥២ មួយនេះ ហើយយកមេរៀនដែលទទួលបាន មកឆ្លុះបញ្ចាំងអំពីការកកើតភពផែនដីរបស់យើង។

ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា 16 Psyche កំពុងលាក់ទុកនូវសមាសធាតុដើម បន្សល់ទុកពីការកកើតប្រព័ន្ធព្រះអាទិត្យយើងដំបូង ដែលបានចាប់ផ្តើមឡើងយ៉ាងចលាចលបំផុតកាលពី ៤.៦ពាន់លានឆ្នាំមុន។ ផ្ទៃក្នុងរបស់ 16 Psyche ផ្សំឡើងពីធាតុរឹងចាប់ពី ៣០% ឡើងទៅ ខណៈភពផែនដីវិញគឺខ្ទង់ ២០% ដូច្នេះការយល់ដឹងពីស្នូលរបស់ Psyche អាចគន្លឹះនៃការស្រាយចម្ងល់ដ៏ធំបំផុតមួយ របស់ក្រុមអ្នកវិទ្យាសាស្ត្រសកល។

យល់ដឹង «៥ចំណុច» អំពីដំណើរទៅរកអាចម៍ផ្កាយ Psyche ដែលថ្លៃជាង សេដ្ឋកិច្ចសកល (មានវីដេអូ)
រូបតំណាងបេសកកម្ម Psyche (រូបភាពពី NASA)

គួរបញ្ជាក់ថា ចម្ងល់ជាប់ជានិច្ចរបស់ក្រុមអ្នកវិទ្យាសាស្ត្រនោះ គឺនៅតែជាការពិតនៃ «ស្នូលក្នុងភពផែនដី (Earth’s Inner Core» ព្រោះបើទោះបីជាបច្ចេកវិទ្យារបស់មនុស្សលោក មានភាពរីកចំរើនខ្លាំងយ៉ាងណាក្តី ក៏យើងមិនទាន់អាចយល់ដឹងឲ្យប្រាកដថា នៅពីក្រោមជើងរបស់យើងរាប់ពាន់គីឡូម៉ែត្រទៀតនោះ ជាអ្វីឲ្យប្រាកដនៅឡើយដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃអង្គារ ទី០៥ ខែកញ្ញា ឆ្នាំ២០២៣)

480×240 Banner