ប្រទេសអូស្ត្រាលីនឹងមាន Rover មួយគ្រឿងបរលើឋានព្រះចន្ទ នាប៉ុន្មានឆ្នាំខាងមុខ (មានវីដេអូ)
(បរទេស)៖ ប្រទេសអូស្ត្រាលីនឹងបញ្ជូនគ្រឿងយន្តចល័ត (Rover) មួយគ្រឿង ទៅកាន់ឋានព្រះចន្ទជាលើកដំបូង នៅប៉ុន្មានឆ្នាំខាងមុខទៀតប៉ុណ្ណោះ ប្រសិនបើអ្វីៗប្រព្រឹត្តយ៉ាងរលូនតាមផែនការនោះ។ បេសកកម្មដែលនឹងក្លាយជាដៃគូរបស់ Rover អូស្ត្រាលីដំបូងទៅកាន់ព្រះចន្ទនោះ គឺអាតេមីស (Artemis) របស់អង្គការ NASA ហើយអូស្ត្រាលីរំពឹងថា Rover ខ្លួននឹងបានហិតក្លិនដីព្រះចន្ទ នៅឆ្នាំ២០២៦។
ទីភ្នាក់ងារអវកាសអូស្ត្រាលី (ASA) បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ យ៉ាងដូច្នេះថា «យោងទៅលើភាពនាំមុខគេក្នុងពិភពលោក ជុំវិញជំនាញគ្រប់គ្រងប្រតិបត្តិការ នៅតំបន់ដាច់ស្រយាលរបស់អូស្ត្រាលីនោះ Rover ដំបូងរបស់ប្រទេសនេះនឹងប្រមូលយកដីព្រះចន្ទ ឬយើងហៅថា រីហ្គោលីត (regolith)។ បន្ទាប់ពីប្រមូលយកបាន អង្គការ NASA នៃសហរដ្ឋអាមេរិក នឹងយកសំណាក (sample) ដីទាំងនោះ ដើម្បីចម្រាញ់យកអុកស៊ីហ្សែន។ នេះគឺជាជំហានដ៏ចាំបាច់ សម្រាប់ការបង្កើតវត្តមានមនុស្ស ប្រកបដោយចីរភាពលើព្រះចន្ទ»។
គួរបញ្ជាក់ថា Rover របស់អូស្ត្រាលីខាងលើនេះ នៅមិនទាន់មានឈ្មោះនោះទេ ហើយអង្គការអវកាសអូស្ត្រាលី ក៏កំពុងធ្វើការងារលើរឿងនេះដែរ។ ប្រសិនបើលោកអ្នកជាជនជាតិអូស្ត្រាលី នោះនឹងមានឱកាសដាក់ឈ្មោះឲ្យ Rover នេះបាន ខណៈការទទួលយកឈ្មោះ គឺចាប់ពីពេលនេះរហូតដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ហើយ ASA នឹងរើសយកឈ្មោះ ៤ ដែលល្អជាងគេ ដើម្បីបោះឆ្នោតសម្រេចយកមួយ ទុកបំពាក់ឲ្យ Rover ដំបូងជាប្រវត្តិសាស្ត្ររបស់អូស្ត្រាលីលើព្រះចន្ទ។ (អាចធ្វើបានតាមរយៈវែបសាយផ្លូវការរបស់ Australian Space Agency)
សម្រាប់អង្គការ NASA នៃសហរដ្ឋអាមេរិកវិញ ត្រូវបានគេដឹងថា គ្រោងនឹងបោះមូលដ្ឋានសម្រាប់មនុស្សស្នាក់នៅ និងសិក្សាស្រាវជ្រាវ លើតំបន់ប៉ូលខាងត្បូងព្រះចន្ទ ជាអចិន្ត្រៃយ៍តែម្តងចាប់ពីចុងទសវត្សរ៍ ២០២០ នេះ តាមរយៈបេសកកម្ម Artemis។ អ្វីដែលបានសម្រេចរួចមកហើយមានដូចជា បេសកកម្ម Artemis-1 ដែលជាការបញ្ជូនយានអវកាស Orion គ្មានមនុស្សជិះ ទៅគោចរជុំវិញព្រះចន្ទ រួចត្រលប់មកភពផែនដីវិញកាលពីឆ្នាំ២០២២ ខណៈអ្វីដែល NASA ត្រូវធ្វើបន្ទាប់ នោះគឺការបាញ់បង្ហោះ Orion ផ្ទុកអវកាសយានិកពិតៗ ៤ រូប ទៅគោចរជុំវិញព្រះចន្ទនៅចុងឆ្នាំ២០២៤ រួចត្រលប់មកផែនដី (គ្មានការចុះចតលើព្រះចន្ទនោះទេ) ដែលត្រូវជាបេសកកម្ម Artemis 2៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA/ASA (ថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣)