NASA បញ្ជាក់ការពិតនៃវត្តមាន «អំបិល» និងសមាសធាតុអូកានិច លើព្រះចន្ទ១នៃភពព្រហស្បតិ៍! (មានវីដេអូ)

626

(បរទេស)៖ នេះជាលើកដំបូងហើយ សម្រាប់បេសកកម្មអង្គការ NASA នៅប្រព័ន្ធភពព្រហស្បតិ៍ (Jupiter) ដែលបានរកឃើញវត្តមានយ៉ាងពិតប្រាកដ នៃសារធាតុរ៉ែសំខាន់ៗដូចជា អំបិល (salts) និងសមាសធាតុសរីរាង្គ ឬអូកានិច (organic compounds) នៅលើផ្ទៃស្រទាប់លើ (surface) របស់ព្រះចន្ទ ហ្គេនីមីដ (Ganymede) នៃភពឧស្ម័នយក្សលេខ ១ ប្រចាំប្រព័ន្ធព្រះអាទិត្យយើងមួយនេះ។ (បញ្ជាក់៖ ព្រះចន្ទផែនដី (Lunar/Moon) យើងមានអង្កត់ផ្ចិតជិត ៣,៤៧៥គីឡូម៉ែត្រ ខណៈព្រះចន្ទ Ganymede មានអង្កត់ផ្ចិតជាង ៥,២៦៨គីឡូម៉ែត្រ, រីឯភពពុធ (Mercury) វិញមានអង្កត់ផ្ចិតជាង ៤,៨៧៩គីឡូម៉ែត្រ)

ការរកឃើញវត្តមានរបស់សមាសធាតុរ៉ែទ្រទ្រង់ជីវិតខាងលើនេះ គឺតាមរយៈឧបករណ៍វាស់ស្ទង់ (spectrometer) អូរ៉ូរ៉ា និងពន្លឺក្រហមអាំងហ្វ្រាលើផ្ទៃព្រះចន្ទ Ganymede (InfraRed Auroral Mapper ឬ JIRAM) នៅលើយានអវកាស Juno ដែលបានហោះកៀកនឹងព្រះចន្ទធំជាងគេបំផុត ប្រចាំក្នុងប្រព័ន្ធព្រះអាទិត្យយើងមួយនេះ ហើយផ្តិតយកទិន្នន័យសំខាន់ៗ រួចបាញ់បញ្ជូនមកកាន់ក្រុមការងារ NASA លើភពផែនដី ដើម្បីធ្វើការវិភាគ និងវែកញែក។

ឧបករណី JIRAM លើយានអវកាស Juno (រូបភាពពី NASA និង ISA)

អ្នកសិក្សាស្រាវជ្រាវមួយរូបឈ្មោះ Federico Tosi មកពីវិទ្យាស្ថានជាតិនៃតារាសាស្ត្រ និងរូបសាស្ត្រនៃទីក្រុងរ៉ូម (NIAR) ប្រទេសអ៊ីតាលីបានលើកឡើងថា «វត្តមាននៃអំបិលអាម៉ូញ៉ូម (ammoniated salts) មានន័យថា Ganymede មានធាតុត្រជាក់គ្រប់គ្រាន់ ដើម្បីជំរុញប្រតិកម្មនៃធាតុអាម៉ូញាក់ (ammonia) នៅអំលុងការកកើតព្រះចន្ទមួយនេះឡើងដំបូងៗ។ បន្ថែមពីនេះ អំបិលកាបូណាត (carbonate salts) គឺជាអ្វីដែលបានមកពីកាកសំណល់ នៃសមាសធាតុកាបូនឌីអុកស៊ីតកក (carbon dioxide-rich ices)»។

រូបភាពបានមកពីការអង្កេតរបស់ឧបករណ៍ (JIRAM) spectrometer នៃ Juno (រូបភាពពី NASA)

ការរកឃើញខាងលើនេះ នឹងជួយក្រុមអ្នកវិទ្យាសាស្ត្រឲ្យយល់ដឹងបន្ថែមទៀត អំពីដំណើរនៃការកកើតដំបូងរបស់ព្រះចន្ទ Ganymede និងមហាសមុទ្រទឹករាវដ៏ជ្រៅ ដែលក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា កំពុងមានវត្តមាននៅក្រោម «សំបកទឹកកក (icy crust)» របស់ព្រះចន្ទនោះ។ របកគំហើញថ្មីៗនេះ ក៏ត្រូវបានដាក់ឲ្យចេញផ្សាយ នៅក្នុងកាសែត Nature Astronomy ផងដែរ។

គួរបញ្ជាក់ថា Ganymede មានទំហំធំជាងភពពុធ (Mercury) ទៅទៀត ហើយមិនត្រឹមតែជាព្រះចន្ទធំលេខ១ របស់ Jupiter ប៉ុណ្ណោះទេ តែវាក៏ធំជាងគេបំផុតប្រចាំក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូលផងដែរ។ ចំណុចពិសេសបំផុតមួយទៀតនោះ គឺវាជាព្រះចន្ទតែមួយគត់ ដែលមានដែនម៉ាញេទិច (magnetic field)

រូបភាពព្រះចន្ទ Ganymede ថតដោយ Juno កាលពីខែមិថុនា ឆ្នាំ២០២១ (រូបភាពពី NASA)

ការស្រាវជ្រាវកន្លងមកដោយ យានអវកាស Gelileo របស់ NASA នៅប្រព័ន្ធភពព្រហស្បតិ៍ផ្ទាល់, តេឡេស្កូបអវកាស Hubble ដែលស្ថិតក្នុងគន្លងគោចរជុំវិញផែនដី និងតេឡេស្កូបយក្ស VLT (the Very Large Telescope) របស់អង្គការអឺរ៉ុប ESO នៅប្រទេសឈីលី បានត្រឹមបង្ហាញការសង្ស័យចំពោះវត្តមានរបស់អំបិល និងសមាសធាតុអូកានិច នៅលើផ្ទៃព្រះចន្ទ Ganymede នោះប៉ុណ្ណោះ តែមិនអាចសន្មត់ថាជាលទ្ធផលគួរឲ្យទុកចិត្តនោះឡើយ ព្រោះការមើលឃើញដោយឧបករណ៍ទាំងនេះស្ថិតក្នុងកម្រិតទាប។

NASA បញ្ជាក់ការពិតនៃវត្តមាន «អំបិល» និងសមាសធាតុអូកានិច លើព្រះចន្ទ១នៃភពព្រហស្បតិ៍! (មានវីដេអូ)
ការនឹកស្រមៃអំពីផ្ទៃព្រះចន្ទ Ganymede និងវត្តមានភពព្រហស្បតិ៍ (រូបភាពពីបរទេស)

ដោយឡែកការអង្កេតដោយឧបករណ៍ JIRAM ដ៏មានប្រសិទ្ធភាពរបស់ Juno នៅកៀកនឹងព្រះចន្ទ Ganymede តែម្តងនោះ គឺអាចផ្តល់ចម្លើយយ៉ាងពិតប្រាកដ ចំពោះវត្តមាននៃសារធាតុរ៉ែអំបិល និងសមាសធាតុអូកានិច នៅលើផ្ទៃព្រះចន្ទនោះ។ ឧបករណ៍ JIRAM នេះត្រូវបានផលិតដោយអង្គការអវកាសអ៊ីតាលី ISA ដើម្បីអង្កេតពន្លឺក្រហមអាំងហ្វ្រា ទៅក្នុងជម្រៅ ៥០-៧០គីឡូម៉ែត្រ នៃបណ្តុំពពកភពព្រហស្បតិ៍ ប៉ុន្តែវាក៏អាចយកទៅប្រើប្រាស់ ដើម្បីអង្កេតតំបន់ជ្រលងៗនៅលើផ្ទៃព្រះចន្ទ Io, Europa, Ganymede និង Callisto ផងដែរ នៅពេលយានអវកាស Juno ហោះកៀកនឹងទីឋានទាំងនោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៣)

480×240 Banner