James Webb និង Chandra រួមដៃគ្នារកឃើញ «Black Hole មហាយក្ស១» នៅឆ្ងាយមែនទែន… (មានវីដេអូ)
(បរទេស)៖ ការរកឃើញប្រហោងខ្មៅមហាយក្ស (Supermassive Black Hole) គឺមិនមែនជារឿងថ្មីឡើយ តែការរកឃើញវត្តមានប្រហោងខ្មៅប្រភេទនេះ ស្ថិតនៅចម្ងាយដ៏សែនឆ្ងាយ ដោយការអង្កេតតាមរយៈកាំរស្មីអ៊ិច (X-rays) គឺជាលើកដំបូងបំផុត និងកំពុងធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រ ចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសអំពីអត្ថប្រយោជន៍របស់វាលើការសិក្សាអំពីប្រធានបទ ឬចម្ងល់ដ៏សំខាន់មួយអំពីទំនាក់ទំនងរវាង Supermassive Black Hole និងកាឡាក់ស៊ីជាទូទៅ។
យើងត្រូវអរគុណដល់ការរួមបញ្ចូលគ្នា នូវសមត្ថភាពរបស់តេឡេស្កូបអវកាស James Webb ដែលមានតួនាទីអង្កេតពន្លឺក្រហមអាំងហ្វ្រា (Infrared Light) និងតេឡេស្កូបអវកាស Chandra ដែលតួនាទីខាងអង្កេតរកកាំរស្មីអ៊ិច (X-ray) នោះទើបយើងអាចសម្រេចបាននូវ ការវែករកវត្តមាន Supermassive Black Hole មួយ ដែលស្ថិតនៅចម្ងាយដ៏សែនឆ្ងាយបែបនោះ។

បើតាមទិន្នន័យរួមបញ្ចូលគ្នារបស់ James Webb និង Chandra ប្រហោងខ្មៅមហាយក្ស ខាងលើនេះ មានម៉ាស់ស្ទើរតែស្មើនឹងម៉ាស់កាឡាក់ស៊ីមេរបស់វាទៅហើយ ខណៈវាត្រូវបានបង្កើតឡើង នៅអំលុងពេលប្រមាណ ៤៧០លានឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍ Big Bang (Big Bang ជាពេលដែលចក្រវាលចាប់កំណើតដំបូងបំផុត កាលពីខ្ទង់ ១៣.៨ពាន់លានឆ្នាំមុននោះ)។
ការរកឃើញនេះ ពិតជាតំរុយដ៏សំខាន់បំផុត ដើម្បីឲ្យយើងឈ្វេងយល់បន្ថែម អំពីរបៀបនៃការកកើតប្រហោងខ្មៅមហាយក្សនានា ដែលតែងតែមានវត្តមាននៅចំកណ្តាលកាឡាក់ស៊ីនានានោះ ព្រោះកន្លងមកនេះក្រុមអ្នកវិទ្យាសាស្ត្រ មិនទាន់អាចស្វែងរកចម្លើយដ៏សមហេតុផលណាមួយ ដើម្បីពន្យល់ឲ្យបានជាក់លាក់នោះឡើយ។
ប្រហោងខ្មៅមហាយក្សខាងលើនេះមានចម្ងាយ ១៣.២ពាន់លានឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានkm) ហើយទំហំដ៏ធំមហិមារបស់វាកំពុងតែបង្កមន្ទិលកាន់តែខ្លាំង ចំពោះទ្រឹស្តីអំពីប្រហោងខ្មៅ និងកាឡាក់ស៊ីបច្ចុប្បន្ន ព្រោះកន្លងមកក្រុមអ្នកវិទ្យាសាស្ត្រតែងតែយល់ស្របថា នៅពេលចក្រវាលចាប់កំណើតឡើងដំបូងៗ ទាំងប្រហោងខ្មៅ និងកាឡាក់ស៊ី សុទ្ធតែមានទំហំតូចៗប៉ុណ្ណោះ។

Supermassive Black Hole ខាងលើនេះ ស្ថិតនៅក្នុងកាឡាក់ស៊ីតូចមួយមានឈ្មោះថា «UHZ1» ដែលម៉ាស់របស់កាឡាក់ស៊ីនេះ ស្មើនឹង ១៤០លានដង នៃម៉ាស់របស់ព្រះអាទិត្យយើង។ James Webb អាចអង្កេតកាឡាក់ស៊ីនេះបាន តាមរយៈបាតុភូត Gravitational Lensing ហើយវាកើតឡើងដោយសារតែ ទំនាញនៃចង្កោមកាឡាក់ស៊ីឈ្មោះ Abell 2744 ដែលស្ថិតនៅពីមុខ (foreground) បានពង្រីកវត្តមាននៃពន្លឺរបស់ UHZ1 ដែលស្ថិតនៅខាងក្រោយ (background) របស់ចង្កោមកាឡាក់ស៊ីនោះ។
ក្រោយមកទៀត Chandra ក៏បានបន្តតាមដានកាឡាក់ស៊ី UHZ1 នោះ អស់រយៈពេល ២សប្តាហ៍ ទើបប្រទះឃើញកាំរស្មីអ៊ិច (X-rays) ដ៏ខ្លាំងក្លា ជះចេញមកពីបន្ទះឌីស (disk) នៃធូលីដែលវិលវល់ ក្រោមដែនអំណាចនៃទំនាញរបស់ Supermassive Black Hole នៅចំកណ្តាលកាឡាក់ស៊ី UHZ1 នោះតែម្តង។

ជុំវិញរបកគំហើញនេះ តារាវិទូមួយរូបឈ្មោះ Ákos Bogdán មកពីមជ្ឈមណ្ឌល Harvard–Smithsonian នៃសហរដ្ឋអាមេរិកបានលើកឡើងថា «យើងត្រូវការ James Webb ដើម្បីសម្លឹងរកមើលកាឡាក់ស៊ីឆ្ងាយណាមួយ ដ៏គួរឲ្យកត់សម្គាល់ ហើយយើងត្រូវការ Chandra ដើម្បីស្វែងរកប្រហោងខ្មៅមហាយក្ស នៅក្នុងកាឡាក់ស៊ីនោះ…»។ នេះជារបកគំហើញថ្មី ចេញពីទិន្នន័យរបស់ Webb ផង និង Chandra ផង។
Supermassive Black Hole ដែលជាបេះដូងរបស់ UHZ1 ខាងលើនេះ អាចមានម៉ាស់ចាប់ ១០-១០០លានដង នៃម៉ាស់របស់ព្រះអាទិត្យយើង ដែលស្ទើរស្មើទៅនឹងម៉ាស់ នៃកាឡាក់ស៊ីមេរបស់វាទៅហើយ។ ជាការពិតណាស់ UHZ1 មានម៉ាស់ និងទំហំតូចនៅឡើយ ព្រោះវាស្ថិតនៅវ័យក្មេង ដែលត្រូវការពេលវេលារាប់ពាន់លានឆ្នាំ ដើម្បីពង្រីកខ្លួន តាមរយៈការរួមបញ្ចូលគ្នា (merging) ជាមួយកាឡាក់ស៊ីដទៃ ឬក៏តាមរយៈការស្រូបទាញពពកឧស្ម័ន នៅតាមតំបន់អន្តរកាឡាក់ស៊ី (intergalactic gas clouds) ជាដើម។ ប៉ុន្តែអ្វីដែលក្រុមអ្នកវិទ្យាសាស្ត្រនៅមិនទាន់យល់ច្បាស់នោះ គឺរបៀបដែល Supermassive Black Hole មួយនេះចាប់កំណើតឡើង និងភាពប្រទាក់ក្រលារបស់វា ជាមួយនឹងកាឡាក់ស៊ីជាមេ។

យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រមានទ្រឹស្តី ២ ដើម្បីពន្យល់អំពីរបៀបកកើតរបស់ ពពួក Supermassive Black Hole ដូចខាងលើនេះ នោះគឺទី១ វាអាចកកើតឡើងដោយសារតែ ការរួមបញ្ចូលគ្នាយ៉ាងឆាប់រហ័សនៃពពួក Black Hole កម្រិតមធ្យម (stellar) ដែលតែងតែកកើតឡើងដោយសារតែការផ្ទុះនៃផ្កាយ។ សម្រាប់ទី២ វិញ គឺ Supermassive Black Hole ទាំងនោះ អាចកកើតឡើងដោយផ្ទាល់តែម្តង ចេញពពួកពពកឧស្ម័ន (gas cloud) ដ៏ធំមហាសាល ដោយបណ្តុំពពកឧស្ម័នមួយអាចមានម៉ាស់ចាប់ពី ១០,០០០ – ១០០,០០០ដង នៃម៉ាស់ព្រះអាទិត្យយើង។
គួរបញ្ជាក់ថា សម្រាប់កាឡាក់ស៊ីនានាបច្ចុប្បន្ន ប្រហោងខ្មៅមហាយក្សដែលស្ថិតនៅចំកណ្តាលពួកវា អាចមានម៉ាស់ច្រើនបំផុតតែ ១ ភាគ ១០ នៃម៉ាស់របស់កាឡាក់ស៊ីទាំងនោះប៉ុណ្ណោះ មិនមែនស្ទើរតែប៉ុនកាឡាក់ស៊ីខ្លួនឯង ដូចប្រហោងខ្មៅរបស់ UHZ1 នោះឡើយ។ បន្ថែមពីនេះ ទាំងកាឡាក់ស៊ីរាងគូទខ្យង (Spiral Galaxy) និងកាឡាក់ស៊ីរាងពងប្រពើ (elliptical galaxy) គឺសុទ្ធតែមានភាពប្រទាក់ក្រលាគ្នា រវាងម៉ាស់កាឡាក់ស៊ី និង Supermassive Black Hole ដែលជាបេះដូងរបស់ពួកវានោះដែរ។

ជុំវិញការយល់ដឹង អំពីការរីកធំធាត់នៃប្រហោងខ្មៅមហាយក្ស ដែលបានកកើតឡើងតែ ៤៧០លានឆ្នាំ បន្ទាប់ពីព្រឹត្តិការណ៍ Big Bang ខាងលើនេះ នឹងពន្យល់យើងអំពីចំណុចសំខាន់មួយ «នោះគឺថាតើភាពប្រទាក់ក្រលាគ្នា រវាងម៉ាស់កាឡាក់ស៊ីទូទៅ និងម៉ាស់ប្រហោងខ្មៅនៅស្នូលរបស់ពួកវា អាចកើតមានឡើងយ៉ាងដូចម្តេច»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA/ESA (ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣)