ប្រសិនបើអេលៀនមាន James Webb នោះពួកគេនឹងដឹងថា ផែនដីមានជីវិត (មានវីដេអូ)

1,334

(បរទេស)៖ ជាង១ឆ្នាំមកនេះ តេឡេស្កូបអវកាស James Webb ពិតជាបានកសាងស្នាដៃច្រើន ដែលស្ទើរតែពិបាកនឹងឲ្យយើងរៀបរាប់អស់។ ក្រៅពីការសិក្សាស្វែងយល់អំពី ដំណើរវិវត្តន៍នៃចក្រវាល (Universe) និងទម្រង់នៃកាឡាក់ស៊ីដំបូងៗ ដែលបានកកើតឡើងក្រោយព្រឹត្តិការណ៍ Big Bang កាលពី ១៣.៨ពាន់លានឆ្នាំមុននោះ James Webb ក៏តែងតែបានឆ្លៀតឆ្លុះមើល ភពនៅប្រព័ន្ធផ្កាយដទៃ (exoplanets) ដ៏គួរជាទីចាប់អារម្មណ៍មួយចំនួនរួចទៅហើយដែរ។

ជាក់ស្តែង បេក្ខភាពនៃភពដែលអាចកំពុងមានជីវិតរស់នៅក្រៅពីផែនដី ឬយើងតែងហៅថា ភពអេលៀនៗ (Alien Planet) នោះ ត្រូវបានរកឃើញជាច្រើនរួចមកហើយ ដោយតេឡេស្កូបអវកាស Hubble, Kepler, TESS និងថ្មីៗនេះ គឺតេឡេស្កូបអវកាស James Webb នេះឯង។ លទ្ធផលអង្កេតចុងក្រោយរបស់ Webb លើភព K2-18 b បាននិងកំពុងធ្វើឲ្យក្រុមតារាវិទូ ចាប់់អារម្មណ៍យ៉ាងខ្លាំង ព្រោះតែការរកឃើញអ្វីដែលអាចជាសមាសធាតុ ឌីមេទីល ស៊ុលភីត (dimethyl sulfide ឬ DMS) នៅក្នុងបរិយាកាសភពដែលស្ថិតនៅចម្ងាយ ១២០ឆ្នាំពន្លឺពីផែនដីមួយនោះ ហើយធាតុគីមី DMS នេះ សម្រាប់នៅលើផែនដី គឺមានតែជីវិតប៉ុណ្ណោះ ដែលអាចបញ្ចេញវាទៅក្នុងបរិយាកាសបាន។

រូបតំណាងភព K2-18 b (រូបភាពពី NASA/ESA/CSA)

ជាការពិតណាស់ សមត្ថភាពរបស់ James Webb គឺការឆ្លុះមើលធាតុផ្សំក្នុងបរិយាកាស របស់ភពដែលជាគោលដៅរបស់វានោះឯង ហើយការឆ្លុះមើលគឺត្រូវប្រើប្រាស់ ឧបករណ៍អង្កេតការបំប្លែងពណ៌នៃពន្លឺ (Near-Infrared Spectrograph ឬ NIRSpec) នៅពេលដែលពន្លឺផ្កាយរបស់ភពនោះ ចាំងទៅលើបរិយាកាសរបស់ភពនោះ។ សមត្ថភាពបែបនេះហើយ ទើបអាចឲ្យ James Webb រកឃើញ វត្តមាននៃម៉ូលេគុលកាបូន (carbon-bearing molecules), មេតាន (methane), កាបូនឌីអុកស៊ីត (Carbon dioxide) និងសញ្ញាដែលអាចជាសមាសធាតុ ឌីមេទីល ស៊ុលភីត ដ៏គួរឲ្យចាប់អារម្មណ៍បំផុតក្នុងបរិយាកាស K2-18 b នោះឯង។

James Webb អាចដឹងថា ក្នុងបរិយាកាសភព Exoplanet នោះផ្សំឡើងពីធាតុគីមីសំខាន់ៗអ្វីខ្លះ (រូបភាពពី NASA)

បច្ចុប្បន្ននេះ យើងមិនទាន់មានអ្វីផ្សេង ក្រៅតែពីវិធីសាស្ត្រដែល James Webb កំពុងអនុវត្តនោះឡើយ។ ដូចអ្វីដែលតារាវិទូអន្តរជាតិធ្លាប់បានលើកឡើង នៅក្នុងលទ្ធផលសិក្សាមិនទាន់ចេញផ្សាយផ្លូវការ កាលពីខែសីហា ឆ្នាំ២០២៣ ថា ប្រសិនបើភព exoplanet ណាមួយនៅក្នុងកាឡាក់ស៊ី Milky Way យើងនេះមានឧបករណ៍ប្រកបដោយសមត្ថភាពដូច James Webb ហើយពួកគេចោលកាណុងឧបករណ៍នោះ សំដៅមករកភពផែនដីយើង នោះពួកគេនឹងដឹងថា ភពផែនដីនេះមានជីវិតរស់នៅតើសញ្ញាអ្វីខ្លះដែលជីវិតលើផែនដីយើង បញ្ចេញទៅកាន់បរិយាកាស ដែលអាចឲ្យជីវិតលើភពដទៃចាប់បាននោះ?

តេឡេស្កូបអវកាស James Webb (រូបភាពពីបរទេស)

ក្នុងករណីនេះ ក្រុមការងារគ្រប់គ្រង James Webb បានពន្យល់ថា ឧបករណ៍សំខាន់ៗលើតេឡេស្កូបអវកាសនេះ អាចមានសមត្ថភាពចាប់បានសញ្ញានៃជីវៈចំរុះទាំងឡាយ និងសញ្ញានៃការអភិវឌ្ឍបច្ចេកវិទ្យា ដែលបញ្ចេញទៅក្នុងបរិយាកាសភពផែនដីបាន ក្នុងនោះមានដូចជា មេតាន (Methane) និង អុកស៊ីហ្សែន (Oxygen) ដែលត្រូវបានផលិតចេញដោយជីវិត រួមទាំងនីដ្រូសែនឌីអុកស៊ីត (Nitrogen Dioxide) និង ក្លរ៉ូភ្លុយអរ៉ូកាបូន (chlorofluorocarbons ឬ CFCs) ដែលបញ្ចេញដោយសកម្មភាពមនុស្ស។

ប្រសិនបើអេលៀនមាន James Webb នោះពួកគេនឹងដឹងថា ផែនដីមានជីវិត (មានវីដេអូ)
រូបតំណាងភពអេលៀនមានអរិយធម៌ជឿនលឿន (Courtesy: NASA/Jay Freidlander)

យោងតាមលទ្ធផលសិក្សាមិនទាន់សម្រេចមួយ ដែលត្រូវបានបញ្ជូនទៅកាន់ ស្ថាប័នរក្សាទុកឯកសារអន្តរជាតិ arXiv កាលពីចុងខែសីហា ឆ្នាំ២០២៣ បានបង្ហាញថា សមត្ថភាពរបស់ James Webb គឺការឆ្លុះមើលទៅក្នុងបរិយាកាសភពជាគោលដៅ ហើយព្យាយាមអង្កេតមើល ការបំប្លែងពណ៌នៃពន្លឺរបស់ម៉ូលេគុលនានា នៅក្នុងបរិយាកាសភពនោះ ដើម្បីបែងចែកសមាសធាតុផ្សំចម្បងៗ ហើយទិន្នន័យដែលទទួលបានក៏អាចឲ្យក្រុមការងារអន្តរជាតិវិភាគដឹងផងដែរថា ភពដែលអាចមាន Alien នោះ គឺជាពពួកជីវិតឆ្លាតវៃ ឬជាជីវិតសាមញ្ញៗតាមធម្មជាតិ។

(រូបភាពពីបរទេស)

គួរបញ្ជាក់តាមលទ្ធផលសិក្សាខាងលើនេះទៀតថា ចម្ងាយដែល James Webb មានសមត្ថភាពល្អបំផុត ក្នុងការឆ្លុះរកមើលភព exoplanets និងងាយអង្កេតដឹងពីធាតុពិត នៅក្នុងបរិយាកាសភពទាំងនោះ គឺជាមធ្យម ៤០ឆ្នាំពន្លឺពីភពផែនដី ប៉ុន្តែអ្នកជំនាញខ្លះបានអះអាងថា ក្នុងរង្វង់រហូតដល់ទៅ ៥០ឆ្នាំពន្លឺពីផែនដីក៏ James Webb នៅតែអាចអង្កេតដឹងបានច្បាស់ដែរ។ បច្ចុប្បន្ននេះ ភពដែលក្រុមតារាវិទូមានក្តីសង្ឃឹមបំផុតថា អាចមានជីវិតអេលៀនរស់នៅ នោះគឺភព Trappist-1 e របស់ប្រព័ន្ធផ្កាយ Trappist-1 ដែលមានចម្ងាយ ៤០ឆ្នាំពន្លឺពីផែនដី ហើយ James Webb ក៏ទំនងជាកំពុងអង្កេតមើលវាដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE (ថ្ងៃពុធ ទី២៥ ខែតុលា ឆ្នាំ២០២៣)

480×240 Banner