តើអាចមានជីវិតទេ? James Webb ឆ្លុះមើលភពទឹក «K2-18b» «រកឃើញមេតាន និង CO2» (មានវីដេអូ)

1,799

(បរទេស)៖ លោកអ្នកនាងពិតជាធ្លាប់បានដឹងឮ អំពីភព K2-18 b ម្តងរួចមកហើយ ខណៈវាក៏ស្ថិតក្នុងបេក្ខភាពនៃភពដែលស្ថិតក្នុងការសង្ស័យថា អាចទ្រទ្រង់ជីវិតបានផងដែរ ហើយក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្តល់ព័ត៌មានបន្ថែមអំពីវា ដែលកំពុងជំរុញឲ្យក្រសែភ្នែក ក្រុមអ្នកសិក្សាអំពីភពសាស្ត្រ និងតារាសាស្ត្រ ងាកមកមើលវាវិញមិនតិចនោះឡើយ។

ព័ត៌មានកន្លងមកអំពី Exoplanet (ភពនៅប្រព័ន្ធផ្កាយដទៃពីយើង) K2-18 b ដែលត្រូវបានរកឃើញកាលពីឆ្នាំ២០១៥ មួយនេះ គឺវាស្ថិតនៅក្នុងជំពូក ហាយសៀន (Hycean) ដែលជាភពអាចកំពុងគ្របដណ្តប់ដោយផ្ទៃទឹកភាគច្រើន។ យើងបានដឹងថា វាស្ថិតក្នុងតំបន់អំណោយដល់ការកកើតជីវិត (Habitable Zone) តាមរយៈការអង្កេតដោយតេឡេស្កូបអវកាស Hubble ហើយយោងទៅលើការគណនាម៉ាស់ និងប្រភេទនៃផ្កាយរបស់ K2-18 b ក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានជាបឋមថា «វាអាចជាភពគ្របដណ្តប់ដោយផ្ទៃទឹកតែម្តង»

លទ្ធផលអង្កេតបរិយាកាសភព K2-18 b ដោយ James Webb (Credits: Illustration: NASA, CSA, ESA, R. Crawford (STScI), J. Olmsted (STScI), Science: N. Madhusudhan (Cambridge University))

ងាកមកកាន់លទ្ធផលនៃការឆ្លុះមើលទៅក្នុងបរិយាកាសរបស់ K2-18 b ដោយ James Webb វិញ តេឡេស្កូបអវកាសរបស់ NASA ESA និង CSA មួយនេះបានរកឃើញថា ភពមួយនេះមានទំហំធំជាងផែនដី ២.៦ដង និងម៉ាស់ធ្ងន់ជាងផែនដី ៨.៦ដង ព្រមទាំងជាបរិយាកាសផ្ទុកទៅដោយម៉ូលេគុលកាបូន (carbon-bearing molecules) បូករួមទាំងវត្តមានរបស់មេតាន (methane), កាបូនឌីអុកស៊ីត (Carbon dioxide) និងសមាសធាតុគួរឲ្យកត់សម្គាល់មួយចំនួនទៀតផងដែរ។ តើសមាសធាតុក្នុងបរិយាកាស K2-18 b ទាំងអស់នេះ អាចទ្រទ្រង់ជីវិតបានទេ?

មុននឹងយល់ដឹងចំពោះចម្លើយនៃសំណួរខាងលើនេះ ចូរយើងងាកមកមើលលក្ខណៈសម្បត្តិ នៃប្រព័ន្ធរបស់ភព K2-18 b នេះសិន ដោយវាគោចរក្នុងតំបន់ Habitable Zone ជុំវិញផ្កាយតូច (cool dwarf star) ដែលមានកម្រិតកម្តៅទាប និងស្ថិតនៅចម្ងាយ ១២០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ យើងអាចរកឃើញវានៅក្នុងតារានិករ ឡេអូ (Leo Constellation) ហើយបើទោះបីជាកន្លង Hubble បានឆ្លុះឃើញវា និងគណនាដឹងអំពីម៉ាស់ និងទីតាំងនៃគន្លងគោចរក៏ពិតមែន ក៏ធាតុពិតក្នុងបរិយាកាសវា នៅតែស្ថិតក្នុងការជជែកដេញដោល។

ដូច្នេះហើយទើប ក្រុមការងារគ្រប់គ្រង James Webb បានចំណាយពេលវេលា ក្នុងការអង្កេតមើលបរិយាកាសភព K2-18 b នេះ ដើម្បីបកស្រាយចម្ងល់ ហើយនៅទីបំផុតទើបរកឃើញ សមាសធាតុផ្សំសំខាន់ៗ ដូចខាងលើ។ ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ Cambridge ដែលបានដឹកនាំការសិក្សា និងវិភាគលើលទ្ធផលអង្កេតរបស់ James Webb នេះបានពន្យល់ថា «ការរកឃើញរបស់យើង (ចំពោះភព K2-18 b) នេះ បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការវិភាគ និងពិចារណាចំពោះបរិយាកាស ដែលអាចទ្រទ្រង់ជីវិតបានយ៉ាងសម្បូរបែប នៅក្នុងការស្វែងរកជីវិតនៅទីឋាននានា…»។

តើអាចមានជីវិតទេ? James Webb ឆ្លុះមើលភពទឹក «K2-18b» «រកឃើញមេតាន និង CO2» (មានវីដេអូ)
លទ្ធផលអង្កេតបរិយាកាសភព K2-18 b ដោយ James Webb (Credits: Illustration: NASA, CSA, ESA, R. Crawford (STScI), J. Olmsted (STScI), Science: N. Madhusudhan (Cambridge University))

ក្រុមអ្នកវិទ្យាសាស្ត្រ Cambridge បានសង្កត់ធ្ងន់បែបនេះទៀតថា «ភាពសម្បូរបែបនៃឧស្ម័នមេតាន និងកាបូនឌីអុកស៊ីត តែបែរជាប្រកបដោយ អាម៉ូញាក់ (ammonia) ក្នុងកម្រិតតិចតួចបែបនេះ ពិតជាគាំទ្រដល់ការសន្មតថា អាចមានមហាសមុទ្រទឹករាវ នៅក្រោមបរិយាកាសសម្បូរអ៊ីដ្រូសែននៃភព K2-18b នោះ។ លទ្ធផលអង្កេតបឋមដោយ James Webb ក៏បានផ្តល់ឲ្យយើងនូវភាពដែលអាចទៅរួច នៃការអង្កេតឃើញវត្តមានម៉ូលេគុលមួយប្រភេទទៀតនោះគឺ ឌីមេទីល ស៊ុលភីដ (dimethyl sulfide ឬ DMS)។ សម្រាប់នៅលើភពផែនដី មានតែជីវិតនានាប៉ុណ្ណោះ ទើបអាចផលិតម៉ូលេគុលប្រភេទនេះ រួចបញ្ចេញទៅក្នុងបរិយាកាសបាន នោះគឺពពួកប្លង់តុង (phytoplankton) ដែលរស់នៅក្នុងទឹក»។

ទោះជាយ៉ាងណា បើតាមការគូសបញ្ជាក់បន្ថែមពី ក្រុមអ្នកវិទ្យាសាស្ត្រ Cambridge ដែលដឹកនាំការសិក្សាដោយតារាវិទូ នីកគូ ម៉ាដហ៊ូស៊ូដាន (Nikku Madhusudhan) បានឲ្យដឹងថា «ការសន្និដ្ឋានអំពីវត្តមានរបស់ DMS គឺមិនទាន់រឹងមាំនៅឡើយទេ ហើយប្រការនេះទាមទារឱ្យមានការបញ្ជាក់បន្ថែម។ ការសង្កេតរបស់ Webb នាពេលខាងមុខគួរតែអាចបញ្ជាក់បានថា តើ DMS ពិតជាមានវត្តមាននៅក្នុងបរិយាកាសនៃ K2-18 b ក្នុងកម្រិតសំខាន់ៗដែរឬទេ»។

រូបតំណាងភព K2-18 b (រូបភាពពី NASA/ESA)

គួរបញ្ជាក់ថា ការយល់ដឹងបន្ថែមអំពីបរិយាកាសភព K2-18 b នឹងត្រូវផ្តោតសំខាន់ទៅ ការកំណត់អត្តសញ្ញាណនៃឧស្ម័ននានា និងលក្ខណៈរូបសាស្ត្ររបស់ពួកវា ហើយទាំងអស់នេះតែងតែជាភាពរស់រវើកមួយ នៅក្នុងការសិក្សាអំពីផ្នែកតារាសាស្ត្រ និងភពសាស្ត្រ។ យ៉ាងណាក៏ដោយ ដោយសារតែភព K2-18 b ឬភព Exoplanet ផ្សេងៗទៀតស្ថិតនៅឆ្ងាយសែនឆ្ងាយនោះ ការសិក្សាអំពីបរិយាកាសពួកវា ពិតជារឿងដ៏លំបាកជាទីបំផុត។

បើទោះបីជាពេលនេះ យើងមាន James Webb ដែលប្រកបដោយសមត្ថភាពដ៏ខ្លាំងអស្ចារ្យមែន តែតេឡេស្កូបអវកាសនេះ អាចឆ្លុះមើលបរិយាកាសភពណាមួយទៅបាន នៅពេលដែលភពនោះគោចរមកដល់ចំណុចត្រឹមត្រូវ ដែលអាចឲ្យបរិយាកាសរបស់វាចាំងត្រូវនឹងពន្លឺផ្កាយមេវា ហើយពន្លឺនោះត្រូវបានឧបករណ៍អង្កេតរបស់ James Webb ចាប់បានប៉ុណ្ណោះ។ ដូច្នេះគ្រប់គ្នាសង្ឃឹមថា ភព K2-18 b នឹងទទួលបានការអង្កេតបន្ថែមទៀត នៅថ្ងៃមុខ ព្រោះលទ្ធផលអង្កេតរបស់ James Webb ពេលនេះ ពិតជាតំរុយដ៏ចាំបាច់បំផុត ក្នុងការសិក្សាស្វែងរកភពមានជីវិតនៅប្រព័ន្ធផ្កាយដទៃ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣)

480×240 Banner