នៅជាយៗកាឡាក់ស៊ី Milky Way ក៏អាចកំពុងលាក់ «ភពអេលៀន» ដែរ (លទ្ធផលសិក្សាថ្មី) (មានវីដេអូ)

1,135

(បរទេស)៖ ការរកឃើញនូវ ផូស្វ័រ (phosphorus) នៅក្នុងបណ្តុំពពកឧស្ម័នមួយ ស្ថិតនៅតំបន់ជាយកាឡាក់ស៊ី មាលគីវ៉េយ៍ (Milky Way) យើងនេះ កំពុងតែបង្កើនក្តីសង្ឃឹមអំពីតំបន់ដែលអាចឲ្យជីវិតកកើត នៅក្នុងកាឡាក់ស៊ីទាំងមូល ខណៈធាតុគីមីប្រភេទនេះត្រូវបានគេដឹងមកជានិច្ចថា ស្ថិតក្នុងចំណោមធាតុទាំង នៃការបង្កបង្កើតជីវិតនៅលើភពផែនដី។

ជុំវិញការរកឃើញតំបន់ពពកធូលីស្ថិតនៅជិតជាយ Milky Way ដែលមានឈ្មោះសម្គាល់ថា SN: 12/16/22 នេះ កំពុងធ្វើឲ្យតំបន់ដែលគេធ្លាប់គណនាថា អាចឲ្យជីវិតកកើត (Habitable Zone) នៅក្នុងកាឡាក់ស៊ី Milky Way យើងនេះ កើនឡើងបន្ថែម ២២,០០០ឆ្នាំពន្លឺទៀតពីចំណុចចុង Habitable Zone ពីមុន ហើយក្រុមតារាវិទូអាចប្រើប្រាស់ផែនទី Habitable Zone ដែលនឹងត្រូវបង្កើនតំបន់បន្ថែមទៀតនេះ ដើម្បីស្វែងរកប្រព័ន្ធផ្កាយដែលអាចមានភពមានអំណោយផលដល់ការកកើតជីវិត។ (ទស្សនាផែនដីខាងក្រោម ដើម្បីស្វែងយល់បន្ថែម)

(Image Credit: JPL-CALTECH/NASA, R. HURT/SSC/CALTECH, L. KOELEMAY, C. CHANG / បន្ថែមអក្សរដោយ Cambo Space)

តំបន់ពពកធូលី និងឧស្ម័នខាងលើនេះ ស្ថិតនៅចម្ងាយប្រមាណ ៧៤,០០០ឆ្នាំពន្លឺពីចំណុចកណ្តាលនៃ Milky Way (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ខណៈព្រះអាទិត្យរបស់យើងវិញស្ថិតនៅចម្ងាយតែ ២៦,០០០ឆ្នាំពន្លឺប៉ុណ្ណោះពីចំណុចកណ្តាល នៃកាឡាក់ស៊ីរាងគូទខ្យង ដែលមានប្រវែងអង្កត់ផ្សិតជាមធ្យមរហូតដល់ទៅជាង ១០០,០០០ឆ្នាំពន្លឺមួយនេះ។

យោងតាមលទ្ធផលអង្កេតពី តេឡេស្កូបចាប់រលកសញ្ញាវិទ្យុលើផែនដី បណ្តុំពពកធូលី និងឧស្ម័នដ៏ត្រជាក់ខាងលើនេះ បានបង្ហាញយ៉ាងច្បាស់នូវសញ្ញានៃធាតុសំខាន់ៗ ដូចជា ផូស្វ័រ ម៉ូណូអុកស៊ីដ (phosphorus monoxide) និង ផូស្វ័រ ម៉ូណូនីទ្រីដ (phosphorus mononitride)។ ផូស្វ័រ គឺជាធាតុដ៏សំខាន់មួយ ក្នុងចំណោមធាតុទាំង ដែលជួយទ្រទ្រង់ជីវិតលើភពផែនដី ដែល ៥ ទៀតមានដូចជា នីដ្រូសែន ឬ អាសូត (nitrogen) កាបូន (carbon), អ៊ីដ្រូសែន (hydrogen), អុកស៊ីសែន (oxygen) និងស៊ុលផួ (sulfur)

(រូបភាពពីបរទេស)

ជុំវិញលទ្ធផលសិក្សាថ្មីនេះដែរ អ្នកជំនាញផ្នែកតារាសាស្ត្រ និងគីមីសាស្ត្រមួយរូប មកពីសាកលវិទ្យាល័យរដ្ឋ Arizona សហរដ្ឋអាមេរិក គឺលោកស្រី Lucy Ziurys បានលើកឡើងថា «ធាតុផូស្វ័រខាងលើនេះ ត្រូវបានបង្កើតឡើងដោយសារ បន្ទុះស៊ូពើណូវ៉ា (Supernova) តែមួយមុខប៉ុណ្ណោះ។ ប៉ុន្តែនៅក្នុងកាឡាក់ស៊ីនេះ មានវត្ថុធាតុច្រើនប្រភេទណាស់ ហេតុដូច្នេះវាពិតជាពិបាកក្នុងការឲ្យតារាមួយ ប្រមូលផ្តុំរូបរាងឡើងបានយ៉ាងធំធេង នៅតំបន់ជាយកាឡាក់ស៊ី ហើយក៏កកើតជា Supernova និងបញ្ចេញផូស្វ័រដូចជា តំបន់ពពកធូលី និងឧស្ម័ននោះ»

បើតាមលោកស្រី Ziurys បានគូសបញ្ជាក់ថា កន្លងមកនេះក្រុមតារាវិទូ បានមើលឃើញតែកាកសំណល់ពី Supernova នៅតំបន់មួយឆ្ងាយបំផុតត្រឹម ៤៩,០០០ឆ្នាំពន្លឺពីប៉ុណ្ណោះ ពីចំណុចកណ្តាលរបស់ Milky Way។ ហេតុដូច្នេះការកើតមានបន្ទុះស៊ូពើណូវ៉ា នៅចម្ងាយរហូតដល់ទៅ ៧៤,០០០ឆ្នាំពន្លឺ ពីចំណុចកណ្តាលកាឡាក់ស៊ីយើងបែបនោះ គឺពិតជាចំណុចស្ថិតក្នុងក្តីមន្ទិល ឬហាក់មិនអាចទៅរួចឡើយ ក្នុងទ្រឹស្តីបច្ចុប្បន្ន។

(រូបភាពពីបរទេស)

អ្នកជំនាញផ្នែកតារាសាស្ត្រ និងរូបសាស្ត្រមួយរូបទៀត មកពីសាកលវិទ្យាល័យថា Florence ប្រទេសអ៊ីតាលី គឺលោក Francesco Fontani បានលើកឡើងថា «ការរកឃើញវត្តមានផូស្វ័រនៅទីនោះ (ជាយកាឡាក់ស៊ី Milky Way) ហាក់ដូចជាច្បាស់លាស់ និងគួរឲ្យទាក់ទាញ»។ ដោយសារតែកន្លងមកនេះ ក្រុមតារាវិទូមិនដែលប្រទះឃើញធាតុទាំង ដើម្បីបង្កើតជីវិត នៅតំបន់ជាយៗ Milky Way ក្រៅតែពីតំបន់ដែលស្ថិតក្នុងគម្លាតត្រឹមត្រូវ (Habitable Zone) ដែលស្ថិតនៅចម្ងាយមិនលើសពី ៥២,០០០ឆ្នាំពន្លឺពីតំបន់ស្នូលកាឡាក់ស៊ីនោះ ទើបពួកគេចាត់ទុកថា តំបន់ជាយៗ Milky Way មិនអាចឲ្យមានភពកកើតជីវិតបាន។

តារាវិទូបានអះអាងថា តំបន់កៀកៗចំណុចកណ្តាល Milky Way ដែលអាចចាប់ពី ៦,៥០០ឆ្នាំពន្លឺចុះក្រោម គឺមិនសមឲ្យក្រុមតារាវិទូ ស្វែងរកភពដែលអាចកើតមានជីវិតនោះឡើយ ព្រោះចាប់ពីត្រឹមនោះទៅ ករណីបន្ទុះស៊ូពើណូវ៉ាតែងតែកើតមានច្រើន ហើយស៊ូពើណូវ៉ាទាំងនោះហើយ ដែលបញ្ចេញពន្លឺស្វាយអ៊ុលត្រា (ultraviolet) និងវិទ្យុសកម្មកាំរស្មីអ៊ិច (X-ray radiation) ដែលគ្មានជីវិតណាអាចកកើតឡើង នៅក្នុងបរិស្ថានអវកាសបែបនោះទៅរួចឡើយ។

រូបតំណាងនៃភព Exoplanet (រូបភាពពី NASA)

គួរបញ្ជាក់ថា ការរកឃើញ «ផូស្វ័រ» នៅតំបន់ជាយ Milky Way កាលពីអំលុងខែមិថុនា ឆ្នាំ ២០២៣ ខាងលើនេះ បូករួមទាំងការប្រទះឃើញម៉ូលេគុលអូកានិក (organic molecules) នៅតំបន់ដែលមានចម្ងាយប្រហាក់ប្រហែលគ្នាដែរ ពីចំណុចកណ្តាលកាឡាក់ស៊ីយើងនេះ កាន់តែបង្កើនការគាំទ្រទៅដល់គំនិតដែលថា វិសាលភាពនៃតំបន់ Habitable Zone របស់ Milk Way អាចធំធេងជាងអ្វី ដែលត្រូវបានក្រុមតារាវិទូគូសវាសកន្លងមកទៅទៀត។ តំបន់ Habitable Zone កាន់តែទូលាយ នោះបេក្ខភាពតារាដែលអាចទ្រទ្រង់ភពមានជីវិត អេលៀន (Alien) ក៏កាន់តែច្រើនទៅតាមនោះដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Science News / Astronomical Society (ថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣)

480×240 Banner