ប្រទេសសម្បូរព្រៃឈើបំផុតទាំង ១០ លើពិភពលោក! តើប្រទេសណាជាប់លេខ ១…?
(បរទេស)៖ ព្រៃឈើគឺជាផ្នែកដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ច ព្រមទាំងសម្រាប់វប្បធម៌ និងសង្គម នៃប្រទេសនីមួយៗ ហើយត្រូវបានគេថែរក្សាការពារ តាំងតែពីយូរណាស់មកហើយ ដោយសារតែគុណតម្លៃដ៏វិសេសរបស់ពួកវា។ ក្រៅតែពីផ្តល់ផលប្រយោជន៍ដល់វិស័យសេដ្ឋកិច្ច វប្បធម៌ និងសង្គម ព្រៃឈើក៏ដើរតួនាទីក្នុងប្រព័ន្ធអេកូឡូស៊ីដទៃផ្សេងទៀតផងដែរ ដូចជាជួយគ្រប់គ្រងលើវដ្តទឹក, ទប់ស្កាត់សំណឹកដី, គ្រប់គ្រងលំហូរខ្សែទឹក, និងរក្សាលំនាំខ្យល់បក់ជាដើម។ ព្រៃឈើគឺជាធនធានសំខាន់ក្រៃលែង សម្រាប់រាល់ប្រទេសទាំងអស់នៅលើពិភពលោក ប៉ុន្តែប្រភេទ និងគុណភាពរបស់ពួកវា គឺផ្អែកទៅលើកត្តាទីតាំងភូមិសាស្រ្ត។
ខាងក្រោមនេះគឺប្រទេសចំនួន ១០ ដែលមានព្រៃឈើលើផ្ទៃដីលាតសន្ធឹងល្វឹងល្វើយជាងគេបង្អស់ នៅលើពិភពលោក ចាប់ពីតូចទៅធំ៖
១០. ឥណ្ឌា៖ ឥណ្ឌា ដែលជាប្រទេសមានផ្ទៃដីធំជាងគេទី០៧លើលោកនោះ គឺជាតំបន់មួយ ដែលមានភូមិសាស្រ្តយ៉ាងចម្រុះ និងមានព្រៃឈើជាច្រើនប្រភេទខុសៗគ្នា តែមានព្រៃឈើនៅលើផ្ទៃដីតូចជាងគេ ក្នុងចំណោមប្រទេសទាំង១០ ក្នុងបញ្ចីនេះ។
០៩. ឥណ្ឌូណេស៊ី៖ ទោះបីជាប្រទេសទាំងមូលមិនសូវជាធំប៉ុន្មានក្តី ឥណ្ឌូណេស៊ី មានព្រៃទាក់ទាញទឹកភ្លៀង ដ៏ក្រាស់ៗ និងត្រូវបានអភិរក្សយ៉ាងល្អ នៅលើភពផែនដីយើងនេះ ដោយ ៤៦ភាគរយ នៃតំបន់ដីគោកក្នុងប្រទេសប្រជុំកោះ នៅអាស៊ីអាគ្នេយ៍មួយនេះ គឺសុទ្ធតែជាព្រៃឈើ ដែលស្មើនឹងទំហំប្រមាណ ៨៨០,០០០គីឡូម៉ែត្រក្រឡា។
០៨. អាហ្សង់ទីន៖ ប្រជាជាតិនៃតំបន់អាមេរិកខាងត្បូងមួយនេះ មាន ៣២ភាគរយ នៃតំបន់ដីគោករបស់ខ្លួន ដែលត្រូវបានគ្របដណ្តប់ទៅដោយព្រៃឈើ ឬស្មើនឹង ៩៥០,០០០គីឡូម៉ែត្រក្រឡា។
០៧.កុងហ្គោ៖ ស្ថិតនៅឯតំបន់អាហ្រ្វិកកណ្តាល ផ្ទៃដីប្រមាណ៥២ភាគរយ នៃតំបន់ដីគោកក្នុងប្រទេសនេះ គឺជាតំបន់ព្រៃឈើ។
០៦. អូស្រ្តាលី៖ ប្រទេសដែលនៅដាច់ដោយឯងនេះ និងមានលក្ខខណ្ឌអាកាសធាតុ បែបវាលខ្សាច់ស្ងួតហែងទៀតនោះ មានផ្ទៃដីត្រឹម ១៩ភាគរយ ប៉ុណ្ណោះនៃតំបន់ដីរបស់ខ្លួន ដែលគ្របដណ្តប់ដោយព្រៃឈើ ស្មើនឹង ១.៤លានគីឡូម៉ែត្រក្រឡា។
០៥. ចិន៖ ជាប្រទេសដ៏ធំបំផុតនៅលើពិភពលោក ចិនមានតែ ១៨ភាគរយ នៃតំបន់ដីគោករបស់ខ្លួនប៉ុណ្ណោះ ដែលមានវត្តមានព្រៃឈើ ដែលអត្រានេះគឺទាបជាងគេបង្អស់ បើធៀបភាគរយនៃប្រទេសដទៃៗទៀត នៅក្នុងបញ្ចីនេះ ក៏ប៉ុន្តែពុំមែនមានន័យថា ចិនមានព្រៃឈើតិចជាងគេបំផុតនោះឡើយ ព្រោះថាបើគិតជាទំហំព្រៃឈើវិញគឺចិនមានដល់ទៅ ១.៨លានគីឡូម៉ែត្រក្រឡាឯណោះ។
០៤. សហរដ្ឋអាមេរិក៖ នៅអាមេរិកតំបន់ដីគោកប្រហែល ៣០ភាគរយ ត្រូវបានស្រោបដោយព្រៃឈើ ស្មើនឹងជាង ០៣លានគីឡូម៉ែត្រក្រឡា។
០៣. កាណាដា៖ កាណាដា ដែលជាប្រទេសដ៏ធំទីពីរលើលោក មានផ្ទៃដីគោកប្រមាណ ៣០ភាគរយ ដែលត្រូវក្រាលដោយព្រៃឈើ ស្មើនឹង ៣.១លានគីឡូម៉ែត្រក្រឡា ជិតស្មើនឹងប្រទេសឥណ្ឌាមួយទាំងមូល។
០២. ប្រេស៊ីល៖ ប្រេស៊ីលក៏ជាប្រទេសដ៏ធំមួយផងដែរ នៅលើសកលលោក ហើយជាទីជម្រកនៃព្រៃអាម៉ាហ្សូន (Amazonian Rainforest) ដែលជាព្រៃទាក់ទាញដ៏ក្រាស់ជាងគេបំផុត។ ប្រទេសអាមេរិកឡាទីននេះ ត្រូវបានគ្របដណ្តប់ដោយព្រៃឈើប្រហែល ៥៦ភាគរយ នៃតំបន់ដីគោករបស់ខ្លួន ដែលស្មើនឹង ៤.៧លានគីឡូម៉ែត្រក្រឡា។
០១. រុស្ស៊ី៖ មិនត្រឹមតែជាប្រទេស ដែលមានទឹកដីធំជាងគេបង្អស់នោះឡើយ រុស្ស៊ីក៏ជាប្រទេសដែលមានព្រៃឈើធំជាងគេបំផុតផងដែរ គឺច្រើនជាង ៧.៧លានគីឡូម៉ែត្រក្រឡាឯណោះ៕