តើ NASA បែងចែកសំណាកអាចម៍ផ្កាយ Bennu «២៥០ក្រាម» ឲ្យដៃគូអន្តរជាតិដូចម្តេច? (មានវីដេអូ)
(បរទេស)៖ ប្រអប់ស្តុកសំណាក (sample) អាចម៍ផ្កាយ ប៊ែននូ (Bennu) ត្រូវបានត្រៀមរៀបចំ ដើម្បីយកទៅកាន់មន្ទីរពិសោធន៍ពិសេសមួយ ស្ថិតក្នុងមជ្ឈមណ្ឌលអវកាស Johnson នៃទីក្រុង Houston រដ្ឋតិចសាស់ (Texas) សហរដ្ឋអាមេរិក ជាទីដែលក្រុមអ្នកវិទ្យាសាស្ត្រនឹងធ្វើការពិសោធន៍ ដើម្បីស្វែងយល់អំពីសមាសធាតុគីមីសំខាន់ៗ ដែលមាននៅក្នុងសំណាកនោះ។
NASA ក៏បានអះអាងនៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នេះផងដែរថា ការបង្ហាញចេញនូវ sample របស់ Bennu ដែលមានទម្ងន់ ២៥០ក្រាម អាចនឹងត្រូវធ្វើឡើងនៅខែក្រោយនេះ (ខែតុលា) ខណៈការបែងចែកវាទៅកាន់ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ នឹងត្រូវធ្វើឡើងនៅរយៈពេល ៦ខែបន្ទាប់។ ដោយឡែកសម្រាប់អង្គការអវកាសជប៉ុន (JAXA) និងកាណាដា (CSA) នឹងទទួលបានសំណាក Bennu មួយចំនួនតូចរៀងៗខ្លួន តបតាមកិច្ចព្រមព្រៀង នៃភាពជាដៃគូក្នុងបេសសកកម្ម OSIRIS-REx។ ទស្សនាវីដេអូនៃការចុះមកដល់របស់ sample អាចម៍ផ្កាយ Bennu៖
សម្រាប់ផែនការនៃការបែងចែក Sample ទម្ងន់ ២៥០ក្រាមរបស់ Bennu ខាងលើនេះមានដូចជា៖ អង្គការ NASA នឹងរក្សាទុក ៧០% សម្រាប់ខ្លួនឯងធ្វើការពិសោធន៍ នាប៉ុន្មានឆ្នាំទៅមុខទៀត, ២៥% នឹងត្រូវបែងចែកទៅកាន់អ្នកវិទ្យាសាស្ត្រជាង ២០០នាក់ មកពីស្ថាប័នសរុបចំនួន ៣៥ របស់អន្តរជាតិ, ៤% ប្រគល់ឲ្យអង្គការអវកាសកាណាដា (CSA) និង ០.៥%ទៀត ប្រគល់ឲ្យអង្គការអវកាសជប៉ុន (JAXA)។

គួររម្លឹកថា រយៈពេល ៥ម៉ោងក្រោយការផ្តាច់ខ្លួនចេញពីយាន អូសាយរីស-រិច (OSIRIS-REx) នោះ ប្រអប់ (capsule) ដែលមានស្តុកសំណាកអាចម៍ផ្កាយ Bennu នៅក្នុងនោះ បានបុកទម្លុះបរិយាកាសផែនដី និងទម្លាក់ខ្លួនចុះមកតាមឆ័ត្រយោង ទៅលើវាលខ្សាច់មួយនៃរដ្ឋ យូតាហ៍ (Utah) សហរដ្ឋអាមេរិក កាលពីកំលុងម៉ោង ៩៖៥០នាទីយប់ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងនៅប្រទេសកម្ពុជា) ត្រូវនឹងម៉ោង ១០៖៥០នាទីព្រឹកថ្ងៃដដែល (ម៉ោងនៅសហរដ្ឋអាមេរិក)។

ក្រុមអ្នកវិទ្យាសាស្ត្រ និងវិស្វករអង្គការ NASA បានស្ថិតនៅទីនោះផ្ទាល់ ដើម្បីត្រៀមទទួលស្វាគមន៍ គំរូតាង ឬសំណាក (sample) អាចម៍ផ្កាយ ប៊ែននូ (Bennu) ដែលបានធ្វើដំណើររយៈពេលជាង ២ឆ្នាំ ទើបមកដល់ផែនដី (គិតចាប់តាំងពីការចាកចេញពី Bennu នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១)។ នៅមុនការមកដល់នៃ sample របស់ Bennu ក្រុមការងារ NASA ក៏បានរៀបចំលំហាត់ហ្វឹកហ្វឺន ដើម្បីត្រៀមទទួល sample នេះកាលពីប៉ុន្មានសប្តាហ៍មុនរួចមកហើយដែរ។

បេសកកម្ម OSIRIS-REx ត្រូវបានបាញ់បញ្ជូនចេញពីរដ្ឋ ផ្លរីដា (Florida) សហរដ្ឋអាមេរិក កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ និងបានទៅដល់ Bennu នៅដើមខែធ្នូ ឆ្នាំ២០១៨ ខណៈការជីកយកគំរូតាងទម្ងន់រហូតដល់ «២៥០ក្រាម» (លើសពីផែនការដើម) ត្រូវបានធ្វើឡើងតែរយៈពេល ៥វិនាទីប៉ុណ្ណោះ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ហើយក្រោយពីបានរៀបចំទុកដាក់ sample រួចរាល់ OSIRIS-REx ក៏បន្តអង្កេត Bennu ជាងកន្លះឆ្នាំទៀត មុននឹងរំដោះខ្លួនវាចេញពីគន្លងជុំវិញអាចម៍ផ្កាយ ដែលមានអង្កត់ផ្ចិត ៥២៥ម៉ែត្រនោះ ដើម្បីត្រលប់មកផែនដីវិញ កាលពីដើមខែឧសភា ឆ្នាំ២០២១។

ក្រោយតែរយៈពេល ២០នាទីប៉ុណ្ណោះដែល OSIRIS-REx បានផ្តាច់ sample ចេញពីខ្លួនវា យាននេះបានប្តូរឈ្មោះទៅជា OSIRIS-APEX ដើម្បីធ្វើដំណើរបន្តទៅរកអាចម៍ផ្កាយ អាផូហ្វីស (Apophis) ដែលជាអាចម៍ផ្កាយត្រូវបានគេរំពឹងថា នឹងហោះមកកៀកជាង ១០ដង នៃគម្លាតរវាងផែនដី និងព្រះចន្ទនៅឆ្នាំ២០២៩។ គោលដៅរបស់ OSIRIS-APEX គឺសិក្សាអំពីឥទ្ធិពលនៃគន្លងគោចរ Apophis, ល្បឿននៃរង្វិលខ្ញាល់ និងសណ្ឋានផ្ទៃស្រទាប់លើ ក្រោយពីអាចម៍ផ្កាយនេះ គោចរមកកៀកផែនដីរួចរាល់នៅឆ្នាំ២០២៩។

បេសកកម្ម OSIRIS-REx របស់ NASA មានដៃគូអន្តរជាតិចម្បង ចូលរួមសហការជាមួយតែ២ប៉ុណ្ណោះ នោះគឺអង្គការអវកាសកាណាដា (CSA) តាមរយៈឧបករណ៍ឡាស៊ែរបំពាក់លើយាន OSIRIS-REx (Laser Altimeter instrument) និងអង្គការអវកាសជប៉ុន (JAXA) ជួយខាងបទពិសោធន៍។ នេះជាលើកដំបូងហើយសម្រាប់់ NASA ក្នុងការទៅជីកយកអាចម៍ផ្កាយ រួចត្រលប់មកផែនដីវិញ ខណៈជប៉ុនវិញធ្លាប់បានធ្វើបែបនេះ ២លើករួចមកហើយ នោះគឺបេសកកម្ម Hayabusa 1 នៅអាចម៍ផ្កាយ អ៊ីតុកាវ៉ា (Itokawa) កាលពីឆ្នាំ២០១០ និង Hayabusa 2 នៅអាចម៍ផ្កាយ រីយូហ្គុ (Ryugu) កាលពីឆ្នាំ២០២០។

គួរបញ្ជាក់ថា ការចំណាយរហូតដល់ទៅ ១.១ពាន់លានដុល្លារអាមេរិក ទៅលើបេសកកម្ម OSIRIS-REx នេះ គឺព្រោះតែអង្គការ NASA មានការសង្ស័យថា អាចម៍ផ្កាយវ័យចំណាស់ដែលមានអង្កត់ផ្ចិតជាង ៥០០ម៉ែត្រដូចជា Bennu នោះ អាចមានផ្ទុកម៉ូលេគុលនានាដែលមានក្នុងជីវិតដំបូងៗ ដែលបានកកើតលើភពផែនដី ហើយការស្រាវជ្រាវរកប្រភពដើមនៃជីវិតលើផែនដីនេះ តែងតែជាគោលដៅស្នូល នៃក្រុមអ្នកវិទ្យាសាស្ត្រទូទាំងភពផែនដី៕
រៀបរៀងដោយ៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA/JAXA/CSA (ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣)
