វដ្តដ៏កញ្ជ្រោលរបស់ព្រះអាទិត្យ នឹងមកដល់ឆាប់ៗ ដោយលឿនជាងការព្យាករណ៍ពីមុន១ឆ្នាំ! (មានវីដេអូ)

1,832

(បរទេស)៖ អការៈពុះកញ្ជ្រោលនៃព្រះអាទិត្យ នឹងឈានដល់កម្រិតអតិបរមា នៅអំលុងឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះហើយ ដោយលឿនជាងការព្យាករណ៍ពីមុន ១ឆ្នាំ។ នេះបើតាមសេចក្តីប្រកាសរបស់ មជ្ឈមណ្ឌលព្យាករណ៍ ស្ថានភាពនៃទីអវកាស (SWPC) របស់រដ្ឋបាលបរិយាកាស និងមហាសមុទ្រជាតិ (NOAA) នៃសហរដ្ឋអាមេរិក ដែលត្រូវបានដកស្រង់នៅថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

នេះជាការកែសម្រួលជាថ្មី ចំពោះលទ្ធផលព្យាករណ៍ពីមុនលើវដ្តទី ២៥ (Solar Cycle 25) អំពីភាពកញ្ជ្រោលដល់កម្រិតកំពូលនៃព្រះអាទិត្យ (Solar Maximum) ហើយវាត្រូវបាន NOAA សហរដ្ឋអាមេរិកអះអាងថា នឹងកើតឡើងនៅចន្លោះខែមករា ដល់ខែតុលា ឆ្នាំ២០២៤។ ចលនាកញ្ជ្រោលរបស់ព្រះអាទិត្យ នៅអំលុងពេលខាងមុខនេះ នឹងកើតឡើងលឿន, ខ្លាំងជាង និងអូសបន្លាយយូរជាងការព្យាករណ៍ ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៩ នោះទៅទៀត។

ព្រះអាទិត្យបញ្ចេញសកម្មភាពកញ្ជ្រោល (រូបភាពពី NASA)

វដ្តនៃព្រះអាទិត្យ (Solar Cycle) តែងតែកើតមានឡើង ១១ឆ្នាំម្តង ដែលជាពេលចលនាកញ្ជ្រោលនៃអណ្តាតភ្លើងព្រះអាទិត្យ បញ្ចេញសកម្មភាពខ្លាំងក្លាជាងពេលណាៗទាំងអស់ ហើយទាំងអស់នេះតែងតែត្រូវបានជំរុញដោយ ឥទ្ធិពលនៃដែនម៉ាញេទិច (magnetic field) ព្រមទាំងការបង្ហាញវត្តមានយ៉ាងញឹកញាប់នៃ ចំណុចខ្មៅព្រះអាទិត្យ (sunspot)

ការព្យាករណ៍អំពីកំលុងពេលនៃ Solar Maximum នៅក្នុងវត្ត ១១ឆ្នាំរបស់ព្រះអាទិត្យ កន្លងមកនេះ គឺយោងទៅលើកំណត់ត្រាជាប្រវត្តិសាស្ត្រអស់ពេលដ៏យូរអង្វែងទៅលើព្រះអាទិត្យ ដោយយកការរាប់ចំនួននៃចំណុចខ្មៅព្រះអាទិត្យ (sunspot), ស្ថិតិកម្រិតខ្ពស់ និងគំរូនៃឌីណាម៉ូព្រះអាទិត្យ, ជាលំហូរនៃធាតុក្តៅ និងផ្លាស្មានៅក្នុងខ្លួនព្រះអាទិត្យ ដែលជាកត្តាជំរុញឲ្យមាននូវ ដែនម៉ាញេទិចចេញមកក្រៅ ហើយទាំងអស់នេះ គឺជាការជំរុញឲ្យមាន «វដ្តព្រះអាទិត្យ»។

ជុំវិញការបញ្ចេញលទ្ធផលព្យាករណ៍ថ្មីនេះ អ្នកវិទ្យាសាស្ត្រផ្នែកព្រះអាទិត្យមួយរូបឈ្មោះ Mark Miesch របស់ NOAA បានលើកឡើងនៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «យើងសង្ឃឹមថា ការព្យាករណ៍ជាថ្មីរបស់យើងនេះ នឹងប្រសើរជាការព្យាករណ៍ ដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ២០១៩។ មិនដូចការព្យាករណ៍មុនៗនោះទេ ដោយលើកនេះ យើងនឹងបញ្ចេញលទ្ធផលតាមដានជារៀងរាល់ខែតែម្តង នៅរាល់ពេលដែលការអង្កេត ចំណុចខ្មៅព្រះអាទិត្យ ត្រូវបានធ្វើឡើង…»។

លទ្ធផលអង្កេតប្រចាំខែដោយ NOAA លើវត្តមាន Sunspot និងសកម្មភាពព្រះអាទិត្យ (រូបភាពពី NOAA)

សម្រាប់សហរដ្ឋអាមេរិក នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ គឺជាពេលវេលានៃបាតុភូត «សូរ្យគ្រាសពេញលេញ (Total Solar Eclipse)» ដោយរដ្ឋជាច្រើននឹងអាចមើលឃើញ។ ចំណុចពិសេស គឺស្ថិតនៅត្រង់វេលានោះ គឺចំពេលដែលវដ្តព្រះអាទិត្យ ជិតឈានជិតដល់ចំណុចកំពូល (Solar Maximum)។ នៅពេលព្រះចន្ទគោចរមកដល់ចំណុច ដែលត្រូវបិទបាំងវត្តមានពន្លឺព្រះអាទិត្យ មិនឲ្យចាំងមកលើរដ្ឋទាំងនោះ ភាពកញ្ជ្រោលនៃស្រទាប់ខូរ៉ូណា (Corona) របស់ព្រះអាទិត្យ នឹងអាចឲ្យគ្រប់គ្នាអង្កេតមើលបាន នៅជុំវិញវត្តមានថាសខ្មៅ (ព្រះចន្ទ) ហើយក៏នឹងចេញពន្លឺជាពណ៌ផ្កាឈូកផងដែរ នៅជុំវិញថាសខ្មៅនោះ។

  • តើវដ្តព្រះអាទិត្យលើកនេះ (Solar Cycle 25) ដែលនឹងឈានដល់កម្រិតកំពូល លឿនជាងការព្យាករណ៍ពីមុន១ឆ្នាំ នឹងប៉ះពាល់ដល់ភពផែនដីដូចម្តេច?

ប្រសិនបើស្ថានភាពព្រះអាទិត្យ វិវដ្តទៅដូចនឹងការព្យាករណ៍ថ្មីខាងលើនេះ (អំលុងខែមករា ដល់ខែតុលា ឆ្នាំ២០២៤) នោះយើងនឹងឃើញវត្តមាន ចំណុចខ្មៅព្រះអាទិត្យ (sunspot) កើនឡើង ហើយចលនាកញ្ជ្រោលនៃអណ្តាតភ្លើង ព្រះអាទិត្យដែលនឹងខ្លាំងជាងវដ្តព្រះអាទិត្យលើកមុនៗ នឹងធ្វើឲ្យពន្លឺសំរាំងប៉ូល (Aurora) កើតមានឡើងញឹកញាប់នៅតំបន់ប៉ូលទាំង របស់ផែនដីផងដែរ។

វដ្តដ៏កញ្ជ្រោលរបស់ព្រះអាទិត្យ នឹងមកដល់ឆាប់ៗ ដោយលឿនជាងការព្យាករណ៍ពីមុន១ឆ្នាំ! (មានវីដេអូ)
ព្រះអាទិត្យ និងផែនដី (រូបភាពពី NOAA)

បន្ថែមពីខាងលើនេះ បាតុភូតព្យុះព្រះអាទិត្យ ដែលបង្កឡើងដោយការផ្ទុះជះធាតុផ្លាស្មា ឬភាគល្អិតផ្ទុកបន្ទុកអគ្គិសនីពីស្រទាប់ខូរ៉ូណារបស់ព្រះអាទិត្យ CME (Coronal Mass Ejections) អាចនឹងបង្កការរំខានដល់ ខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីលើផែនដី និងរលកសញ្ញា GPS ព្រមទាំងអាចរុញច្រានផ្កាយរណបតូចៗខ្លះ ឲ្យរបូតចេញពីគន្លងគោចរ។ បន្ថែមពីនេះ រលកវិទ្យុសកម្មដែលនឹងជះមកពីព្រះអាទិត្យក្នុងកម្រិតខ្លាំងក្លាជាងមុន ក៏នឹងបង្កហានិភ័យ ដល់បុគ្គលិកបម្រើការងារផ្នែកអាកាសចរណ៍ និងអវកាសយានិកផងដែរ។

ឱកាសនៃ Solar Maximum ដែលគេឃើញ Sunspot បង្ហាញខ្លួនច្រើន (រូបភាពពីបរទេស)

គួរបញ្ជាក់ថា អង្គការ NASA ក៏កំពុងតាមដានរឿងនេះ ហើយត្រៀមការពារអវកាសយានិក និងបេសកកម្មអវកាសនានារបស់ខ្លួន ចំពោះមុខស្ថានភាពអាក្រក់ នៅក្នុងឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះដែរ។ ពិតណាស់ មនុស្សលោកលើផែនដីនឹងមានសុវត្ថិភាពជាធម្មតា ព្រោះផែនដីយើងមានខែលការពារពីធម្មជាតិ ដើម្បីទប់ទល់នឹងសកម្មភាពពុះកញ្ជ្រោល នៃព្រះអាទិត្យរួចជាស្រេចទៅហើយដូចជា ដែនម៉ាញេទិចដែលបញ្ចេញឥទ្ធិពលពីក្នុងស្នូល រហូតដល់ចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រពីផែនដី និងស្រទាប់បរិយាកាសដ៏ក្រាស់៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/NOAA (ថ្ងៃចន្ទ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣)

480×240 Banner