៥ចំណុចគួរកត់សម្គាល់ ក្រោយការធ្វើតេស្ត Starship «លើកទី២» ទៅកាន់គន្លងគោចរផែនដី (មានវីដេអូ)

1,013

(អាមេរិក)៖ យើងពិតជាអាចចាត់ទុកថា ការធ្វើតេស្តដ៏អស្ចារ្យរបស់នាវាអវកាស (Starship) របស់ក្រុមហ៊ុន SpaceX កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នោះ ជាកំណត់ត្រាថ្មីមួយទៀតរបស់ប្រវត្តិសាស្ត្រមនុស្សជាតិ ឬយ៉ាងហោចណាស់ នៅក្នុងកំណត់ហេតុរបស់អ្នកស្នេហា វិស័យអវកាស និងវិទ្យាសាស្ត្រ។ ខាងក្រោមនេះជា ៥ ចំណុចសំខាន់ៗ អំពីការធ្វើតេស្តលើកទី ២ នៃនាវាអវកាសទៅកាន់គន្លងគោចរ ជុំវិញភពផែនដី (Starship Orbital Flight Test 2)៖

១៖ ជោគជ័យនៃដំណាក់កាល Hot staging៖ ដំណើរការនៃ Hot Staging ឬ First staging ដែលជាពេលនាវាអវកាស Starship (រហស្សនាម Ship 25) និងរ៉ុក្កែតយក្ស Super Heavy (រហស្សនាម Booster 9) ត្រូវផ្តាច់ខ្លួនចេញពីគ្នា ខណៈកំពុងហោះឡើងយ៉ាងលឿន និងប្រកបដោយភាពក្តៅគគុក ដោយសារតែពុះជ្រែកបរិយាកាសផែនដីនោះ បានបង្ហាញអំពីដំណើរការយ៉ាងរលូន។ វាប្រៀបបីជាការការរាំរបាំបាឡេដ៏ស្អាត តែមានការបំផ្ទុះផាវអបអរនៅជុំវិញ។

ដំណើរការនៃ Hot-Staging (រូបភាពពី SpaceX)

២៖ ម៉ាស៊ីនទាំងអស់ដំណើរការ៖ ម៉ាស៊ីន (Raptor) សរុបទាំងអស់ ៣៣គ្រឿង ត្រូវបានគេមើលឃើញថា ដំណើរការទាំងអស់។ ប្រការនេះមានន័យថា រ៉ុក្កែត Booster បានដំណើរការយ៉ាងល្អពេញលេញ គិតចាប់តាំងពីការហោះឡើងពីផ្ទៃផែនដី រហូតដល់ដំណាក់កាលដ៏សំខាន់បំផុតគឺ Hot-Staging កើតឡើង។ ម៉ាស៊ីនរបស់ Booster ពិតជាច្រើនណាស់ ហើយម៉ាស៊ីននីមួយៗ សុទ្ធតែមានតួនាទីសំខាន់ក្នុងរក្សាលំនឹង និងជំរុញល្បឿនរបស់រ៉ុក្កែត។

ម៉ាស៊ីន Raptor ៣៣គ្រឿងដំណើរការទាំងអស់ (រូបភាពពី SpaceX)

៣៖ ចំណុច Max Q និងដំណាក់កាលបញ្ឆេះម៉ាស៊ីនលើកទី ២ (Second Stage)៖ នាវាអវកាស Ship 25 បានហោះឡើងដល់ចំណុចសំខាន់មួយគឺ Max Q ជាចំណុចដែលសម្ពាធថាមវន្ត (dynamic pressure) ឈានដល់កម្រិតកំពូល រួចបន្ទាប់មកទើបវាឈានដល់ ដំណាក់កាលទី ២ ដែលត្រូវបញ្ឆេះម៉ាស៊ីន (Raptor) ទាំង ៦ របស់វា ដើម្បីជំរុញល្បឿនទៅមុខទៀត។ វាប្រៀបបីជារបៀបដែលត្រូវធ្វើ បន្ទាប់ពីការផ្តាច់ខ្លួនពីរ៉ុក្កែត ហើយវាបានបញ្ចេញពណ៌ចំរុះជាច្រើនលើអាកាស។

Ship 25 ឡើងដល់កម្រិត Max Q (រូបភាពពី SpaceX)

៤៖ ការចុះមកវិញរបស់ Booster៖ ការចុះមកវិញរបស់ Booster 9 ហាក់ដូចជារដិបរដុបបន្តិច។ យើងមិនទាន់ដឹងថា តើមានអ្វីខ្លះដែលបានដំណើរការខុសឆ្គងនោះឡើយ។ ប៉ុន្តែយើងនៅតែអាចសន្មត់ ទៅតាមភាពជាក់ស្តែងថា Booster 9 បានចុះមកវិញ (ទម្លាក់ខ្លួនដើម្បីកម្ទេចចោល) ដោយរដិបរដុប តែបានសម្រេចគោលដៅ នោះគឺទៅក្នុងឈូងសមុទ្រម៉ិកស៊ិក។ វាមិនសូវខុសពីការព្យាយាមរកន្លែងចតរថយន្ត ពេលដែលចំណតកំពុងកកស្ទះនោះឡើយ គ្រាន់តែជាក់ស្តែង គឺរ៉ុក្កែតនោះពិតជាធំធេងណាស់ ហើយទីអវកាសក៏ល្វឹងល្វើយថែមទៀត។

(រូបភាពពី SpaceX)

៥៖ ឥរិយាបថជារួមរបស់ Ship 25៖ នាវាអវកាស Ship 25 បានបង្ហាញពីដំណើរការល្អភាគច្រើន ប៉ុន្តែវាហាក់ដូចជាមានបញ្ហាមួយ ទាំងមុន និងក្រោយពេលម៉ាស៊ីនរបស់វាបិទដំណើរការ (ក្រុមជំនាញ SpaceX អាចពន្យល់នៅថ្ងៃមុខ)។ Starship មានបំពាក់ប្រព័ន្ធមួយហៅថា «Automated Flight Termination System» ដោយវាអាចបំផ្លាញខ្លួនឯងចោលលើអាកាសបាន ក្នុងករណីមានភាពមិនប្រក្រតីកើតឡើង។ ដូច្នេះ Starship បានបំផ្ទុះខ្លួនឯងនៅទីអវកាស បន្ទាប់ពីដាច់ការទាក់ទងនៅរយៈពេល ៨នាទី ក្រោយហោះឡើងពីផ្ទៃដី ទៅដល់រយៈកម្ពស់ ១៤៨គីឡូម៉ែត្រ។

(រូបភាពពី SpaceX)

ទោះជាយ៉ាងណាក៏ដោយ ចូរគ្រប់គ្នាចងចាំថា ការហោះហើរនៃ Starship កន្លងមកនេះ គឺជាការធ្វើតេស្ត ហើយបច្ចេកវិទ្យាគ្រប់យ៉ាងដែលត្រូវយកទៅប្រើប្រាស់ជាផ្លូវការបាន នោះគឺត្រូវការការធ្វើតេស្តរហូតបានសម្រេច ១០០%។ មិនខុសពីបច្ចេកវិទ្យាចុះចត Booster នៃរ៉ុក្កែតអាចប្រើប្រាស់ឡើងវិញ (Reusable Rocket) នោះឡើយ ដោយ SpaceX បានធ្វើតេស្តជាច្រើនដង រហូតដល់បានសម្រេចនៅលើកទី ២០ នៅខែធ្នូ ឆ្នាំ២០១៥។

វីដេអូជារួមនៃការធ្វើតេស្ត Ship 25 និង Booster 9

គួរបញ្ជាក់ថា ក្រុមហ៊ុនអវកាសឯកជនអាមេរិក SpaceX បានចាប់ផ្តើមការធ្វើតេស្ត នាវាអវកាស Starship ឲ្យហោះឡើងទៅកាន់គន្លងគោចរជុំវិញភពផែនដីជាលើកទី ២ (Starship Orbital Flight Test 2) ហើយ ដោយ Starship មានរហស្សនាមថា «Ship 25» ត្រូវបានដាក់បន្តុបពីលើរ៉ុក្កែតយក្ស Super Heavy ដែលមានរហស្សនាមថា «Booster 9» (សរុបចូលគ្នាមានទម្ងន់ជាង ៥,០០០តោន និងកម្ពស់ ១២១ម៉ែត្រ) នៅវេលាម៉ោង ៧៖០០នាទីព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ (ម៉ោងនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ៨៖០០នាទីយប់ថ្ងៃដដែល (ម៉ោងនៅប្រទេសកម្ពុជា)៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព និងរូបភាព៖ SpaceX via X (Twitter)

480×240 Banner