BREAKING៖ ព្រះអាទិត្យទើបបញ្ចេញ «កំហឹងកម្រិតកំពូលក្នុងឆ្នាំ២០២៥» ដាក់ភពផែនដី!
(បរទេស)៖ ព្រះអាទិត្យបានជះចេញនូវអណ្តាតភ្លើង និងកំសួលថាមពលក្នុងកម្រិតកំពូល X5.1 នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ដែលជាកម្រិតខ្លាំងក្លាបំផុតប្រចាំឆ្នាំ២០២៥ និងតានតឹងបំផុតបើគិតចាប់តាំងពីខែតុលា ឆ្នាំ២០២៤។ ក្រុមអ្នកវិទ្យាសាស្ត្រ ក៏បានព្យាករណ៍ថែមទៀតថា ផែនដីនឹងជួបព្យុះភូមិសាស្ត្រម៉ាញេទិច (Geomagnetic Storm) យ៉ាងហោចណាស់កម្រិត G3 ដែរ ដែលនឹងធ្វើឲ្យប៉ូលទាំង ២ បញ្ចេញពន្លឺ Aurora ក្នុងចំនួនច្រើននៅរយៈពេល ២ ទៅ ៣ថ្ងៃខាងមុខ។
ព្រឹត្តិការណ៍ជះអណ្តាតភ្លើង (Solar Flare) ថ្មីនេះបានកើតឡើងកាលពីវេលាម៉ោង ៥៖០០នាទីល្ងាចថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ (ម៉ោងនៅកម្ពុជា) ដែលត្រូវនឹងម៉ោង ៥៖០០នាទីព្រឹកថ្ងៃដដែល (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក) ចេញពីចំណុចខ្មៅព្រះអាទិត្យ (sunspot) មួយឈ្មោះ AR4274 ដែលបាននិងកំពុងបញ្ចេញសកម្មភាពខ្លាំងនាប៉ុន្មានថ្ងៃចុងក្រោយនេះ។

យោងតាមទិន្នន័យពីមជ្ឈមណ្ឌលតាមដានបរិយាកាសទីអវកាស នៃរដ្ឋបាលជាតិ NOAA សហរដ្ឋអាមេរិកបានឲ្យដឹងថា Solar Flare ដ៏ខ្លាំងក្លាខាងលើមានកម្រិត R3 (R3-Level) ហើយជះចំទ្វីបអាហ្វ្រិក និងអឺរ៉ុប ដែលធ្វើឲ្យតំបន់ទាំង២នេះជួបការដាច់វិទ្យុទាក់ទង និងរំខានដល់ការធ្វើទំនាក់ទំនងតាមរលកវិទ្យុហ្វ្រេកង់ខ្ពស់ថែមទៀត។
យោងតាមការសង្កេតពីតេឡេស្កូបរបស់ NOAA ចំណុចខ្មៅ AR4274 នោះបានបញ្ចេញសកម្មភាពជះអណ្តាតភ្លើងក្នុងកម្រិតខ្លាំងៗប៉ុន្មានលើករួចមកហើយដូចជា X1.7 កាលពីថ្ងៃទី៩ វិច្ឆិកា និង X1.2 នៅថ្ងៃទី១០ ខែវិច្ឆិកា ហើយសម្រាប់នៅថ្ងៃទី១១ វិច្ឆិកានេះ វាបានជះដល់ទៅកម្រិត X5.1 ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងឆ្នាំ២០២៥នេះ។

- ហេតុអ្វីក៏បែបនេះ? តើយើងអាចមានគ្រោះថ្នាក់ឬទេ?
សម្រាប់មនុស្សម្នាលើផែនដី គឺមិនមានអ្វីត្រូវព្រួយបារម្ភចំពោះស្ថានភាពរបស់ព្រះអាទិត្យនោះឡើយ ព្រោះយើងមានខែលម៉ាញេទិចធម្មជាតិ និងបរិយាកាសក្រាស់ ដែលភពយើងនេះតែងប្រើប្រាស់សម្រាប់ទប់ទល់ឥទ្ធិពលអាក្រក់ៗពីព្រះអាទិត្យអស់ហើយ ក្នុងនោះមានដូចជារលកធាតុវិទ្យុសកម្ម និងកម្តៅផងដែរ។ ហើយមនុស្សលោកត្រឹមឃើញពន្លឺសំរាំងប៉ូល ឬ Aurora នៅពីលើតំបន់ប៉ូលសទាំង ២ ប៉ុណ្ណោះ ខណៈ Aurora ច្រើនឬតិច ក៏អាស្រ័យលើឥទ្ធិពល Solar Flare ខ្លាំង ឬខ្សោយជះចេញពីព្រះអាទិត្យនោះមកដែរ។

ចំពោះមូលហេតុនៃភាពពុះកញ្ជ្រោលរបស់ព្រះអាទិត្យនេះ គឺដោយសារតែព្រះអាទិត្យកំពុងស្ថិតនៅក្នុងដំណាក់កាលកញ្ជ្រោលកម្រិតអតិបរមាណ (Solar Maximum) នៅចំកណ្តាលវដ្តទី២៥ (Sun Cycle 25) របស់ខ្លួនដែលមួយវដ្តនេះមានរយៈពេល ១១ឆ្នាំម្តង គិតចាប់តាំងពីការរាប់វដ្តដំបូងនៅឆ្នាំ១៧៥៥ មក។ សម្រាប់ឆ្នាំ២០២៥នេះ ត្រូវបាន NASA ព្យាករណ៍រួចហើយថា ជាដំណាក់កាលដែលព្រះអាទិត្យពុះកញ្ជ្រោលដល់កម្រិតកំពូល មុននឹងថមថយចុះឥទ្ធិពលវិញបន្តិចម្តងៗ រហូតដល់ដំណាក់កាលស្ងប់ (Solar Minimum) រួចទើបឈានចូល Sun Cycle 26 ដែលអាចកើតឡើងនៅដើមឆ្នាំ២០២៩ ឬរហូតដល់ឆ្នាំ២០៣២៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥)
