អ្នកវិទ្យាសាស្ត្រកាន់តែចាប់អារម្មណ៍ភព K2-18 b ក្រោយ James Webb ឆ្លុះឃើញអ្វីដែលអាចជា «ដាននៃជីវិត» (មានវីដេអូ)

1,202

(បរទេស)៖ ក្រោយពីបានត្រួតពិនិត្យលើទិន្ន័យ ដែលតេឡេស្កូបអវកាស James Webb បានឆ្លុះមើលទៅកាន់បរិយាកាសភព K2-18 b នោះ ក្រុមអ្នកវិទ្យាសាស្ត្រទូទាំងពិភពលោក មានការចាប់អារម្មណ៍ និងងាកមកវិភាគវែកញែកកាន់តែច្រើនឡើងៗ អំពីបុគ្គលិកលក្ខណៈនៃភពដែលកន្លងត្រូវបានគេជឿជាក់ថា គ្របដណ្តប់ដោយមហាសមុទ្រមួយនេះ ក៏អាចមាននូវវត្តមាន «ជីវិត» ផងដែរ តាមរយៈដាននៃសមាសធាតុគីមីម្យ៉ាង ដែលត្រូវបានប្រទះឃើញ ខណៈនៅលើភពផែនដីយើង គឺមានតែជីវិតប៉ុណ្ណោះទើបអាចបញ្ចេញសមាសធាតុប្រភេទនោះបាន។ ប៉ុន្តែ, តើភព K2-18 b នោះពិតជាមានលទ្ធភាពទ្រទ្រង់ជីវិតមែនឬទេ?

ជាការពិតណាស់ ដើម្បីកត់ឈ្មោះភពមួយទៅក្នុង «បញ្ជីនៃភពអាចទ្រទ្រង់ជីវិតបាន» គឺពីដំបូងយើងត្រូវមើលទៅលើទីតាំងដែលវាកំពុងគោចរនៅជុំវិញផ្កាយមេវាសិន ថាតើជាតំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone ឬ Goldilock Zone) ដែរឬមួយក៏យ៉ាងណា។ សម្រាប់ប្រព័ន្ធផ្កាយ K2-18 ដែលមានចម្ងាយ ១២៤ឆ្នាំពន្លឺពីផែនដី ប្រាកដណាស់ថាមានភព ដែលកំពុងស្ថិតក្នុង Habitable Zone របស់វាគឺ K2-18 b នោះឯង។

លទ្ធផលអង្កេតបរិយាកាសភព K2-18 b ដោយ James Webb (Credits: Illustration: NASA, CSA, ESA, R. Crawford (STScI), J. Olmsted (STScI), Science: N. Madhusudhan (Cambridge University))

សម្រាប់រយៈចម្ងាយ ១២៤ឆ្នាំពន្លឺពីផែនដីនេះ មិនត្រូវបានចាត់ទុកថាឆ្ងាយនោះឡើយ បើយើងគិតទៅលើទំហំនៃកាឡាក់ស៊ី (Galaxy) ឬរហូតដល់ ចក្រវាល (Universe) ដែលរកព្រំដែនមិនទាន់ឃើញនោះ។ តើភព K2-18 b មានស្ថានភាពដូចម្តេច? សំនួរនេះក៏យើងពិបាកឆ្លើយដែរ ព្រោះមានតែតេឡេស្កូបដែលមានសមត្ថភាព ខ្លាំងអស្ចារ្យគ្រប់គ្រាន់ប៉ុណ្ណោះ ទើបអាចរកឃើញចម្លើយខ្លះៗបាន។ ប៉ុន្តែអ្វីដែលយើងមិនអាចធ្វើបាននោះ គឺការថតរូបភពនោះដោយផ្ទាល់ ឲ្យឃើញលក្ខណៈលម្អិតរបស់វា។

យោងតាមលទ្ធផលនៃការអង្កេតពីចម្ងាយ គឺភព K2-18 b មានគម្លាតស្មើតែ ១៦% នៃគម្លាតរវាងផែនដី និងព្រះអាទិត្យប៉ុណ្ណោះ (ផែនដីមានចម្ងាយជាមធ្យម ១៥០លានគីឡូម៉ែត្រពីព្រះអាទិត្យ) ប៉ុន្តែដោយសារតែ K2-18 ជាប្រភេទផ្កាយតូច និងមានកម្រិតពន្លឺព្រមទាំងកម្តៅខ្សោយជាងព្រះអាទិត្យនោះ ដូច្នេះភព K2-18 b ត្រូវបានចាត់ទុកថា ស្ថិតនៅក្នុង Habitable Zone នៅជុំវិញផ្កាយនោះ ដែលនាំឲ្យផ្ទៃស្រទាប់លើរបស់វា មិនក្តៅពេក និងមិនត្រជាក់ពេក ហើយភពនេះក៏អាចទ្រទ្រង់បរិយាកាសក្រាស់ និងមានវត្តមានទឹករាវស្រោបជុំវិញសំបករបស់វាថែមទៀតផង។

យោងតាមការគណនាតាមធរណីមាត្រ ទៅលើកម្រិតពន្លឺ និងគម្លាតរបស់ K2-18 b ពីផ្កាយមេរបស់វា ភពនេះទទួលថាមពលពីផ្កាយវាស្មើនឹង ១.២២ គីឡូវ៉ាត់ (kW) នៅក្នុងទំហំ១ម៉ែត្រក្រលា ខណៈផែនដីយើងវិញគឺទទួលបាន ១.៣៦ kW នៅក្នុងទំហំដូចគ្នា (អាចនិយាយបានថា ប្រហាក់ប្រហែលគ្នា)។ វាហាក់ដូចជាលទ្ធផលដ៏ល្អលើក្រដាស, តែយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រមិនបានបូកបញ្ចូល លើគណនាចំពោះបរិមាណថាមពលដែលពពកស្រូបយក និងភាពចំណាំងផ្លាតនៃផ្ទៃរបស់ភព K2-18 b បានឡើយ ដោយសារតែពួកគេមិនអាចដឹង អំពីស្ថានភាពទាំងអស់នេះបានឡើយ។

លទ្ធផលអង្កេតបរិយាកាសភព K2-18 b ដោយ James Webb (Credits: Illustration: NASA, CSA, ESA, R. Crawford (STScI), J. Olmsted (STScI), Science: N. Madhusudhan (Cambridge University))

ងាកទៅមើលការអង្កេតរបស់ Hubble កាលពីឆ្នាំ២០១៩ លើភព K2-18 b វិញ ក្រុមតារាវិទូបានមើលឃើញថា ចំហាយទឹក (Water Vapor) ទំនងជាមានវត្តមានក្នុងបរិយាកាសភព ដែលមានម៉ាស់ធ្ងន់ជាងផែនដី ៨.៦ដង និងទំហំធំជាងផែនដី ២.៦ដង មួយនោះ។ ដោយឡែកលទ្ធផលនៃការអង្កេតដោយ James Webb ដែលត្រូវបានបញ្ចេញនៅក្នុងខែកញ្ញា ឆ្នាំ២០២៣នេះវិញ ក្រុមតារាវិទូជឿជាក់ថា មហាសមុទ្រធំៗកំពុងគ្របដណ្តប់ពាសពេញភព K2-18 b។ ប៉ុន្តែភាពរំភើប និងការចង់តាមដានបន្ត មិនមែនស្ថិតតែទៅលើវត្តមានទឹក នៅលើភពមួយនោះឡើយ។

អ្នកវិទ្យាសាស្ត្រកាន់តែចាប់អារម្មណ៍ភព K2-18 b ក្រោយ James Webb ឆ្លុះឃើញអ្វីដែលអាចជា «ដាននៃជីវិត» (មានវីដេអូ)
រូបតំណាងភព K2-18 b និងផ្កាយ K2-18 (រូបភាពពី NASA)

លទ្ធផលអង្កេតសំខាន់ៗរបស់ James Webb បានបង្ហាញថា ក្នុងការបរិយាកាសរបស់ភព K2-18 b មានវត្តមាន កាបូនឌីអុកស៊ីត (CO2) និងមេតាន (Methane) ហើយអ្វីដែលកាន់តែពិសេស និងសំខាន់បំផុតនោះ គឺជាសញ្ញានៃវត្តមានដែលអាចទៅរួច របស់សមាសធាតុ ឌីមេទីល ស៊ុលភីត (dimethyl sulfide ឬ DMS)។ ការរកឃើញសញ្ញាមិនទាន់ច្បាស់លាស់ នៃវត្តមានរបស់ DMS នេះគឺ «សំខាន់ណាស់» ព្រោះបើនៅលើផែនដីយើងវិញមានតែពពួកជីវិតដូចជា «សារាយ ឬប្លង់តុង» ប៉ុណ្ណោះដែលអាចបញ្ចេញ DMS នេះទៅក្នុងបរិយាកាសបាន។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ផងដែរថា នៅពេលនេះយើងបានដឹងត្រឹមថា «DMS អាចកកើតឡើងដោយសារតែជីវិតប៉ុណ្ណោះ» នៅលើភពផែនដី។

  • តើអាចមានជីវិតលើភព K2-18 b ដែរឬទេ?

យោងតាមការរៀបរាប់កន្លងមកនេះ គ្រប់គ្នាទំនងជាគិតថា ភព K2-18 b ពិតជាគោលដៅដ៏ប្រសើរជាងគេបំផុត សម្រាប់ការតាមដានរកជីវិត អេលៀន (Alien) ហើយ ប៉ុន្តែការសិក្សាកន្លងមកនេះ មិនមែនគ្រាន់តែដើម្បីភាពសាមញ្ញមួយនេះឡើយ។ យើងនៅតែមិនទាន់ដឹងថា លទ្ធផលដែលទទួលបានមកនេះ មានតម្លាភាពក្នុងកម្រិតណា នៅឡើយទេ ជាពិសេសគឺវិធីសាស្ត្រនៃការអង្កេតកែប្រែប្រួលទម្រង់ពណ៌នៃពន្លឺ នៅក្នុងបរិយាកាសភពមួយ ដោយតេឡេស្កូបអវកាស James Webb។ យើងមិនដឹងថា តើវិសាលគមពណ៌នៃពន្លឺដែលប្រែប្រួល ក្នុងបរិយាកាសភពមួយនោះ ពិតជាដោយសារតែប្រតិកម្មរវាងម៉ូលេគុលក្នុងបរិយាកាសភពនោះ ជាមួយពន្លឺនៃផ្កាយមេវា ឬក៏ដោយសារពន្លឺណាមួយនៅកាឡាក់ស៊ីឲ្យប្រាកដនោះឡើយ។

តេឡេស្កូបអវកាស James Webb (រូបភាព NASA/ESA/CSA)

បើតាមការពន្យល់ពីក្រុមអ្នកវិទ្យាសាស្ត្រ ទោះបីជា James Webb បំពាក់សមត្ថភាពខ្លាំង មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រតេឡេស្កូបអវកាស តែភាព Error និងការវាយតម្លៃខុសឆ្គង ក៏នៅតែអាចកើតមានដែរ។ វាមិនខុសពីព្រឹត្តិការណ៍មួយកាលពីប៉ុន្មានឆ្នាំមុន ដែលក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា ក្នុងពពកភពសុក្រ (Venus) មានផ្ទុកឧស្ម័ន phosphine ដែលអាចត្រូវបានបញ្ចេញដោយ «ពពួកមីក្រុប» នោះឡើយ។ ក្រោយមកក្រុមវិទ្យាសាស្ត្រអន្តរជាតិផ្សេងទៀត បានចេញមកស្រាវជ្រាវដើម្បីយល់ដឹងការពិតបន្ថែម ហើយនៅទីបំផុតពួកគេក៏ច្រានចោលប្រកបដោយប្រសិទ្ធភាពជុំវិញការអះអាងថា «អាចមានជីវិតក្នុងពពកភពសុក្រ» នោះ។

សរុបសេចក្តីមក ឱកាសនៃការអាចមានជីវិតលើភព K2-18 b គឺពិតជា «មាន» ទោះបីជាស្ថិតក្នុងកម្រិតទាបក្តី។ លទ្ធផលសិក្សាថ្មីនេះ មិនមែនជាការបញ្ចេញមក ដើម្បីប្រឆាំងនឹងទស្សនៈរបស់ក្រុមមនុស្ស ដែលជឿជាក់លើវត្តមាននៃជីវិតនៅភពដទៃ ឬអេលៀននោះឡើយ។ ផ្ទុយទៅវិញ យើងកំពុងតែព្យាយាមបង្កើនសមត្ថភាព ទាំងផ្នែកចំណេះដឹងនៃការវិភាគ និងបច្ចេកវិទ្យា ដែលត្រូវបានអភិវឌ្ឍពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីស្វែងរកព័ត៌មានប្រកបដោយការជឿទុកចិត្តខ្ពស់៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣)

480×240 Banner