ផ្កាយដុះកន្ទុយ «បិសាច» នឹងចល័តមកកៀកផែនដីនៅឆ្នាំ២០២៤ ចំពេលអាមេរិកជួប «សូរ្យគ្រាស» (មានវីដេអូ)
(បរទេស)៖ ផ្កាយដុះកន្ទុយដ៏ធំមួយដែលតែងតែចល័ត មកកៀកភពផែនដីក្នុងរយៈពេល ៧១ឆ្នាំម្តង និងត្រូវបានរកឃើញតាំងតែពីឆ្នាំ១៨១២នោះ នឹងចល័តមកកៀកភពផែនដីជាថ្មី នៅអំលុងខែមេសា ឆ្នាំ២០២៤ ហើយមនុស្សម្នានឹងអាចមើលឃើញវាដោយភ្នែកទទេ ប្រសិនបើមិនមានអ្វីប្រែប្រួល។ នេះបើតាមការចេញផ្សាយដោយ វែបសាយ Sky Live ដែលត្រូវបានដកស្រង់នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣។
ផ្កាយដុះកន្ទុយ 12p/Pons-Brooks ឬ Devil Comet ដែលត្រូវបានរកឃើញកាលពីឆ្នាំ ១៨១២ នោះ ត្រូវបានប្រទះឃើញជាថ្មីម្តងទៀតកាលពីឆ្នាំ ១៨៨៣ ខណៈបន្ទាប់មកទៀត គឺអំលុងទសវត្សរ៍ ១៩៥០ គេពុំបានឃើញមានសេចក្តីរាយការណ៍ណាមួយ អំពីការប្រទះឃើញវានោះឡើយ។ Devil Comet ត្រូវបានគេដឹងថា ស្ថិតក្នុងចំណោមផ្កាយដុះកន្ទុយសរុបចំនួន ២០ ដែលមានវត្តមានភ្នំទឹកកក ជះចំហាយចេញពីខ្លួនវាយ៉ាងសកម្ម ហេតុដូច្នេះទើបវាត្រូវបានដាក់រហស្សនាមថា «Devil Comet» បែបនេះ។
យោងតាមអ្នកស្រាវជ្រាវមួយរូបឈ្មោះ Teddy Kareta មកពីមន្ទីរអង្កេតតារា Lowell Observatory នៃទីក្រុង Flagstaff រដ្ឋ Arizona សហរដ្ឋអាមេរិក បានលើកឡើងថា «វា (ផ្កាយដុះកន្ទុយ 12p/Pons-Books) នឹងភ្លឺគ្រប់គ្រាន់ឲ្យអ្នកមើលឃើញដោយភ្នែកទទេ ឬដោយកែវយឺតធម្មតាៗ ប៉ុន្តែនោះមិនមែនមានន័យថា វានឹងមកកៀកភពផែនដីខ្លាំង (បើធៀបនឹងផ្កាយដុះកន្ទុយផ្សេងៗ) នោះឡើយ… តែនោះគឺដោយសារផ្កាយដុះកន្ទុយមួយនេះ ពិតជាភ្លឺខ្លាំងណាស់»។
បើតាមការអះអាងពីអ្នកវិទ្យាសាស្ត្រ Devil Comet ខាងលើនេះ មានផ្ទុកដោយទឹកកក ធូលី និងឧស្ម័ន ដែលទាំងអស់នេះបូកបញ្ចូលគ្នាត្រូវបានគេហៅថា គ្រីយ៉ូម៉ាក់ម៉ា (cryomagma)។ គ្រីយ៉ូម៉ាក់ម៉ានេះត្រូវបានជះចេញពីមាត់ភ្នំ ដែលប្រៀបបីដូចជាភ្នំភ្លើងជះចេញនូវកម្អែលដ៏ក្តៅគគុក ពីមាត់របស់វាដែរ គ្រាន់តែនៅលើផ្កាយដុះកន្ទុយនោះ មិនមែនកម្អែលភ្លើងនោះទេ តែជាបណ្តុំនៃធូលី និងឧស្ម័នដ៏សែនត្រជាក់ (ice or cold volcano) ដែលបញ្ចេញពីខ្លួនវានាំឲ្យមើលទៅមានទម្រង់ដូចស្នែងក្របី។
គួរបញ្ជាក់ថា 12p/Pons-Brooks ឬផ្កាយដុះកន្ទុយបិសាច មានទំហំស្មើនឹងភ្នំ Everest ដ៏ខ្ពស់បំផុតលើផែនដីយើងនេះគុណនឹង ២ ឯណោះ ឬស្មើនឹងអង្កត់ផ្ចិតប្រមាណ ៣០គីឡូម៉ែត្រ។ បើតាមវែបសាយ Sky Live ដែលជំនាញខាងតាមដាន ព្រឹត្តិការណ៍លើផ្ទៃមេឃ ផ្កាយដុះកន្ទុយមួយនេះនឹងចល័តមកដល់ ចំណុចកៀកផែនដីបំផុត ក្នុងរយៈចម្ងាយ ២៣២លានគីឡូម៉ែត្រពីផែនដី។
យ៉ាងណាក៏ដោយ ពាក្យថា «ផ្កាយដុះកន្ទុយ» គឺបង្ហាញពីភាពមិនទៀងទាត់រួចទៅហើយ ដែលក្រុមអ្នកវិទ្យាសាស្ត្រ ត្រូវការពេលវេលាបន្ថែម ដើម្បីសិក្សាអំពីកម្រិតពន្លឺដែលវានឹងបញ្ចេញ នៅពេលមកដល់គន្លងគោចរកៀកនឹងផែនដី ជាពិសេសគឺនៅពេលដែលវាគោចរទៅកៀកនឹងព្រះអាទិត្យ។ អ្វីដែលកាន់តែពិសេសនោះ ផ្កាយដុះកន្ទុយបិសាចនេះ នឹងបង្ហាញខ្លួនចំពេលដែលសហរដ្ឋអាមេរិកជួបបាតុភូតសូរ្យគ្រាសពេញលេញ (Total Solar Eclipse) ដែលនឹងកើតឡើងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Sky Live (ថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣)