BREAKING៖ ប្រព័ន្ធផ្កាយ១ទៀតមាន «ភពចំនួន៧» ត្រូវបាន NASA បញ្ជាក់ជាផ្លូវការ! (មានវីដេអូ)
(បរទេស)៖ ក្រោយការបន្តស្រាវជ្រាវឥតឈប់ឈរ ក្រុមតារាវិទូរបស់អង្គការ NASA បានបញ្ជាក់ជាផ្លូវការនូវប្រព័ន្ធផ្កាយមួយ ដែលមានភពរហូតដល់ទៅចំនួន ៧ ឯណោះគោចរជុំវិញវា ដែលនេះមិនសូវខុសពីប្រព័ន្ធផ្កាយ Trappist-1 ឡើយ។ នេះជាដំណឹងថ្មីដែលត្រូវបានប្រកាសចេញនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រោយការត្រួតពិនិត្យលើទិន្នន័យចាស់ៗបន្សល់ទុកដោយ តេឡេស្កូបអវកាស Kepler ដែលបានបិទបញ្ចប់បេសកកម្មកាលពីឆ្នាំ២០១៨។
ប្រព័ន្ធផ្កាយខាងលើនេះមានឈ្មោះឲ្យថា Kepler-385 ហើយប្រាកដណាស់ ភពទាំង ៧ របស់វាគឺមានឈ្មោះថា Kepler-385 b, c, d, e, f, g និង h ដែលសុទ្ធសឹងជាភពមានទំហំលំដាប់ Super-Earth (បណ្តាភពដែលមានទំហំធំជាងផែនដី តែតូចជាងភពណិបទូន)។ នេះជាអ្វីដែល NASA បានវែករកឃើញពីក្នុងបេក្ខភាពភព Exoplanets សរុបរហូតដល់ ៤,៤០០ភព នៅក្នុងបញ្ជីនៃប្រព័ន្ធផ្កាយដែលទ្រទ្រង់ភពលើសពី ១ ប្រមាណជាង ៧០០ប្រព័ន្ធ ដែលត្រូវបានបន្សល់ទុកដោយ តេឡេស្កូបអវកាស Kepler ដើម្បីរង់ចាំអ្នកជំនាន់ក្រោយ បញ្ជាក់អំពីវត្តមានជាផ្លូវការ។
ជុំវិញលទ្ធផលខាងលើនេះ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Jack Lissauer នៅឯមជ្ឈមណ្ឌលស្រាវជ្រាវ Ames របស់ NASA ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានលើកឡើងថា «យើងបានរៀបចំបញ្ជីនៃបេក្ខភាពភព ដ៏គួរឲ្យជឿជាក់បំផុត បន្សល់ទុកដោយ Kepler ព្រមទាំងទិន្នន័យនានា របស់បេក្ខភាពភពទាំងនោះ មកទល់នឹងបច្ចុប្បន្ន។ តេឡេស្កូបរបស់ NASA មួយនេះ បានរកឃើញភពភាគច្រើន ក្នុងចំណោមភព Exoplanets ផ្លូវការទាំងអស់ដែលយើងបានស្គាល់ ខណៈភពបន្ថែមទៀត ដែលត្រូវកត់ចូលក្នុងបញ្ជីនេះ នឹងអនុញ្ញាតឲ្យក្រុមតារាវិទូ សិក្សាបន្ថែមទៅមុខទៀត ដើម្បីយល់ដឹងពីបុគ្គលិកលក្ខណៈរបស់ពួកវា…»។
យោងតាមទិន្នន័យបឋមបង្ហាញថា Kepler-385 គឺជាផ្កាយស្រដៀងនឹងព្រះអាទិត្យយើង តែវាមានទំហំធំជាងផ្កាយយើង ១០% និងកម្តៅក្តៅជាង ៥% (បញ្ជាក់៖ ព្រះអាទិត្យមានអង្កត់ផ្ចិតជិត ១.៤លានគីឡូម៉ែត្រ) ខណៈ Kepler-385 ស្ថិតនៅចម្ងាយ ៤,៦៧០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ ទោះបីជា Kepler-385 មានចម្ងាយឆ្ងាយខ្លាំង បើធៀបនឹងប្រព័ន្ធផ្កាយ Trappist-1 ដែលស្ថិតនៅត្រឹមតែ ៤០ឆ្នាំពន្លឺពីផែនដីនោះ ក៏ក្រុមតារាវិទូអាចគណនាអំពីបុគ្គលិកលក្ខណៈត្រួសៗនៃភពរបស់វាបានដែរ ដោយយោងលើប្រភេទនៃផ្កាយនេះ និងគម្លាតនៃភពទាំង ៧ ពីផ្កាយមេរបស់ពួកវា។
បើតាមការសន្និដ្ឋានរបស់ NASA ភពស្ថិតនៅគន្លងគោចរដើមៗគេចំនួន ២ នោះគឺ Kepler-385 b និង c អាចជាភពថ្ម (Rocky Planet) ហើយស្រោបដោយបរិយាកាសស្តើង ដែលមិនមែនជាសញ្ញានៃភពអាចទ្រទ្រង់ជីវិតអ្វីឡើយ ខណៈទំហំរបស់ពួកវាវិញ គឺសុទ្ធតែធំជាងផែនដីយើងបន្តិចៗដូចគ្នា។ ដោយឡែកសម្រាប់ភព ៥ ទៀតនោះគឺ Kepler-385 d, e, f, g និង h សុទ្ធតែមានទំហំធំៗ (មានអង្គត់ផ្ចិតស្មើនឹង អង្កត់ផ្ចិតផែនដី ២ដងឡើងទៅ) ហើយក៏អាចស្រោបដោយ បរិយាកាសយ៉ាងក្រាស់ផងដែរ។
គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសិក្សាអំពីបុគ្គលិកលក្ខណៈ ដ៏គួរឲ្យជឿទុកចិត្តបានរបស់ភពទាំង ៧ នៃប្រព័ន្ធផ្កាយ Kepler-385 នោះ។ យ៉ាងណាក៏ដោយ យើងត្រូវអរគុណដល់បេសកកម្ម K2 របស់ Kepler ដែលជាបេសកកម្មត្រូវបានបន្តកាលពីឆ្នាំ២០១៣ ក្រោយបេសកកម្មស្នូលរបស់ NASA លើតេឡេស្កូបអវកាសនេះពីឆ្នាំ ២០០៩ ដល់ ២០១៣ បានបញ្ចប់ជាស្ថាពរ។ បេសកកម្ម K2 ដែលបានចាប់ពីផ្តើមពីឆ្នាំ២០១៣ ដល់ ២០១៨ បានប្រើដង្ហើមចុងក្រោយរបស់ Kepler ដើម្បីប្រមូលផ្តុំទិន្នន័យសំខាន់ៗជាច្រើន អំពីប្រព័ន្ធផ្កាយនៅក្នុងកាឡាក់ស៊ី Milky Way ដែលវាអាចសម្លឹងទៅដល់ និងស្វែងរកវត្តមាននៃភពដែលអាចមាន នៅជុំវិញប្រព័ន្ធផ្កាយទាំងនោះ ទើបក្រុមការងារ NASA អាចមាននូវទិន្នន័យជាច្រើន ដើម្បីស្រាវជ្រាវបន្ត៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣)