មន្ទិលចំពោះ «ភពទី៩» លេចឡើងជាថ្មី! សង្ស័យថាអាចស្ថិតនៅចុងប្រព័ន្ធ… (លទ្ធផលសិក្សាថ្មី) (មានវីដេអូ)
(បរទេស)៖ ខណៈដែលប្រតិបត្តិការការរុករក ភពទី៩ ឬ Planet Nine នៅជាយប្រព័ន្ធព្រះអាទិត្យយើង នៅតែកំពុងបន្តនៅឡើយនោះ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ប្រហែលជាមានភពផែនដីភ្លោះមួយ (ភពមានទំហំប្រហាក់ប្រហែលនឹងផែនដី) កំពុងកប់យ៉ាងជ្រៅនៅក្នុងបរិស្ថានដ៏ត្រជាក់ នៃខ្សែក្រវាត់អាចម៍ផ្កាយ ខៃភើ (Kuiper Belt) ដែលស្ថិតនៅហួសពីគន្លងគោចរនៃ ភពណិបទូន (Neptune) ទៅទៀត។
ក្រុមតារាវិទូបាននិងកំពុងព្យាយាមពន្យល់ អំពីបុគ្គលិកលក្ខណៈគ្រប់យ៉ាងទាំងអស់ នៃពពួកវត្ថុអវកាសស្ថិតនៅតំបន់ហួសពីភពណិបទូន ឬ TNOs (trans-Neptunian objects) ដែលជាទូទៅពួកវាជាវត្ថុអវកាស-ទឹកកកតូចៗ កំពុងគោចរជុំវិញព្រះអាទិត្យដែរ តែស្ថិតនៅក្នុងគន្លងហួសពីភពណិបទូន និងរងឥទ្ធិពលពីភពចុងគេនេះ។ ជាទូទៅ TNOs ត្រូវបានចាត់ទុកថា មានចម្ងាយចាប់ពី ៣០ AU (Astronomical Unit) ឡើងទៅ។ AU គឺជាឯកតានៃរង្វាស់់ប្រវែងក្នុងប្រព័ន្ធព្រះអាទិត្យយើង ដោយយកតាមចម្ងាយ ជាមធ្យមរវាងផែនដី និងព្រះអាទិត្យនោះគឺ ១៥០លានគីឡូម៉ែត្រ = ១ AU។
TNOs សុទ្ធសឹងជាបំណែកដែលនៅសេសសល់ ក្រោយពីការកកើតប្រព័ន្ធព្រះអាទិត្យ ដោយពួកវាបានចល័តបន្តិចម្តងៗ ទៅកាន់តំបន់ជាយៗនៃប្រព័ន្ធ ក្នុងកំឡុងយុគដំបូងនៃការកកើតភពតូចធំទាំងឡាយ ដែលមានស្ថានភាពវឹកវរខ្លាំង។ ដោយសារតែភាពលំបាកក្នុងការស្វែងរក ក៏ដូចជាគូសវាសផែនទីអំពីវត្ថុតូចៗ ស្ថិតឆ្ងាយ និងស្ថិតក្នុងភាពងងឹតបែបនោះ ពពួក TNOs ដែលគេបានស្គាល់រួចមកហើយ មានលក្ខណៈសម្បត្តិចម្លែកៗមួយចំនួន ដែលបច្ចុប្បន្ននេះកំពុងប្រឆាំង ឬពិបាកឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ធ្វើការពន្យល់ឲ្យបានស៊ីសង្វាក់គ្នាណាស់។

ចំណុចទី១៖ ប្រមាណ ១០% នៃ TNOs ទាំងអស់ក្នុងបញ្ជីត្រូវបាន «ផ្ដាច់ចេញ» ដែលនេះមានន័យថា ពួកវាមិនមានទំនាក់ទំនងផ្នែកគន្លងគោចរ ជាមួយនឹងភពណិបទូននោះទេ។ ទោះបីជាភពណិបទូន គឺជាភពតូចជាងគេក្នុងចំណោមភពឧស្ម័នយក្ស (Gas Giant) ទាំង ៤ ក៏ដោយ ក៏កម្លាំងទំនាញរបស់ភពខៀវមួយនេះ មានឥទ្ធិពលខ្លាំងណាស់ ទៅលើបរិស្ថានក្រៅបំផុតនៃប្រព័ន្ធព្រះអាទិត្យ (Outermost Solar System)។ សម្រាប់ TNOs ១០% ដែលមិនរងឥទ្ធិពលពីភពណិបទូនទាំងនោះ គឺចម្លែក ដោយសារតែគំរូនៃការបង្កើតប្រព័ន្ធព្រះអាទិត្យ ជាទូទៅបានព្យាករណ៍ថា TNOs ប្រភេទនោះក្នុងចំនួនតិចប៉ុណ្ណោះ ដែលគួរតែមានវត្តមានរហូតមកដល់ពេលបច្ចុប្បន្ននេះ។
ចំណុចទី២៖ មានពពួក TNOs ដ៏ច្រើន ហើយមួយចំនួនតូចក្នុងចំណោមនោះ ត្រូវបានគេមើលឃើញថា មានលក្ខណៈនៃគន្លងគោចរទេរខ្លាំងណាស់ (មានន័យថាពួកវាគោចរជុំវិញព្រះអាទិត្យ ក្នុងកម្រិតមុំទេលើសពី ៤៥ដឺក្រេ)។ នៅត្រង់ចំណុចនេះ យើងអាចស្វែងយល់ជាថ្មីម្តងទៀតថា យោងតាមគំរូនៃការបង្កើតប្រព័ន្ធព្រះអាទិត្យ វាពិតជាលំបាកខ្លាំងណាស់ក្នុងពង្រាយ TNOs ទៅកាន់តំបន់ជាយៗ ហើយនាំឲ្យពួកគេស្ថិតនៅក្នុងរង្វាស់មុំ នៃការគោចរដោយទេរខ្លាំងបែបនោះជុំវិញព្រះអាទិត្យ។
ចំណុចទី៣៖ មាន TNOs មួយចំនួនដែលមានគន្លងក្នុងរង្វង់់ធំខ្លាំង ដែលត្រូវបានគេស្គាល់យ៉ាងសាមញ្ញថា «រង្វង់វែងជ្រុល (extreme)»។ ឧទាហរណ៍ដ៏ល្អបំផុតគឺវត្ថុអវកាសមួយឈ្មោះ Sedna ដែលជាភពមិនពេញលក្ខណៈ ឬភពតឿ (dwarf planet) ដែលអាចខិតជិតបំផុតក្នុងគម្លាត ៧៦ AU និងឆ្ងាយបំផុតជាង ៩០០ AU (អាចថាជាកន្លងគោចររាងពងក្រពើ)។ គន្លងគោចរដែលប្រែប្រួលខ្លាំងបែបនេះ ទាមទារឱ្យមានការកែប្រែទំនាញ និងការជះឥទ្ធិពលក្នុងកម្រិតច្រើន ហើយបាតុភូតបែបនេះ ពិតជាពិបាកណាស់ក្នុងការយកទំនាញនៃភពដែលគេស្គាល់ (ដូចជាណិបទូន) ដើម្បីពន្យល់អំពីភាពមិនប្រក្រតីរបស់ Sedna នោះ។
ចំណុចទី៤៖ មាន TNOs មួយចំនួនត្រូវបានចាក់សោ ជាប់ក្នុងគន្លងគោចរជាមួយ ភពណិបទូន ដែលប្រការនេះមានន័យថា រាល់ពេលដែលភពណិបទូន គោចរជុំវិញព្រះអាទិត្យបាន ១ជុំ នោះពពួក TNOs ទាំងនោះក៏បានមួយជុំ នៅក្នុងថេរវេលាដូចគ្នាដែរ។ TNOs មួយចំនួនក្នុងចំណោមនោះ ក៏ត្រូវបានក្រុមតារាវិទូគណនាដឹងថា ស្ថិតនៅក្នុងគន្លងគោចរ ផ្សារភ្ជាប់ជាមួយភពណិបទូននោះ អស់រយៈពេលរាប់ពាន់លានឆ្នាំមកហើយ ដោយមិនមានការប្រែប្រួលនោះឡើយ បើទោះបីជាក្នុងដំណើរគោចររបស់ពួកវា តែងបានរកការរំខានពីឥទ្ធិពល TNOs ផ្សេងៗទៀតក៏ដោយ។

សរុបសេចក្តីមក ទ្រឹស្តីរួមថ្មីមួយអំពីប្រព័ន្ធព្រះអាទិត្យក្រៅ (Outer Solar System) ត្រូវតែបង្កើតឡើង ដើម្បីពន្យល់ជុំវិញលទ្ធផលនៃការសង្កេតដែលមិនចុះសម្រុងគ្នា ដូចបានរៀបរាប់ទាំងប៉ុន្មានចំណុចខាងលើនេះ។ កាសែត The Astronomical Journal គឺជាទីកន្លែងដែលក្រុមតារាវិទូអន្តរជាតិ ផ្តល់នូវសេចក្តីរាយការណ៍អំពី ភាពមិនក្រត្រីកន្លងមកអំពីចលនារបស់ TNOs ហើយការសិក្សាអំពីរឿងនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់។
កាលពីមុន ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា អាចមានភពដ៏ធំមួយកំពុងលាក់ខ្លួន នៅក្នុងប្រព័ន្ធព្រះអាទិត្យយើង ហើយស្ថិតនៅគន្លងគោចរដ៏សែនឆ្ងាយបំផុត (អាចមានចម្ងាយពីព្រះអាទិត្យរាប់រយ AU ឯណោះ) ហើយយើងចាំថាជា Planet 9 ឬ Planet X នោះឯង។ ទោះជាយ៉ាងណាក៏ដោយ អំណះអំណាងនៅក្នុងលទ្ធផលសិក្សាចាស់នោះ បានផ្តោតសំខាន់ទៅលើឥរិយាបថរបស់ ពពួក TNOs តែមួយក្តាប់តូចប៉ុណ្ណោះ។ តែសម្រាប់លទ្ធផលសិក្សាថ្មីនេះវិញ វត្តមានរបស់ភពដ៏ធំមួយ (អាចប្រហាក់ប្រហែលភពណិបទូន ឬធំជាងនេះ) ត្រូវបានក្រុមតារាវិទូគិតថា បានជះឥទ្ធិពលលើពពួក TNOs ផ្សេងៗទៀតយ៉ាងខ្លាំង ដែលវាពិតជាភាពខុសឆ្គងមួយ ទៅលើការយល់ដឹងរបស់យើងអំពីទំនោរ និងទំនាក់ទំនងរបស់ពួកវាចំពោះភពណិបទូន ដូចដែលត្រូវបានយល់ដឹងកន្លងមក។

នៅក្នុងការសិក្សាថ្មី ក្រុមអ្នកស្រាវជ្រាវបានក្លែងធ្វើជាការកកើតប្រព័ន្ធព្រះអាទិត្យ រហូតដល់ទៅចំនួនរាប់រយលើកតាមប្រព័ន្ធកុំព្យូទ័រ។ សម្រាប់លទ្ធផលដំបូង នៃការបង្កើតប្រព័ន្ធព្រះអាទិត្យតាមកុំព្យូទ័រ ព្រះអាទិត្យទំនងជាបានបង្កើតភព (មានម៉ាស់ស្រាលជាងផែនដី) ស្ថិតនៅហួសពីគន្លងគោចរភពណិបទូន ចាប់ពីខ្ទង់ ១០ ទៅ ១០០ភពឯណោះ។ ភាគច្រើននៃភពទាំងនោះ ត្រូវបានធាក់ចេញពីប្រព័ន្ធព្រះអាទិត្យទាំងអស់តែម្តង ដោយសារតែកម្លាំងទំនាញដ៏ស្មុគស្មាញ នៃភពធំៗស្ថិតក្នុងប្រព័ន្ធព្រះអាទិត្យ។ ប៉ុន្តែភពមួយចំនួនតូច បានតស៊ូរួចផុតពីភាពចលាចលនេះ ហើយថែមទាំងអាចនៅរក្សាវត្តមានរហូតដល់សព្វថ្ងៃ។
តាមកម្មវិធីកុំព្យូទ័រខាងលើនេះ ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថា ភពមួយដែលមានទម្ងន់ចន្លោះពី ១.៥ដង ទៅ ៣ដង នៃភពផែនដី អាចស្ថិតនៅក្នុងតំបន់ប្រព័ន្ធព្រះអាទិត្យក្រៅ ដោយស្ថិតនៅក្នុងគន្លងគោចរចន្លោះពី ២៥០ AU ទៅ ៥០០ AU (បញ្ជាក់ជាថ្មី៖ ១ AU = ១៥០លានគីឡូម៉ែត្រ)។ ប្រការនេះមានន័យថា ប្រសិនបើដូចកម្មវិធីកុំព្យូទ័រនេះមែន ភពនោះកំពុងឈរជើងយ៉ាងរឹងមាំ នៅក្នុងតំបន់ខ្សែក្រវាត់អាចម៍ផ្កាយ ខៃភើ (Kuiper Belt) ខណៈដែលភាពជាក់ស្តែង យើងឃើញមានតែភពតូចៗដូចជា ភ្លុយតូ (Pluto) និង សេដណា (Sedna) ព្រមទាំងវត្ថុអវកាស-ទឹកកកតូចៗជាច្រើនទៀត ដែលមិនអាចរាប់អស់ប៉ុណ្ណោះ។
ប្រសិនបើយកភពដូចខាងលើនេះ ដាក់នៅលើគន្លងដែលមានភាពលំអៀង ៤៥ដឺក្រេ នោះយើងពិតជាអាចពន្យល់ អំពីឥរិយាបថជារួមនៃពពួក TNOs ដ៏គួរឲ្យងឿងឆ្ងល់ដូចជា៖ តើ TNOs ខ្លះត្រូវបានផ្ដាច់ចេញពីភពណិបទូនដោយរបៀបណា ខណៈដែលភពតូចៗ ឬ TNOs ផ្សេងៗទៀតនៅជាប់គាំងនៅក្នុង គន្លងគោចរជាមួយណិបទូន, គន្លងគោចរមានរង្វង់ធំរបស់ Sedna, ការទេរ ឬផ្អៀងខ្លាំងនៃមុំគោចរជុំវិញព្រះអាទិត្យរបស់ TNOs ខ្លះ និងធម្មជាតិដ៏កញ្ជ្រោលនៃ TNOs មួយចំនួនតូចណានោះ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានភស្តុតាងជាក់ស្តែងណាមួយ ដែលបង្ហាញអំពីភពទី ៩ ឬភពផែនដីភ្លោះដូចខាងលើនេះ ត្រូវបានរកឃើញនៅក្នុងតំបន់ខ្សែក្រវ៉ាត់ Kuiper Belt ចុងប្រព័ន្ធព្រះអាទិត្យយើងនៅឡើយទេ។ រហូតមកដល់ពេលនេះ អ្វីដែលយើងត្រូវបន្តគឺការតាមដានគន្លងគោចរដ៏ចម្លែកៗនៃពពួក TNOs ដែលមានភាពងងឹត និងស្ថិតនៅឆ្ងាយៗ ហើយនេះជាអ្វីតែមួយគត់ ដែលអាចនឹងផ្តល់តំរុយឲ្យយើងអំពី Planet 9 នោះ។ ជំហានបន្ទាប់មកទៀត សម្រាប់អ្នកស្រាវជ្រាវ គឺត្រូវបង្កើតគំរូម៉ូដែលដ៏លម្អិតបន្ថែមទៀត ដូច្នេះពួកគេអាចចាប់ផ្តើមអង្កេត និងសិក្សាយ៉ាងច្បាស់លាស់ថា តើភពទី ៩ ដែលស្ថិតក្នុងការសង្ស័យនោះ អាចស្ថិតនៅក្នុងគន្លងរបស់វាដែរឬទេ និងរៀបចំផែនការលម្អិតដើម្បីស្វែងរកវាតែម្តង៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣)
