James Webb ឆ្លុះឃើញ CO2 នៅព្រះចន្ទទឹកកក Europa នៃភពព្រហស្បតិ៍, ជាទីដែលគេគិតថាអាចលាក់ «ជីវិត»

1,091

(បរទេស)៖ តេឡេស្កូបអវកាស James Webb នៃអង្គការ NASA ESA និង CSA ទើបតែបានឆ្លុះមើលព្រះចន្ទទឹកកក យូរ៉ូប៉ា (Europa) របស់ភពព្រហស្បតិ៍ (Jupiter) និងបានរកឃើញវត្តមានរបស់់ កាបូនឌីអុកស៊ីត (CO2) ដែលអាចស្ថិតនៅក្នុងទឹករាវ ក្រោមសំបកទឹកកកស្រោបជុំវិញព្រះចន្ទនោះ។ ការយល់ដឹងពីសមាសធាតុគីមីផ្សំ នៅក្នុងមហាសមុទ្រក្រោមសំបកទឹកកក Europa ពិតជានឹងជួយដល់ការវិភាគ ស្វែងរកជីវិតដែលអាចកំពុងបង្កប់នៅទីនោះ ហើយការប្រទះឃើញ CO2 ពេលនេះពិតជាកំពុងបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ព្រះចន្ទ Europa សម្លឹងមើលដោយ NIRSpec របស់ James Webb (Image Credit: NASA/ESA/CSA)

យោងតាមទិន្នន័យពី James Webb ដែលត្រូវបានបញ្ចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ តំបន់មួយដែលសំបូរ CO2 ជាងគេនៅព្រះចន្ទ Europa នោះមានឈ្មោះថា Tara Regio ហើយក៏ជាតំបន់ដែលទិន្នន័យវិទ្យាសាស្ត្រកន្លងបានបង្ហាញថា មានចលនាផ្សាភ្ជាប់គ្នាទៅវិញទៅមក រវាងសមាសធាតុនានានៅក្នុងសមុទ្រទឹករាវ នៅផ្នែកខាងក្រោម និងសំបកទឹកកកនៅផ្នែកខាងលើ។ ក្រុមអ្នកជំនាញពន្យល់ថា វត្តមានរបស់ CO2 មិនមានស្ថិរភាពឡើយលើ Europa ដូច្នេះពួកគេជឿជាក់ថា CO2 នៅទីនោះទំនងជាបានបង្កើនវត្តមាន កាលពីថ្មីៗនេះប៉ុណ្ណោះ។

ការឆ្លុះឃើញវត្តមាន CO2 កម្រិតខ្ពស់ នៅក្នុងសមុទ្រទឹករាវក្រោមសំបកទឹកកក ដែលស្ថិតនៅពីលើស្រទាប់ថ្មរបស់ព្រះចន្ទ Europa នេះ ពិតជាកំពុងជះផលវិជ្ជមានយ៉ាងខ្លាំង ទៅដល់ការសិក្សាស្វែងរកជីវិតនៅទីនោះ នៅថ្ងៃអនាគត តបតាមការចិញ្ចឹមចិត្តរាប់ទសវត្សរ៍មកហើយ​ ពីសំណាក់ក្រុមអ្នកវិទ្យាសាស្ត្រ។ យានស្រាវជ្រាវឈ្មោះ Europa Clipper របស់អង្គការ NASA នឹងត្រូវបញ្ជូនចេញពីផែនដីនៅខែតុលា ឆ្នាំ២០២៤ និងទៅដល់ Europa នៅអំលុងខែមេសា ឆ្នាំ២០៣០។

ការវិភាគអំពីសមុទ្រទឹករាវ ក្រោមសំបកទឹកកកនៃព្រះចន្ទ Europa (រូបភាពពី NASA)

ជុំវិញការប្រទះឃើញ CO2 ក្នុងសមុទ្រប្រៃ Europa ដោយ James Webb នេះ អ្នកវិទ្យាសាស្ត្រមួយរូបគឺលោក Geronimo Villanueva មកពីមជ្ឈមណ្ឌល Goddard Space Flight របស់អង្គការ NASA បានលើកឡើងថា «នៅលើភពផែនដី ជិវិតប្រៀបបីដូចជាធាតុគីមីដ៏សំបូរបែប… ភាពសំបូរបែបកាន់តែខ្លាំង នោះជីវិតនឹងកាន់តែប្រសើរ។ យើងគឺជាជីវិតដែលពឹងផ្អែកលើកាបូន។ ការយល់ដឹងពីធាតុគីមីសំខាន់ៗក្នុងសមុទ្រ Europa នឹងជួយយើងឲ្យកំណត់បានថា តើវាជាកន្លែងដែលប្រឆាំងការកកើតជីវិត ឬក៏ស្វាគមន៍ជីវិត…»

បន្ថែមពីនេះ លោកស្រី Samantha Trumbo អ្នកជំនាញផ្នែកជីវសាស្ត្រមកពី សាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក ក៏បានលើកឡើងផងដែរថា «ឥឡូវនេះយើងគិតថា យើងបានសង្កេតឃើញភស្តុតាងរួចហើយ អំពីវត្តមានកាបូននៅលើផ្ទៃរបស់ Europa ដែលទាំងនោះបានមកពីមហាសមុទ្រ។ វាមិនមែនជារឿងតូចតាចនោះទេ… កាបូនគឺជាធាតុសំខាន់ណាស់នៃផ្នែកជីវសាស្រ្ត (ដោយនេះជាសមាសធាតុផ្សំចម្បងនៃជីវិត)»។

ព្រះចន្ទ Europa ថតដោយយាន Galileo នៅចុងទសវត្សរ៍ ១៩៩០ និងត្រូវបានកែសម្រួលជាពណ៌ធម្មជាតិ (រូបភាពពី NASA)

សម្រាប់រូបភាពព្រាលៗ និងបែកក្រលាៗ(មានពណ៌ចំរុះដូចជា ទឹកក្រូច ខៀវ និងស) ក្នុងចំណោមរូបផ្គុំទាំង ខាងក្រោមនេះ ពណ៌ស គឺតំណាងឲ្យកាបូនឌីអុកស៊ីតកក (carbon dioxide ice)។ នៅក្នុងរូបភាពជាពន្លឺក្រហមអាំងហ្វ្រានេះ ត្រូវបានផ្តិតយកដោយឧបករណ៍ NIRSpec នៅលើខ្លួន James Webb ហើយ NASA ក៏បានបញ្ជាក់អំពីមូលហេតុ ដែលនាំឲ្យរូបភាពមានលក្ខណៈបែកភីចសែល ខ្លាំងបែបនេះផងដែរ។

James Webb ឆ្លុះឃើញ CO2 នៅព្រះចន្ទទឹកកក Europa នៃភពព្រហស្បតិ៍, ជាទីដែលគេគិតថាអាចលាក់ «ជីវិត»
ព្រះចន្ទ Europa សម្លឹងមើលដោយ NIRSpec របស់ James Webb (Image Credit: NASA/ESA/CSA)

សម្រាប់រូបភាព Europa ដែលមានលក្ខណៈមិនច្បាស់បែបនេះ ព្រោះតែវាជាព្រះចន្ទមានទំហំតូច (ស្មើតែ ៩០% ប៉ុណ្ណោះនៃទំហំព្រះចន្ទផែនដី) ហើយការផ្តិតរូបភាពនេះ ធ្វើឡើងនៅពេល Europa ស្ថិតនៅចម្ងាយជាង ៣៩០លានគីឡូម៉ែត្រពីផែនដី។ យើងមិនអាចថតវត្ថុអវកាសដ៏តូច និងស្ថិតនៅចម្ងាយឆ្ងាយបែបនេះឲ្យច្បាស់បានឡើយ ហើយសូម្បីតែតេឡេស្កូបអវកាស Hubble និងតេឡេស្កូបលើដីផ្សេងៗទៀតក៏មិនអាចធ្វើបានដែរ។ សម្រាប់រូបភាពច្បាស់ៗពី Europa ដូចដែលយើងឃើញកន្លងមក គឺបានមកពីបេសកកម្ម Juno, Galileo និង Voyager ដែលបានទៅដល់ព្រះចន្ទនោះផ្ទាល់ៗប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣)

480×240 Banner