តើ NASA និយាយអ្វីខ្លះចំពោះ «Show អេលៀន» នៅក្នុងសភាប្រទេសម៉ិកស៊ិក?
(អាមេរិក)៖ ព្រឹត្តិការណ៍បានកើតមានឡើងបណ្តាក់គ្នាពេក នោះគឺមុនមួយថ្ងៃការចេញរបាយការណ៍ដំបូង អំពីការប្រទះឃើញ UFO ឬ UAP ដែល NASA បានធ្វើឡើងកាលពីថ្ងៃទៅ១៤ ខែកញ្ញា ឆ្នាំ២០២៣។ សម្រាប់ព្រឹត្តិការណ៍នៅក្នុងសភាម៉ិកស៊ិក ដែលជាប្រទេសជាប់របងជាមួយសហរដ្ឋអាមេរិកនោះ ថ្វីត្បិតតែជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ នៃប្រទេសអាមេរិកខាងជើងមួយនេះ តែវាមិនមែនជាលើកទី ១ នោះទេ សម្រាប់ក្រុមអ្នកដែលបានបំផុសឲ្យមានព្រឹត្តិការណ៍ដ៏កក្រើកបែបនេះឡើង។
យើងចង់និយាយទៅដល់ ការធ្វើសក្ខីកម្មដំបូងក្នុងសភាម៉ិកស៊ិក ដោយក្រុមអ្នកស្រាវជ្រាវ ដឹកនាំដោយអ្នកកាសែតជើងចាស់ម៉ិកស៊ិក លោក Jose Jaime Maussan ជុំវិញនូវអ្វីដែលគេអះអាងថា «អាចសាកសពអេលៀន (Alien ឬជីវិតមកពីភពដទៃ) ចំនួន ២» ដែលត្រូវបានរកឃើញនៅតំបន់វាលខ្សាច់ Cusco នៃតំបន់ Nazca ដ៏ល្បីល្បាញរបស់ប្រទេសប៉េរូនោះ ហើយក៏ជាព្រឹត្តិការណ៍ដែលសារព័ត៌មានធំៗរបស់អន្តរជាតិដូចជា AP, Reuters, BBC និង CNN ជាដើម ឬសូម្បីតែសារព័ត៌មានធំៗនៅក្នុងប្រទេសកម្ពុជាយើង បានប្រញាយគ្នាចុះផ្សាយមិនឲ្យដាច់ភាគដែរ។
នៅក្នុងការបង្ហាញរបាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានោះ អ្នកសារព័ត៌មាន BBC មួយរូប មិនភ្លេចឆ្លៀតសាកសួរ NASA អំពីរឿងរ៉ាវនៅម៉ិកស៊ិកនោះឡើយ។ អ្នកសារព័ត៌មានឈ្មោះ Sam Cabral របស់ BBC បានសួរនាំ NASA យ៉ាងដូច្នេះថា៖ តើ NASA ធ្លាប់បានទាក់ទងជាមួយអាជ្ញាធរម៉ិកស៊ិកដែរឬទេ ជុំវិញការលាតត្រដាងដ៏គួរឲ្យចាប់អារម្មណ៍បំផុត នៃអ្វីដែលគេអះអាងថា អាចជាសាកសពជីវិតមកពីភពដទៃ (Alien) នៅក្នុងសភាប្រទេសម៉ិកស៊ិកនោះ?
ជុំវិញសំណួរខាងលើនេះ លោក David Spergel ដែលជាប្រធានក្រុមសិក្សា UAP របស់ NASA បានឆ្លើយតបថា «ប្រសិនបើមានភស្តុតាងណាមួយ នៃសាកសពរបស់ជីវិតក្រៅភព នោះអ្នកដែលកាន់កាប់ភស្តុតាងទាំងនោះ គួរតែបង្ហាញចេញជាសាធារណៈ ដើម្បីធ្វើការសិក្សា។ នៅពេលដែលអ្នកមានរបស់ដែលមិនធម្មតា អ្នកពិតជាចង់បង្ហាញអ្វីៗទាំងនោះជាសាធារណៈ។ ខ្ញុំគិតថា វាមិនខុសអ្វីពី NASA ដែលមានវត្ថុមួយស្ថិតក្នុងចំណោមវត្ថុមានតម្លៃបំផុតពីទីអវកាស នោះគឺដុំថ្មពីឋានព្រះចន្ទនោះឡើយ… តើយើងត្រូវធ្វើដូចម្តេច? យើងត្រូវអនុញ្ញាតឲ្យរបស់នេះ បានទៅដល់ដៃអ្នកវិទ្យាសាស្ត្រណា ដែលចង់បានដុំថ្មទាំងនេះយកទៅសិក្សាស្រាវជ្រាវ…»។
លោក David Spergel បានសង្កត់ធ្ងន់ទៀតថា «យើងមិនបានដឹងអំពីអំណាកទាំងឡាយ (សាកសពអេលៀន) ដែលត្រូវបានបង្ហាញនៅចំពោះមុខពួកគេ (អង្គសភាម៉ិកស៊ិក) នោះឡើយ។ បើខ្ញុំជារដ្ឋាភិបាលម៉ិកស៊ិក ឬប្រសិនបើខ្ញុំត្រូវផ្តល់យោបល់ឲ្យ រដ្ឋាភិបាលម៉ិកស៊ិក… (ជាការពិត) នោះមិនមែនជាបន្ទុករបស់យើងនោះទេ, យើងកំពុងធ្វើការងារនៅទីនេះឲ្យ NASA… (ប៉ុន្តែ) យោបល់ណែនាំរបស់ខ្ញុំអាចថា៖ ប្រសិនបើអ្នកមានអ្វីមួយដែលចម្លែក អ្នកត្រូវបង្ហាញរបស់នោះ ទៅកាន់សហគមន៍អ្នកវិទ្យាសាស្ត្រសកល ហើយយើងនឹងមើលជាមួយគ្នាថា តើទាំងនោះជាអ្វី..»។
ដោយឡែក លោក Micah Hanks និពន្ធនាយកនៃសារព័ត៌មាន The Debrief និងជាអ្នកដែលបានធ្វើកិច្ចការងារ ជាមួយក្រុមអ្នកសិក្សាលើ UAP ជាយូរមកហើយនោះ បានលើកឡើងបែបនេះថា «លោក Maussan ម្នាក់នេះ ធ្លាប់មានប្រវត្តិបង្ហាញនូវ សាកសពអេលៀនក្លែងក្លាយម្តងរួចមកហើយ…។ អ្វីដែលលោក Maussan បានបង្ហាញជាលើកចុងក្រោយនេះ (ទោះបីជាលើកដំបូងក្នុងសភាប្រទេសម៉ិកស៊ិក) តាមការពិតទៅព្រឹត្តិការណ៍ប្រភេទនេះ មិនមែនទើបតែកើតជាលើកដំបូងឡើយ»។
អ្នកជំនាញនៅសាកលវិទ្យាល័យជាតិ UNAM នៃប្រទេសម៉ិកស៊ិក ក៏បានលើកឡើងនូវករណី ដែលបានកើតមានឡើងក្នុងសភាទីក្រុងលីម៉ា ប្រទេសប៉េរូ ក្នុងឆ្នាំ២០១៧ ផងដែរ ដោយកាលណោះលោក Maussan និងសហការីបាននាំយកសាកសពអេលៀន ទៅបង្ហាញនូវទីនោះដូចគ្នា។ តែក្រោយក្រុមជំនាញប៉េរូបានធ្វើការត្រួតពិនិត្យ ទើបរកឃើញថា វាជារូបសូនអេលៀន (អេលៀនក្លែងក្លាយ) ប៉ុណ្ណោះ (កាលណោះគេមិនមានបង្ហាញ សាកសពអេលៀនចេញជាសាធារណៈ ដូចករណីនៅម៉ិកស៊ិកនេះឡើយ)។
លោក Hank បានប្រាប់សារព័ត៌មាន SPACE ទៀតថា ងាកទៅកាលពីអំលុងឆ្នាំ២០១៥ លោក Maussan បានរៀបចំព្រឹត្តិការណ៍មួយ នៅទីក្រុង Mexico City ដើម្បីដាក់តាំងបង្ហាញនូវរូបភាពព្រាលៗ ដែលអាចជាចេតនាចង់ឲ្យមនុស្សម្នាក់មើលដឹងថា ជាសាកសព (មុំាមី) ដែលមានរូបរាងតូច និងស្រដៀងមនុស្សលោក។ ប៉ុន្តែក្រោយមកទៀត រូបភាពច្បាស់ពិតប្រាកដ ត្រូវបានគេបញ្ចេញតាមបណ្តាញអ៊ីនធើណិត តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីព្រឹត្តិការណ៍លោក Maussan បានចាប់ផ្តើម។ តើលោកអ្នកដឹថា ជារូបភាពអ្វីទេ? នោះគឺជារូបភាព «សាកសពក្មេងស្រីជនជាតិដើមអាមេរិកាំង» ដែលធ្លាប់ត្រូវបានដាក់តាំងបង្ហាញ កាលពីជាង ១០ឆ្នាំមុន មុនព្រឹត្តិការណ៍នៅ Mexico City នោះទៅទៀត។ ជនពាក់ព័ន្ធមួយចំនួន ក៏បានចេញមុនមកសុំទោសជាសាធារណៈផងដែរ ចំពោះការយករូបភាពសាកសពក្មេងស្រីជនជាតិដើមអាមេរិកាំង មកធ្វើការដាក់តាំងបង្ហាញដោយភាន់ច្រលំ ដែលចង់ឲ្យមនុស្សម្នាគិតថា ជាសាកសពរបស់អេលៀនបែបនោះ។
គួរបញ្ជាក់ថា ក្រុមអ្នកជំនាញ NASA ក៏មិនទាន់អាចអះអាងថា តើអ្វីដែលដូចជាសាកសពអេលៀនទាំង ២ ដែលត្រូវបានដាក់តាំងបង្ហាញ នៅក្នុងសភាម៉ិកស៊ិកនោះ ពិតជាអេលៀន ឬជីវិតមកពីភពផ្សេងមែន ឬមួយក៏យ៉ាងណានោះដែរ ព្រោះមានតែការរួមគ្នាពិសោធន៍ និងសិក្សាតាមបែបវិទ្យាសាស្ត្រប៉ុណ្ណោះ ទើបអាចរកឃើញចម្លើយបាន។ ទោះជាយ៉ាងណា យោងតាមសេចក្តីរាយការណ៍ជាបន្តបន្ទាប់ដោយ Reuters អ្វីដែលគេអះអាងថា អាចជាសាកសពអេលៀន ដែលលោក Maussan និងក្រុមការងារលោក បានព្យាយាមបង្ហាញនាប៉ុន្មានឆ្នាំមកនេះ គឺត្រឹមជាការយកមកកែច្នៃ ឬបន្ថែមសារធាតុពីលើសាកសព (មុំាមី) ក្មេងៗពីបុរាណតែប៉ុណ្ណោះ៕
ទស្សនាព្រឹត្តិការណ៍នៃការបង្ហាញអ្វីដែលគេអះអាងថា អាចជាសាកសពអេលៀននៅម៉ិកស៊ិក៖
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE/Reuters (ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣)