តើចិនអាចយកគំរូតាង (Sample) ពីភពព្រះអង្គារ មកផែនដីបានមុនសហរដ្ឋអាមេរិកឬទេ? (មានវីដេអូ)
(បរទេស)៖ ចំពោះមុខភាពមិនច្បាស់ នៃបេសកកម្មនាំយកគំរូតាងពីភពអង្គារ (Mars Sample Return ឬ MSR) របស់អង្គការ NASA ដែលកំពុងបន្តនោះ គេសង្កេតឃើញរដ្ឋបាលអវកាសនៃប្រទេសចិន កាន់តែដុតដៃដុតជើង ក្នុងការបំពេញការងារដូចគ្នានេះ ហើយក៏គ្រោងធ្វើឲ្យបានសម្រេច មុនសហរដ្ឋអាមេរិកទៀតផង។
ក្រៅពីចេតនាពង្រីកស្ថានីយអវកាស ធានហ្គុង (Tiangong Space Station) ដែលមានស្រាប់ និងការបង្កើតស្ថានីយស្រាវជ្រាវព្រះចន្ទអន្តរជាតិ (International Lunar Research Station ឬ ILRS) នោះ ប្រទេសចិនក៏កំពុងរៀបចំផែនការ ដើម្បីបញ្ជូនមនុស្សទៅកាន់ភពអង្គារ (Mars) នៅទសវត្សរ៍ខាងមុខផងដែរ។ ដំណើររបស់ចិន ទំនងជាមិនខុសពីសហរដ្ឋអាមេរិកឡើយ នោះគឺការយកព្រះចន្ទជា មូលដ្ឋានហ្វឹកហ្វឺនអវកាសយានិក និងអភិវឌ្ឍបច្ចេកវិទ្យាឲ្យត្រឹមត្រូវជាមុន រួចសឹមបោះជំហានបន្តទៅរកភពអង្គារ។

នៅក្នុងផែនការរបស់ចិន មុនការបញ្ជូនអវកាសយានិកដំបូងទៅភពអង្គារ ដែលចិនផ្ទាល់ហៅថា «ក្រុម taikonauts (astronauts)» នោះ ការទៅយកគំរូតាង ឬសំណាក (sample) ពីភពអង្គារមកកាន់ផែនដី នឹងកើតឡើងមុន ហើយចិនក៏គ្រោងធ្វើរឿងនេះ ឲ្យបានមុនសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបរហូតដល់ទៅ ២ឆ្នាំឯណោះ ខណៈដែលអង្គការ NASA នៃសហរដ្ឋអាមេរិកកំពុងជួបបញ្ហា ដោយសារតែភាពមិនច្បាស់លាស់ នៃថវិកាទ្រទ្រង់គម្រោងដ៏ធំមហិមានេះ។

សម្រាប់បេសកកម្មរបស់ចិនទៅកាន់ភពអង្គារ ដើម្បីដឹកនាំគំរូតាងពីភពអង្គារ ត្រលប់មកកាន់ផែនដីវិញនោះ គឺតាមរយៈយាន ធានវិន ៣ (Tianwen-3) ដោយគ្រោងនឹងចាកចេញពីផែនដីនៅឆ្នាំ២០២៨ រួចត្រលប់មកផែនដីវិញជាមួយ samples ភពអង្គារនៅឆ្នាំ២០៣១។ ដោយឡែកអង្គការ NASA បានគ្រោងនឹងធ្វើបែបនេះឲ្យបានសម្រេចនៅឆ្នាំ២០៣៣ ឯណោះ ប្រសិនបើផែនការបច្ចុប្បន្នមិនជួបភាពរាំងស្ទះ។

យ៉ាងណាក៏ដោយ គេអាចចាត់ទុកថា អង្គការ NASA បានសម្រេចលទ្ធផលពាក់កណ្តាលផ្លូវរួចទៅហើយ ទៅលើគម្រោងដឹកនាំគំរូតាង (sample) មកកាន់ផែនដី នោះគឺតាមរយៈបេសកកម្ម Perseverance ដែលបានទៅដល់ភពអង្គារ តាំងតែពីខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ។ គ្រឿងយន្ត Perseverance ដែលកំពុងស្ថិតក្នុងរណ្តៅ Jezero នៃភពអង្គារ បានជីកយកគំរូតាង (ជាកម្ទេចដុំថ្ម និងដី) រួចច្រកទុកក្នុងបំពង់តូចៗ (tubes) សរុប ២៣បំពង់ហើយ គិតត្រឹមដំណាច់ខែតុលា ឆ្នាំ២០២៣ ក្នុងចំណោមបំពង់សរុបដែលវាត្រូវចកបំពេញចំនួន ៤៣បំពង់។

គួរបញ្ជាក់ថា មុននឹងកើតមានបេសកកម្ម Tianwen-3 ប្រទេសចិនត្រូវបំពេញ បេសកកម្ម Tianwen-2 ឲ្យបានសម្រេចជាមុនសិន នោះគឺជាបេសកកម្មទៅជីក និងប្រមូលទុកគំរូតាងនៅលើភពអង្គារ ហើយយាន Tianwen-2 នោះនឹងត្រូវបាញ់បញ្ជូនចេញពីផែនដី នៅខែឧសភា ឆ្នាំ២០២៥។ នៅក្នុងការកត់សម្គាល់ ទៅលើវិស័យអវកាស និងវិទ្យាសាស្ត្រចិននៅរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ ចិនតែងតែសម្រេចបានស្ទើរតែឥតខ្ចោះ ទៅតាមផែនការមេដែលខ្លួនបានដាក់ចេញ រាប់ចាប់តាំងពីការបញ្ជូនយានទៅផ្នែក Far Side របស់ព្រះចន្ទជាលើកដំបូង, ការបញ្ជូនយានទៅជីកយក Sample ព្រះចន្ទត្រលប់មកផែនដី, បេសកកម្ម Tianwen-1 ដំបូងរបស់ខ្លួនទៅភពអង្គារ និងថ្មីៗនេះគឺការដំឡើង និងគ្រប់គ្រងដោយជោគជ័យ នូវស្ថានីយអវកាសដំបូងរបស់ខ្លួន៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science (ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣)